ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាណាដា ម៉ិកស៊ិក និង​ចិន​ ថា​ពួកគេ​នឹង​សងសឹក​ចំពោះ​ការ​ដាក់​ពន្ធគយ​របស់​លោក Trump


ទង់ជាតិ​ម៉ិកស៊ិក​ កាណាដា និង​សហរដ្ឋអាមេរិក​ត្រូវបាន​ដាក់​នៅ​ជិត​គ្នា​កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៥។
ទង់ជាតិ​ម៉ិកស៊ិក​ កាណាដា និង​សហរដ្ឋអាមេរិក​ត្រូវបាន​ដាក់​នៅ​ជិត​គ្នា​កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៥។

ប្រទេស​កាណាដា ម៉ិកស៊ិក និង​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​នឹង​ដាក់​ពន្ធគយ​សង​សឹក​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដាក់​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​របស់​ពួកគេ​ដែល​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធគយ​ថ្មី ២៥% កាលពី​ថ្ងៃ​អង្គារ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ម៉ិកស៊ិក​និង​កាណាដា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​បង្អស់​ទាំងពីរ​របស់​ខ្លួន និង​បាន​ដំឡើងពន្ធគយ​ដល់ ២០% ​លើ​ទំនិញ​នាំចូល​ពី​ចិន។

នៅ​ក្នុង​ការ​ថ្លែង​ទៅកាន់​សភា​ទាំងពីរ​ថ្នាក់​កាលពី​យប់​ថ្ងៃ​អង្គារ លោក Trump ក៏​បាន​ប្ដេជ្ញា​ផង​ដែរ​ថា​នឹង​ដាក់​ពន្ធគយ​ក្នុង​លក្ខណៈ​តបត​ទៅវិញ​លើ​ប្រទេស​ផ្សេង​ទៀត​ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ២ ខែ​មេសា​ខាង​មុខ​នេះ​តទៅ ដោយ​លោក​បាន​ត្អូញត្អែរ​អំពី​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម «មិន​ស្មើភាព»។ លោក​បាន​លើកឡើង​ពី​ប្រទេស​ប្រេស៊ីល ឥណ្ឌា កូរ៉េ​ខាងត្បូង និង​សហភាព​អឺរ៉ុប។

លោក Trump បាន​ដាក់​ពន្ធគយ​ថ្មី​លើ​ម៉ិកស៊ិក​និង​កាណាដា​ដែល​ជា​ប្រទេស​ជិតខាង​របស់​សហរដ្ឋ​អាមេរិក ទោះបីជា​បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​នេះ​បាន​បញ្ជាក់​ថា​ពួកគេ​បាន​ទប់ស្កាត់​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​និង​លំហូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​តាម​ការ​ទាមទារ​របស់​លោក Trump ក៏ដោយ។

សន្ទស្សន៍​ភាគហ៊ុន​ធំៗ​ទាំង ៣ របស់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់ពី​លោក Trump បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​អំពី​រឿង​ពន្ធគយ​នេះ។ សន្ទស្សន៍​ភាគហ៊ុន​នីមួយៗ​ធ្លាក់​ចុះ​ប្រហែល ២ ពិន្ទុ​ភាគរយ​នៅ​ពេល​ចាប់ផ្ដើម​នៃ​ការ​ជួញដូរ​ភាគហ៊ុន​កាលពី​ថ្ងៃ​អង្គារ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG