គណៈកម្មាធិការមួយរបស់សភាជាតិនឹងពិនិត្យមើលសេចក្តីរាយការណ៍មួយរបស់បណ្តាញសារព័ត៌មានដែលថាការិយាល័យស៊ើបអង្កេតរបស់រដ្ឋាភិបាលសហព័ន្ធ (FBI) បានស៊ើបអង្កេតដើម្បីចង់ដឹងថាតើលោកប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើការដើម្បីតំណាងឱ្យផលប្រយោជន៍របស់រុស្ស៊ីប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃសៅរ៍របស់ប្រធានគណៈកម្មាធិការសភាជាតិដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។
កាសែត New York Times បានរាយការណ៍ថាមានការស៊ើបអង្កេតមួយបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីលោកត្រាំ បានបណ្តេញលោក James Comey ពីតំណែងប្រធានFBI ក្នុងខែឧសភា ឆ្នាំ២០១៧ ហើយថាអ្នកស៊ើបអង្កេតប្រឆាំងចារកម្មរបស់ទីភ្នាក់ងារ FBI ពិនិត្យមើលថាតើសកម្មភាពរបស់លោកត្រាំគឺជាការគំរាមកំហែងដល់សន្តិសុខជាតិឬទេ។
សេតវិមានបានច្រានចោលសេចក្តីរាយការណ៍របស់កាសែត New York Times កាលពីយប់ថ្ងៃសុក្រ ហើយថាវាជា«រឿងគួរឱ្យអស់សំណើច» ក្នុងពេលជាមួយគ្នានោះដែរ កាលពីថ្ងៃសៅរ៍លោកប្រធានាធិបតីត្រាំបានវាយប្រហារលើលោកComey និងទីភ្នាក់ងារ FBI តាមរយៈសាររបស់លោកជាច្រើន។
លោក Jerrold Nadler ប្រធានគណៈកម្មាធិការនីតិកម្មរបស់សភាជាតិបាននិយាយថាគណៈ
កម្មាធិការរបស់លោកនឹង«ចាត់វិធានការដើម្បីយល់ដឹងឱ្យបានច្បាស់ទាំងសកម្មភាពរបស់លោកប្រធានាធិបតីនិងការឆ្លើយតបរបស់FBI ចំពោះសកម្មភាពនោះ» នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោកបន្ថែមថាអ្នកតំណាងរាស្ត្រក៏នឹងស្វែងរកវិធីការពារក្រុមអ្នកស៊ើបអង្កេតពីការវាយប្រហារកាន់តែខ្លាំងឡើងពីលោកប្រធានាធិបតី៕