ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តីស្នើ​ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជាសារ​ជាថ្មី​ ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ Biden​ ​


រូប​ឯកសារ៖ កិច្ច​ប្រជុំ​​រដ្ឋសភា​មួយ​ដឹកនាំ​ដោយ​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក​ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ កិច្ច​ប្រជុំ​​រដ្ឋសភា​មួយ​ដឹកនាំ​ដោយ​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក​ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១។

រដ្ឋសភា​សហអាមេរិកបាន​អនុម័ត​នូវ​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី «លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» ថ្មី​មួយ​ទៀត​លេខ​ H.R.4686 កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះដែល​មាន​គោល​ដៅ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមមន្ត្រី​កម្ពុជា​ដែល​ត្រូវ​រក​ឃើញ​ថា​ជា​អ្នកទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

សេចក្តី​ស្នើ​ច្បាប់ដែល​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ Joe Biden ​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​សេចក្តី​ស្នើ​ច្បាប់​មុនៗ ដែល​ធ្វើ​ឡើង​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​ឆ្នាំ​២០១៨​ និង​២០១៩​ប៉ុន្តែ​ព្រឹទ្ធសភា​អាមេរិក​មិន​បង្ហាញ​ការយក​ចិត្តទុកដាក់​លើ​សេចក្តីស្នើ​ច្បាប់​ទាំង​នោះទេ។

ប្រសិន​បើសេចក្តី​ស្នើច្បាប់​ថ្មី​លេខ​ H.R.4686 ​ហៅថា​ Cambodia Democracy Act ​of 2021 ចូល​ជា​ធរមាន​ពោល​គឺមាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​និង​ចុះ​ហត្ថ​លេខា​ដោយ​លោកប្រធានាធិបតី​ Biden នោះ​វា​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អាចបង្កក​រាល់​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក រឹតត្បិត​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ហាមឃាត់​មិន​ឲ្យ​ជាន់លើ​ទឹក​ដីសហរដ្ឋ​អាមេរិក​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល យោធា និង​កងកម្លាំង​សន្តិសុខ​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​អាមេរិក​ចាត់​ទុក​ថា បាន​ធ្វើ​ឲ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​ដោយ​ផ្ទាល់​និង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

ក្រុម​សមាជិក​រដ្ឋសភា​អាមេរិក​មក​ពី​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋបាន​បោះឆ្នោត​ជា​សំឡេង​យល់ស្រប​ចំនួន ៤០៣​សំឡេង សំឡេង​ជំទាស់​ចំនួន ១៧ និង​អនុប្បវាទ​ចំនួន ១២​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី «លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» លេខ​ H.R.4686 នោះ។

បន្ទាប់​ពី​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​កិច្ច​ប្រជុំសភា​ពេញ​អង្គ​នៅ​រដ្ឋសភា​សេចក្តី​ស្នើ​ច្បាប់នេះ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​និង​អនុម័ត។ ហើយ​បន្ទាប់​មក​សេចក្តី​ស្នើ​ច្បាប់​ដដែល​នោះ​នឹង​ត្រូវ​បញ្ជូនទៅ​ការិយាល័យ​របស់​ប្រធានា​ធិបតីអាមេរិក ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ។

សេចក្តី​ស្នើ​ច្បាប់​ស្តីពី «លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា» ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​លោក Steve Chabot​ សមាជិក​រដ្ឋសភា​មួយ​រូប​នៃ​គណ​បក្ស​សាធារ​ណរដ្ឋ​មក​ពី​រដ្ឋ Ohio និង​លោក Alan Lowenthal សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ California និង​ជា​សហប្រធាន​ក្រុម​សមាជិក​សភា​ចម្រុះ​គណបក្ស​ដែល​គិតគូ​ពី​បញ្ហា​កម្ពុជា​(The Congressional​ Caucus ​of Cambodia)។

រូប​ឯកសារ៖ សមាជិក​សភា​អាមេរិកលោក Alan Lowenthal កាល​ពី​ឆ្នាំ​២០១៧។
រូប​ឯកសារ៖ សមាជិក​សភា​អាមេរិកលោក Alan Lowenthal កាល​ពី​ឆ្នាំ​២០១៧។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក សមាជិក​សភា​អាមេរិក​លោក Alan Lowenthal បាន​សាទរ​ការ​អនុម័ត​សេចក្តីព្រាង​ច្បាប់​ខាង​លើ​នេះ​ពី​សំណាក់​សភា​អាមេរិក​ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ។

