នៅក្រោយជំនួបថ្មីបំផុតរបស់លោកជាមួយក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យបានបញ្ចប់ដោយលោកបានប្រកាសថាកិច្ចចរចានោះជា «ការខាតពេលវេលាទាំងស្រុង» ហើយលោក Chuck Schumer សមាជិកព្រឹទ្ធសភាស.រ.អាបានចាត់ទុកអាកប្បកិរិយារបស់លោកថាជា «ការមួរម៉ៅខ្លាំង» មកប្រធានាធិបតីស.រ.អា Donald Trump ធ្វើដំណើរទៅកាន់ព្រំដែនរវាងស.រ.អា និងប្រទេសម៉ិចស៊ិកនៅថ្ងៃព្រហស្បតិ៍នេះ។
ទស្សនកិច្ចរបស់លោកនៅ McCallen ក្នុងរដ្ឋ Texas មានកំណត់នឹងមានរួមបញ្ចូលការនិយាយត្រួសៗអំពីសន្តិសុខព្រំដែននិងការឈប់សំចតនៅឯស្ថានីយយាមល្បាតព្រំដែនមួយនិងតំបន់ព្រំដែននៅតាមបណ្តោយទន្លេ Rio Grande។
ទិន្នន័យនៃផ្នែកគយនិងការពារព្រំដែនស.រ.អ.បង្ហាញថាប៉ែកជ្រលងទន្លេ Rio Grande ជាកន្លែងដែលកាលពីប៉ុន្មានឆ្នាំថ្មីៗនេះពួកភ្នាក់ងារព្រំដែនចាប់បានមនុស្សច្រើនបំផុតដែលបានខិតខំព្យាយាមឆ្លងកាត់ព្រំដែនចូលក្នុងប្រទេស
អាមេរិកដោយខុសច្បាប់។ កាលពីឆ្នាំ២០១៧ នៅក្នុងតំបន់នោះមានចំនួន៤៤ភាគរយនៃជនត្រូវចាប់ខ្លួនតាមព្រំដែន។
ក្រុមការពារសិទ្ធិមនុស្សនៅក្នុងរដ្ឋ Texas ដែលជំទាស់នឹងការទាមទាររបស់លោក Trump នូវប្រាក់៥ពាន់លានដុល្លារសម្រាប់កសាងជញ្ជាំងព្រំដែននិងប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោកបានគ្រោងនឹងធ្វើបាតុកម្មនៅឯចំណតយន្តហោះក្រុង McCallen នៅថ្ងៃព្រហស្បតិ៍នេះ។
លោក Vicente Gonzalez សមាជិកសភាតំណាងរាស្ត្រអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យ ដែលតំណាងតំបន់ McCallen នៅក្នុងសភាស.រ.អាបានមានប្រសាសន៍ថា លោកសប្បាយចិត្តដោយលោក Trump ទៅបំពេញទស្សនកិច្ចក្នុងមណ្ឌលលោក ក៏ប៉ុន្តែលោកក៏បាននិយាយដែរថា អ្វីដែលស.រ.អាត្រូវការនោះគឺចំណាយដោយភាពឈ្លាសវៃ ដែលនាំឱ្យមានសន្តិសុខពិតប្រាកដដល់តំបន់នោះ៕