សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើពួកសកម្មប្រយុទ្ធពីរក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប្រទេសស៊ីរី និងក្រុមហ៊ុនអាកាសចរណ៍ដែលជួយដឹកជញ្ជូនអាវុធទៅប្រទេសស៊ីរី។ ការដាក់ទណ្ឌកម្មថ្មីនេះត្រូវបានធ្វើឡើងនៅស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរៀបចំដកកងទ័ពចេញពីប្រទេសស៊ីរីដែលហែកហួរដោយសារសង្គ្រាម។
លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកបានថ្លែងថា៖ «របបឃោរឃៅអ៊ីរ៉ង់បានកេងប្រវ័ញ្ចសហគមន៍ជនភៀសខ្លួននានានៅប្រទេសអ៊ីរ៉ង់ ហាមឃាត់មិនឲ្យពួកគេទទួលសេវាកម្មជាមូលដ្ឋានផ្សេងៗដូចជាសិទ្ធិទទួលបានការអប់រំជាដើម និងយកពួកគេធ្វើជាឃែលការពារក្នុងជម្លោះនៅប្រទេសស៊ីរីថែមទៀតផង»។
លោកMnuchin បានថ្លែងតាមរយៈសេចក្តីថ្លែងការមួយថា«ការដាក់ទណ្ឌកម្មរបស់ក្រសួងហរិញ្ញវត្ថុទៅលើពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ និងបណ្តាញនានានៅបរទេសគឺជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធរបស់យើងដើម្បីលុបបំបាត់បណ្តាញខុសច្បាប់ទាំងនេះ ដែលរបបនេះប្រើប្រាស់ដើម្បីបង្កសកម្មភាពភេរវកម្ម និងបង្កភាពចលាចលនៅទូទាំងសកលលោក»។
ពួកសកម្មប្រយុទ្ធពីរក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ក្រុមហ៊ុនអាកាសចរណ៍ Qeshm Fars Air ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ និងក្រុមហ៊ុន Flight Travel LLCដែលមានមូលដ្ឋាននៅប្រទេសអាមេនី មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍ Mahan Air និងអង្គភាពកងទ័ពរបស់អ៊ីរ៉ង់៕