លោក​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ទោះ​បី​ជា​មាន​ចំណាត់ការ​ជា​បន្តបន្ទាប់​ដោយ​សហរដ្ឋអាមេរិក​និង​សហគមន៍​អន្តរជាតិ របប​ផ្តាច់ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ច្រានចោល​ការ​សន្យា​និង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​លោក​បាន​ព្រមព្រៀង​នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១»។

លោក​ Lowenthal បាន​បន្ត​ថា៖ «ដោយ​មាន​ចាប់​ពី​ការ​បំបិទ​សេរីភាព​សារព័ត៌មាន ការ​បង្ក្រាប​លើ​គូ​ប្រជែង​នយោបាយ​ការ​លុប​បំបាត់​ចោល​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ និង​បន្ទាប់​មក​បាន​ប្រកាស​ខ្លួន​ឯង​ជា​ជម្រើស​របស់​ប្រជាជន របប​ដឹកនាំ​របស់​លោក​ ហ៊ុន សែន បន្ត​ធ្វើ​អ្វី​គ្រប់យ៉ាង​នៅ​ក្នុង​អំណាច​ខ្លួន​ដើម្បី​បំផ្លាញ​ក្តីសង្ឃឹម​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សេចក្តីស្នើ​ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ជា សំណង​មួយ​ដែល​លោក​ ហ៊ុន សែន និង​របប​របស់​លោក​ត្រូវ​រ៉ាប់រង​ត្រឡប់​ទៅ​វិញ ចំពោះ​ការ​វាយប្រហារ​ឥតស្រាកស្រាន្តមក​លើ​សេរីភាព​របស់​ប្រជាជន​កម្ពុជា»។

រូប​ឯកសារ៖ លោក Steve Chabot សមាជិក​រដ្ឋសភាអាមេរិក ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ឆ្នាំ​២០១៩។
រូប​ឯកសារ៖ លោក Steve Chabot សមាជិក​រដ្ឋសភាអាមេរិក ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ឆ្នាំ​២០១៩។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ផៃ ស៊ីផានប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​អនុម័ត​លើ​សេចក្តីស្នើ​ច្បាប់​ខាង​លើ​ពី​សំណាក់​សភា​អាមេរិក​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណោះ ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំងពី​ស្ថានភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «អាហ្នឹង​ជា​សិទ្ធិ​ហ្នឹង​អធិបតេយ្យភាព​របស់​សភា​អាមេរិក អា​ហ្នឹង​ជា​រឿង​នយោបាយ​សុទ្ធសាធ​មិនមែន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ឆ្លើយ​តប​នឹង​ការ​ពិត​នៃ​ការ​ចោទប្រកាន់​នោះ​ទេ»។

លោក ផៃ ស៊ីផាន បាន​បន្ត​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​គឺ​គ្រាន់​តែ​ជា​ការដាក់​សម្ពាធ​មក​លើ​បុគ្គលមួយ​ចំនួន​តែ​ប៉ុណ្ណោះ ហើយ​មិនមែន​លើ​ប្រទេស​កម្ពុជា​ទាំង​មូល​នោះ​ទេ។ លោកបានបន្ថែម​ថាកិច្ចសហប្រតិបត្តិការ​នានា​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​គឺ​មាន​ជា​ធម្មតា​ ហើយថា រឿង​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ​គឺ​សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​កម្ពុជា​ធ្វើ​តាម​បំណង​អ្វី​មួយដែល​ខ្លួន​ចង់​បាន​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន បាន​និយាយ​ថា ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​ចេញ​ជា​សេចក្តីស្នើ​ច្បាប់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កម្ពុជា ប៉ុន្តែ​លោក​យល់​ថា សេចក្តីស្នើ​ច្បាប់​ទាំង​នោះ​មិនមាន​ឥទ្ធិពល​ណា​មួយ​មក​លើ​ដំណើរការរបស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «យើង​អត់​មាន​ធ្វើ​អី​ទេ អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់។ គាត់​ចង់​ធ្វើ​អី​ស្រេច​តែ​គាត់​ទៅ គាត់​ចង់​ទៅ​ជា​មេ​សង្ក្រាញ​នៅ​លើ​ពិភពលោកទៅ​ហើយ។ ដូច្នេះ​យើង​អត់​មាន​មតិ​អី​ទេ​ចង់​ធ្វើ​អី​ធ្វើ​ទៅ។ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា ទោះ​ច្បាប់​ហ្នឹង​ចេញ​ឬ​មិន​ចេញ​យ៉ាងណា វា​អត់​មាន​ប្រសិទ្ធភាព​អី​ដល់​ការ​អនុវត្ត​នៅ​ផ្ទៃ​ក្នុង​កម្ពុជា​ទេ»។

លោក ​សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​មួយរូប​ផង​នោះ​បាន​កត់សម្គាល់​ថា​សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​នៅ​កម្ពុជា គឺ​មាន​ចរិត​លក្ខណៈលម្អៀង​ផ្នែក​នយោបាយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បានបន្ថែមថា​ប្រសិន​បើ​មាន​ការ​ធ្វើ​ឲ្យ​រង្គោះរង្គើ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជានឹង​មិន​អាច​រក្សា​បាននូវ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​បានទេ។

អ្នក​វិភាគ​នយោបាយលោក សេង សារី​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​សម្រេច​អនុម័ត​ជា​ធរមាន​លើ​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​គឺ​អាស្រ័យ​លើ​ស្ថានភាព​ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​អំឡុង​ពេល​រដ្ឋបាល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ Joe Biden។

លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​ក្នុង​ករណី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា​មាន​ភាព​តានតឹង​អាហ្នឹង​ការ​អនុវត្ត​ច្បាប់​នេះ​នឹង​អាច​ពន្លឿន​ហើយ​អាច​អនុវត្ត​ឆាប់។ ក៏​ប៉ុន្តែ​បើ​សិន​ជា​ក្នុង​ករណី​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា​នេះ​មាន​ភាព​ប្រសើរ​ឡើង​វិញ ឬ​ក៏​មាន​ផលប្រយោជន៍​ណា​មួយ​ទៅ​វិញ​ទៅ​មក​ឡើង​វិញ ខ្ញុំ​គិត​ថា​ច្បាប់​នេះ​នឹង​ពិបាក​នៅ​ក្នុង​ការ​យក​មក​ប្រើ ឬ​ក៏​ប្រើ​ដែរ​តែ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​ប្រធានាធិបតី​ឬ​ក៏​រដ្ឋបាល​របស់​លោក ​Joe Biden បាទ»។

លោក​បញ្ជាក់​ទៀតថា គោលបំណង​របស់​សភា​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ការយល់ព្រមលើសេចក្តី​ស្នើ​ច្បាប់​ខាង​លើ​នោះ​គឺ​ចង់ជំរុញឲ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ការ​បើក​លម្ហ​បរិយាកាស​នយោបាយ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិ​ទូទៅ​របស់​ប្រជាជន​នៅ​កម្ពុជា។

នៅ​ពេល​សួរ​ពាក់ព័ន្ធ​ជំហរ​លើសេចក្តីស្នើច្បាប់​«លទ្ធិប្រជាធិបតេយ្យ​កម្ពុជា» ដែល​សភា​អាមេរិក​ទើប​នឹង​អនុម័ត​ថ្មីៗនេះ​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Chad Roedemeier​បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​នៅ​ក្នុង​សារ​អ៊ីម៉ែល​មក​កាន់​វីអូអេ​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ខេមរភាសាក្នុង​ន័យ​ដើម​ថា៖ «សហរដ្ឋអាមេរិក​នៅ​តែ​ព្រួយបារម្ភ​ពី​ការ​ថមថយ​ផ្នែក​សិទ្ធិមនុស្ស និង​ការ​ចុះខ្សោយ​ស្ថាប័ន​នានា​ដែល​គាំពារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ យើង​សូម​បង្វែរ​សំណួរ​លម្អិត​ទៅ​កាន់​សមាជិក​សភា​អាមេរិក​ដែល​ជ្រោមជ្រែង​រៀបចំ​សេចក្តីស្នើច្បាប់​នេះ​ជំនួស​វិញ»។

ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២១​ ខែកញ្ញា​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៊ី​ ដែល​កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ ក្រុម​អ្នកធ្វើ​ច្បាប់​នៅសភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នឹង​មាន​ពេល​គ្រប់គ្រាន់​ក្នុង​អាណត្តិ​រដ្ឋបាល​ប្រធានាធិបតី​ថ្មី លោក Joe Biden​ ដើម្បី​ជំរុញ​ឲ្យ​សេចក្តី​ស្នើ​ច្បាប់​ខាង​លើ​ក្លាយ​ជាច្បាប់​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បញ្ចប់​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​រួម​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។

លោក​ថ្លែង​ថា៖ «ច្បាប់​ដែល​បាន​ធ្វើ ដែល​បាន​សម្រេច​ពាក់​កណ្តាល​ហើយ​ត្រូវ​អាក់​ខាន​ទៅ​វិញ។ តែ​ឥឡូវ​នេះ​យើង​ចាប់​ផ្តើម​អណត្តិ​ថ្មី ទាំង​រដ្ឋសភា ទាំង​ព្រឹទ្ធ​សភា​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​រៀប​ចំ​ច្បាប់​នេះ​ឲ្យ​ចេញ​ជារូប​រាង​ហើយ​យក​ទៅ​អនុវត្ត​យ៉ាង​ពិត​ប្រាកដ យ៉ាង​ឆាប់»។​

ប៉ុន្តែ​លោក​ អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​និង​ជា​អនុប្រធាន​បណ្តោះអាសន្ន​របស់​គណបក្ស​កែ​ទម្រង់​កម្ពុជា ​(Cambodia Reform Party) ដែល​ទើបបង្កើត​ថ្មី​មិន​មាន​សុទិដ្ឋិនិយម​ថា​សេចក្តី​ស្នើ​ច្បាប់​ថ្មី​ចុងក្រោយ​នេះ​នឹង​ទទួលបាន​ការ​ពិចារណា​របស់​ព្រឹទ្ធសភា​អាមេរិក​នោះ​បើ​មើល​ទៅលើ​ស្ថាន​ភាព​ច្របូក​ច្របល់​ខាង​នយោបាយ​ក្នុង​ប្រទេស​មួយចំនួន​រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា និង​អាហ្គានីស្ថាន ក៏ដូច​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូងជាដើមនោះ។

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មិន​រំពឹង​ថា​អាច​យក​មក​អនុវត្ត​ភ្លាមៗ​បាន​នោះ​ទេ​ពីព្រោះ​ការ​ដែល​ត្រៀម​ធ្វើ​នេះ​ត្រូវ​មាន​យន្ត​ការ​វា​យូរ​វា​មិន​ងាយ​ដូច​ការ​គិត​របស់​យើង​វា​អាច​នឹង​បន្ត​ពេល​យូរ​[អញ្ចឹង​ហើយ]ជា​ការ​ត្រៀម។ សម្រាប់​ខ្ញុំ​គិត​ថា​ជា​ការ​ត្រៀម​សម្រាប់​ស្ថាន​ភាព​ពេល​ក្រោយៗ​ទៀត​នោះ»។

គួរ​រំឭក​ផងដែរ​នៅ​មុន​ពេល​រដ្ឋសភា​អាមេរិកអនុម័តសេចក្តី​ស្នើ​ច្បាប់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ សេចក្តី​ស្នើច្បាប់​ស្តី​ពី​«លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»​ឆ្នាំ​២០១៩ លេខ​៥២៦ និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា» ឆ្នាំ​២០១៨ លេខ​៥៧៥៤ ធ្លាប់​ត្រូវ​បាន​រដ្ឋសភា​អាមេរិក​អនុម័ត ប៉ុន្តែ​មិន​បាន​ឆ្លង​ការ​សម្រេច​ពី​ព្រឹទ្ធសភា​នោះ​ទេ ដែល​ព្រឹទ្ធសភា​កាល​ពី​គ្រា​នោះ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG