ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការទូត​អាមេរិកពីរនាក់ថា លោក Trump ចង់ឱ្យមានការ​ស៊ើបអង្កេត​នៅ​អ៊ុយក្រែន ដើម្បីជួយ​លោកខាងនយោបាយ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពី​ថ្ងៃពុធ អ្នកការទូត​អាមេរិកពីរនាក់បាន​និយាយប្រាប់ការ​ស៊ើបអង្កេត​ដើម្បីចោទប្រកាន់លោកប្រធានាធិបតី​អាមេរិក​ Donald Trump ថា លោកប្រធានាធិបតី​បានបង្កើត «បណ្តាញ​ទាក់ទងមិន​ប្រក្រតី» មួយ ដើម្បី​ទាក់ទង​ជាមួយ​ប្រទេស​អ៊ុយក្រែន​ដឹក​នាំ​ដោយ​លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួន​របស់លោកក្នុង​សេចក្តី​សង្ឃឹម​ថា ​រដ្ឋាភិបាលក្រុងកៀវនឹង​បើក​ធ្វើការ​ស៊ើបអង្កេតដើម្បី​ជួយ​លោក​ Trump ខាង​នយោបាយ។

មន្ត្រី​ក្រសួង​ការបរទេស​ទាំងនេះគឺ​លោក​ William Taylor អ្នកការទូតកំពូល​អាមេរិកាំងបច្ចុប្បន្ន​ក្នុងប្រទេសអ៊ុក្រែន​និងលោក George Kent ដែល​មើលការខុស​ត្រូវកិច្ចការអ៊ុយក្រែន បាននិយាយថា ​អស់លោកបានដឹង​ថា លោក Guiliani អតីត​អភិបាលក្រុងញូវយ៉កបានធ្វើការក្នុង​នាមលោក Trump នៅខាងក្រៅការកំណត់​ព្រំដែន​ធម្មតា​នៃក្រសួងការបរទេស ដោយ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​កៀវមានដំណើរ​ការ​មិន​ស្រួល។

អ្នកការទូត​ទាំងពីរនាក់នេះ​បានថ្លែង​ថា ​លោក​ Giuliani បានជំរុញ​រដ្ឋាភិបាលក្រុងកៀវឱ្យ​បើក​ធ្វើការ​ស៊ើបអង្កេត​អំពីលោកអតីត​អនុប្រធានាធិបតី​ Joe Biden ដែលជាគូប្រជែង​ធំ​របស់លោក​ Trump ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកក្នុង​ឆ្នាំ២០២០ និងអំពីកូនប្រុសលោក Biden ឈ្មោះ Hunter Biden ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ឧស្ម័នធម្មជាតិ​អ៊ុយ​ក្រែន​មួយនិងអំពីការយល់ឃើញថា​ប្រទេសអ៊ុយក្រែន ហើយមិនមែន​ប្រទេសរុស្សីទេ ដែល​ជ្រៀតជ្រែក​ក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់លោក Trump កាលពីឆ្នាំ២០១៦ ប្រឆាំងនឹងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។

ការ​ស៊ើបអង្កេត​ដែលលោក Trump ចង់ឱ្យ​ប្រទេស​អ៊ុយក្រែន​ធ្វើ​មានឡើងនៅ​ពេល​ដែល​លោកបានផ្អិបការផ្តល់ជំនួយយោធា៣៩១លានដុល្លារ​ដែលរដ្ឋាភិបាល​ក្រុងកៀវ ចង់បាន​សម្រាប់ការ​ប្រយុទ្ធប្រឆាំងនឹង​ពួកទាមទារ​បំបែក​រដ្ឋលម្អៀង​ទៅ​ខាង​រុស្សី​នៅផ្នែក​ខាង​កើត​នៃប្រទេស។

លោក​ Taylor បានមានប្រសាសន៍​ប្រាប់គណៈកម្មាធិការ​ស៊ើបការសម្ងាត់នៃសភា​តំណាង​រាស្ត្រ​អាមេរិកាំង​ថា​ «គ្មានការ​សង្ស័យឡើយ ជនជាតិអ៊ុយក្រែនច្រើននាក់ថែមទៀតនឹង​ស្លាប់​បើគ្មានជំនួយស.រ.អា.​ទេនោះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG