ពួកមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក កំពុងនិយាយសម្រាលពីរបាយការណ៍របស់កាសែត Wall Street Journal ថា លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកកំពុងគិតអំពីការលុបចោលពន្ធគយលើទំនិញនាំចូលខ្លះឬទាំងអស់របស់ចិន។
អ្នកនាំពាក្យក្រសួងរតនាគារបាននិយាយកាលពីថ្ងៃព្រហស្បត៍ថា៖ «ទាំងលោករដ្ឋមន្រ្តី Mnuchin ឬលោកឯកអគ្គរដ្ឋទូត Lighthizer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក មិនបានធ្វើអនុសាសន៍ទៅកាន់នរណាម្នាក់ទាក់ទិននឹងពន្ធគយឬ ផ្នែកនានានៃការចរចាជាមួយចិន។ នេះជាដំណើរការកំពុងបន្តមានឡើងជាមួយចិនដែលមិនបានបញ្ចប់នៅពេលឆាប់ៗនេះទេ»។
ផ្សារភាគហ៊ុនសហរដ្ឋអាមេរិកមានតម្លៃខ្ពស់នៅពេលបិទកាលពីថ្ងៃព្រហស្បត៍ ទំនងមកពីប្រតិកម្មនៃសេចក្តីរាយការណ៍របស់កាសែត Journal ថ្វីបើមានការបដិសេធរបស់ក្រសួងរតនាគារក៏ដោយ។
លោក Liu He ឧបនាយករដ្ឋមន្រ្តីចិន នឹងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅចុងខែ នេះដើម្បីធ្វើការចរចាបន្ថែមទៀត។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានប្រកាសការផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃកាលពីខែមុន។
ក៏ប៉ុន្តែ ប្រសិនបើ កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះមិនដំណើរការទេ សហរដ្ឋអាមេរិក នឹងបង្កើនពន្ធគយពី១០ភាគរយលើទំនិញចិនដែលមានតម្លៃ២០០ពាន់លានដុល្លារទៅដល់២៥ភាគរយនៅខែមិនាខាងមុខនេះ ជាចំណាត់ការមួយដែលគ្មានការងឿងឆ្ងល់ឡើយថា នឹងមានសងសឹកពីប្រទេសចិន។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្អូញត្អែជាយូរយាណាស់មកហើយអំពីអំពើអយុត្តិធម៌នៅក្នុងការធ្វើពាណិជ្ជកម្ម រួមមានការចោទប្រកាន់ពីការលួចកម្ម សិទ្ធបញ្ញាហើយនិងការដាក់គំនាបឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកចែករំលែកបច្ចេកវិទ្យា ប្រសិនបើ ក្រុមហ៊ុនអាមេរិកទាំងនោះចង់ធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិន៕