ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ចិន​ចង់​ផ្លាស់ប្តូរ​ការ​គិត​មក​លើ​ខ្លួន​តាមរយៈ​ការផ្តល់​ជំនួយ​ទៅ​កាន់​ប្រទេស​ដែល​ប្រជែង​អធិបតេយ្យភាព​ដែន​សមុទ្រ


បុគ្គលិក​ធ្វើ​ការ​រើ​ជំនួយ​វេជ្ជសាស្ត្រ​ចេញ​ពី​យន្តហោះ​ដឹក​ទំនិញ​នៅ​អាកាសយានដ្ឋាន Baghdad នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
បុគ្គលិក​ធ្វើ​ការ​រើ​ជំនួយ​វេជ្ជសាស្ត្រ​ចេញ​ពី​យន្តហោះ​ដឹក​ទំនិញ​នៅ​អាកាសយានដ្ឋាន Baghdad នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន បាន​ទទួល​សម្ភារៈ​ផ្គត់ផ្គង់​ដើម្បី​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​១៩ នៅ​ខែ​ឧសភា​កន្លង​ទៅ​នេះ ពី​កងទ័ព​រំដោះ​ប្រជាជន​ចិន។ ការ​ផ្តល់​ជំនួយ​របស់​យោធា​ចិន​នេះ ត្រូវ​បាន​គេ​ជឿ​ថា ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ការគិត​វិជ្ជមាន​មក​ខ្លួន។

កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ដើម្បី​បន្ថយ​ការគិត​អវិជ្ជមាន​មក​លើ​ខ្លួន កងកម្លាំង​ប្រដាប់​អាវុធ​របស់​ចិន បាន​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​ទប់ស្កាត់នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចំនួន​៤ ដែល​មាន​ជម្លោះ​រឿងការកាន់កាប់​របស់​យោធា​នៃ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទៅ​លើ​ដែន​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន។

បណ្តាញ​ទូរទស្សន៍​សាកល​ចិន​ China Global Television Network ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​រាយការណ៍​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន បាន​បញ្ជូន​សម្ភារៈ​ដើម្បី​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ទៅ​កាន់​ប្រទេស​ចំនួន​១២ តាម​រយៈ​យន្តហោះ​ទ័ព​អាកាស។ ក្នុង​ចំណោម​នោះ ក៏​មាន​ប្រទេស ដែល​ប្រជែង​ទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ ដូចជា​ប្រទេស​ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន។ បណ្តាញ​ទូរទស្សន៍​ខាង​លើ​រាយការណ៍​ទៀត​ថា កងកម្លាំង​ប្រដាប់​អាវុធ​មក​ពី​ប្រទេស​ទាំង​១២ បាន​ស្នើសុំ​ជំនួយ​នេះ។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី និង​ហ្វីលីពីន មាន​ជម្លោះ​លើ​ចំណែក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ​៣លាន ៥ សែន គ.ម.​ការ៉េ ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ប្រទេស​ឥណ្ឌូណេស៊ី​មិន​មាន​ជម្លោះ​ដែនដី​នោះ​ទេ​ ប៉ុន្តែ​បាន​បញ្ឈប់​កប៉ាល់​ចិន ដែល​ចូល​ទៅ​ក្បែរ​កោះ​មួយ​នៃ​ប្រជុំ​កោះ​ដាច់​ស្រយាល​របស់​ខ្លួន។ ប្រទេស​តូច​ជាង​ចិន​ទាំង​នេះ ជា​ធម្មតា​គិត​ថា ខ្លួន​ស្មើ​នឹង​យោធា​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​យោធា​ខ្លាំង​បំផុត​ទី៣​ក្នុង​ពិភពលោក ដោយ​មាន​កប៉ាល់ ឃ្លាំង​ផ្ទុក​យន្តហោះ និង​ផ្លូវ​រត់​ហោះហើរ​សម្រាប់​យន្តហោះ​ចម្បាំង ដែល​ប្រើប្រាស់​ដើម្បី​ទាមទារ​ការគ្រប់គ្រង​នៅ​ក្នុង​ផ្ទៃ​ទឹក​ដែល​មាន​ជម្លោះ។

អ្នក​វិភាគ​និយាយ​ថា ជំនួយ​សម្រាប់​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ នឹង​បន្ថយ​ការគិត​អវិជ្ជមាន​មក​លើ​ចិន។

លោក Huang Kwei-bo ព្រឹទ្ធបុរសរង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ជាតិ Chengchi នៅ​ក្នុង​ក្រុង​តៃប៉ិ​ និយាយ​ក្នុង​សម្តី​ដើម​ថា៖

«វា​ជា​ឥទ្ធិពល​សាធារណៈ​ដ៏​វិជ្ជមាន​ខ្លាំង​មួយ។ ជា​ឧទាហរណ៍ ឥទ្ធិពល​នៃ​ជំនួយ​នេះ អាច​នឹង​ខ្លាំង​ជាង​ការ​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​កំពង់ផែ​នៃ​ប្រទេស​មួយ​ផ្សេង​ទៀត​ផង ដោយសារ​វា​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​បញ្ហា​សុខភាព​មនុស្ស»។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន Xinhua បាន​រាយការណ៍​ថា យន្តហោះ​ដឹក​ទំនិញ​របស់​ចិន​បាន​នាំ​យក​ម៉ាស​សម្រាប់​បុគ្គលិក​ពេទ្យ វ៉ែនតា​ការពារ សម្លៀក​បំពាក់​ការពារ និង​ឧបករណ៍​ការពារ​មិន​ជ្រាប​ទឹក​ទៅ​ឱ្យ​ប្រទេស​ព្រុយណេ កាលពី​ថ្ងៃទី១២ ខែឧសភា។ ទីភ្នាក់ងារ​ព័ត៌មានXinhua បាន​រាយការណ៍​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន បាន​ធ្វើ​សន្និសីទ​តាម​វីដេអូ​មួយ​ជាមួយ​នឹង​សមភាគី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​នៅ​ក្នុង​ខែ​ឧសភា​កន្លង​នេះ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​។

លោក Derek Grossman ដែល​ជា​អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​ការពារ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ឈ្មោះ RAND Corp. បាន​និយាយ​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​នេះ នឹង​ទទួល​យក​ជំនួយ​របស់​យោធា​ចិន និង​មើល​ឃើញ​ថា វា​ជា​យុទ្ធនាការ​របស់​ចិន​ដើម្បី​ឱ្យ​ខ្លួន​មើល​ទៅ​មាន​ភាពមនុស្សធម៌​ជាង​គូប្រជែង​ផ្នែកភូមិសាស្ត្រ​នយោបាយ​ដ៏​យូរយារ​ណាស់​មក​ហើយ​របស់​ខ្លួន គឺ​សហរដ្ឋ​អាមេរិក។ លោក​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹម​ថា នឹង​យក​ឈ្នះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដោយសារ​ចំនួន​ជំនួយ និង​ល្បឿន​នៃ​ការ​បញ្ជូន​ជំនួយ​របស់​ខ្លួន។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​១៨លាន ៣សែន​ដុល្លារ សម្រាប់​ជំនួយ​មនុស្សធម៌ និង​ផ្នែក​សុខភាព​បន្ទាន់ ទៅ​ឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍ គិត​ត្រឹម​ថ្ងៃទី៣១ ខែមីនា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។​

ជំនួយ​សប្បុរស​ដែល​មិនមែន​ពី​យោធា​នៅ​ក្នុង​ប្រទេស​ចិន បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​អាស៊ីអាគ្នេយ៍​ភាគច្រើន ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក​ម្ល៉េះ។

ប្រទេស​ព្រុយណេ​ក្នុង​នាម​ជា​អ្នក​ទទួល​ការ​វិនិយោគ​ចិន​រយៈពេល​យូរ​មក​ហើយ​នោះ កម្រ​រិះគន់​ប្រទេស​ចិន​ចំពោះ​បញ្ហា​សមុទ្រ​ណាស់។ ប៉ុន្តែ ប្រទេស​ម៉ាឡេស៊ី​បាន​តតាំង​ជាមួយ​ចិន ដោយ​ដាក់​ឯកសារ​កាលពី​ខែ​ធ្នូ​ទៅ​កាន់​គណៈកម្មការ​របស់​អង្គការ​សហប្រជាជាតិ​អំពី​ផែនការក្នុង​ការ​ពង្រីក​សិទ្ធិ​ដែន​សមុទ្រ​ឱ្យ​ហួស​ពី​ចម្ងាយ​៣៧០គ.ម.​ចេញ​ពី​បណ្តោយ​ឆ្នេរ​របស់​ខ្លួន។ កាលពី​ថ្ងៃទី៣០ ខែមេសា ប្រទេស​ហ្វីលីពីន​បាន​ច្រានចោល​នូវ «ការ​ចាត់តាំង​ដោយ​ខុស​ច្បាប់» របស់​ចិន​ចំពោះ​កោះ Fiery Cross Reef ថា ជា​មជ្ឈមណ្ឌល​រដ្ឋបាល​មួយ។

លោក Grossman បាន​និយាយ​ថា ប្រទេស​ទាំង​នេះ​នឹង​និយាយ​ប្រឆាំង​ម្តង​ទៀត ទោះ​ជា​មាន​ជំនួយ​ផ្នែកវេជ្ជសាស្ត្រ​ក៏​ដោយ ហើយនឹង​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ផ្តាច់​ចំណង​ទាក់ទង​ប្រសិន​បើ​និយាយ​ប្រឆាំង​ខ្លាំង​ពេក។ លោក Grossman បាន​និយាយ​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ពួកគេ​អាច​ធ្វើការ​បែងចែក​បាន​យ៉ាង​ល្អ។ ពួកគេ​អាច​ទទួល​យក​ជំនួយ ប៉ុន្តែ​នៅ​តែ​រិះគន់»៕

XS
SM
MD
LG