សហរដ្ឋអាមេរិកបានដាក់ពន្ធគយថ្មី ២៥% នៅថ្ងៃអង្គារនេះលើទំនិញនាំចូលពីដៃគូពាណិជ្ជកម្មដ៏ធំជាងគេបង្អស់របស់ខ្លួនពីរដែលនោះគឺប្រទេសម៉ិកស៊ិកនិងកាណាដា ដោយមិនគិតដល់ភ័ស្តុតាងដែលបង្ហាញថាប្រទេសជិតខាងទាំងពីរបានរារាំងជនចំណាកស្រុកខុសច្បាប់និងលំហូរគ្រឿងញៀនខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក តាមការទាមទាររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។
លោក Trump បានប្រកាសអំពីពន្ធគយនេះដំបូងកាលពីមួយខែមុននិងក្រោយមកបានផ្អាកវិញភ្លាមបន្ទាប់ពីមេដឹកនាំកាណាដានិងម៉ិកស៊ិកបានប្ដេជ្ញាថានឹងចាត់វិធានការ។ លោក Trump បានប្រាប់អ្នកកាសែតកាលពីរសៀលថ្ងៃចន្ទថា «គ្មានពេលនៅសេសសល់ទៀតទេសម្រាប់ម៉ិកស៊ិកឬក៏កាណាដា» ហើយពន្ធគយនេះនឹងបន្តទៅមុខនៅពេលនេះ។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយថា ប្រទេសរបស់លោក «នឹងមិនអនុញ្ញាតឲ្យការសម្រេចិត្តដែលគ្មានហេតុផលត្រឹមត្រូវនេះគ្មានការឆ្លើយតបនោះទេ» និងបានប្រកាសថាលោកនឹងយកពន្ធគយ ២៥% លើទំនិញអាមេរិកដែលមានតម្លៃ១៥៥ ពាន់លានដុល្លារ។
លោក Trudeau បាននិយាយថា កាណាដាបានបង្កើនកងកម្លាំងនិងឧបករណ៍នៅព្រំដែនដើម្បីបញ្ឈប់លំហូរគ្រឿងញៀនហ្វេនតានីលចូលក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីម៉ិកស៊ិកអ្នកស្រី Claudia Sheinbaum បានស្នើថាប្រទេសរបស់អ្នកស្រីក៏នឹងដាក់ពន្ធគយដើម្បីជាការសងសឹកវិញផងដែរ។ ម៉ិកស៊ិកជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្ម ហើយទំនិញនាំចេញរបស់ប្រទេសនេះចំនួន ៨០% គឺទៅកាន់សហរដ្ឋអាមេរិក៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និង Reuters)
វេទិកាបញ្ចេញមតិ