ក្នុងការពិភាក្សាលើរបៀបវារៈចំនួនបួន សម្រាប់សម័យប្រជុំសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចធ្វើការកោះប្រជុំសភាវិសាមញ្ញ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់សហជីព តាមសំណើរបស់លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់សេចក្តីព្រាងច្បាប់នេះ។
ទោះជាយ៉ាងណាក្តី ការសម្រេចនេះមិនមានការគាំទ្រពីសមាជិកមកពីគណបក្សសង្គ្រោះជាតិទេ។
អ្នកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី បានប្រាប់ VOA ថា សមាជិកមកពីគណបក្សសង្គ្រោះជាតិមិនបានគាំទ្រទេ ដោយចង់ឲ្យពន្យារពេល ដើម្បីពិចារណាបញ្ចូលមតិយោបល់បន្ថែមទៀតរបស់តំណាងសហជីព និយោជក និងភាគីពាក់ព័ន្ធ។
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិរូបនេះបានបន្តថា មតិយោបល់ដែលបានលើកឡើងក្នុងសិក្ខាសាលារយៈពេល៤ម៉ោង កាលពីថ្ងៃពុធនោះ ត្រូវបានគណៈកម្មការជំនាញដាក់បញ្ចូលតិចតួច កាលពីថ្ងៃព្រហស្បតិ៍ ហើយវាមិនមែនជាចំណុចដែលសហជីព និងកម្មករបារម្ភបំផុតនោះទេ។
«ឥឡូវនេះយើងនៅមានជម្រើសចុងក្រោយទៀត គឺយើងនឹងជជែកនៅសភាពេញអង្គ»។
អ្នកស្រី កែ សុវណ្ណារតន៍ បន្តថា ចំណុចសំខាន់ៗដែលអ្នកស្រីសង្កេតឃើញថា មិនបានដាក់បញ្ចូលគឺវិសាលភាពច្បាប់ ថវិកាសម្រាប់គាំទ្រសហជីព ទំនាស់ផលប្រយោជន៍ ដូចជាប្រធានសហជីពមានតួនាទីក្នុងរដ្ឋាភិបាល ឬក្នុងក្រុមហ៊ុនរបស់និយោជក ហើយនឹងការបាត់បង់សិទ្ធិរបស់កម្មករធ្វើកូដកម្ម ដែលទាមទារសំឡេងគាំទ្រ៥០%បូកមួយ។
ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក ឈាង វុន អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការការបរទេស និងព័ត៌មាននៃរដ្ឋសភាប្រាប់អ្នកយកព័ត៌មានថា ដោយសារវិស័យឧស្សាហកម្មមានទំនាស់ច្រើនកន្លងមក ដូចនេះច្បាប់នេះត្រូវតែចូលជាធរមានឲ្យបានឆាប់ ហើយអាចនឹងធ្វើវិសោធនកម្មជាបន្តបន្ទាប់ទៅតាមការវិវត្តន៍របស់សង្គម។
«អញ្ចឹងហើយខ្ញុំបញ្ជាក់ថា ច្បាប់ដែលយើងលើកមកពិភាក្សានេះ ចំពោះខ្ញុំ ខ្ញុំថា នៅមិនទាន់ល្អ១០០%ទេ...មិនទាន់ល្អ១០០%។ ក៏ប៉ុន្តែសួរថា វាបានប្រយោជន៍ទេ? បានប្រយោជន៍...បានប្រយោជន៍ណា៎។ សហជីពមានច្រើនណាស់ហើយ។ ហើយយើងមើលទៅ...ធ្វើឲ្យគេភ័យខ្លាច។ អ្នកបណ្តាក់ទុនគេភ័យខ្លាច... វាយតប់គ្នាគ្រប់»។
អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជារូបនេះក៏បានពន្យល់ដែរថា បើប្រធានសហជីពមានងារជាឯកឧត្តម និងមានតួនាទីធំដុំ នោះប្រធានសហជីពនេះអាចជួយសមាជិករបស់ខ្លួន។ លោកនិយាយថា លោកគាំទ្រការកំណត់ឲ្យមានសំឡេង៥០%បូកមួយនៃសមាជិកនៅក្នុងសហគ្រាស ដើម្បីសម្រេចធ្វើកូដកម្ម ព្រោះវាការពារប្រយោជន៍កម្មករភាគច្រើន។
ចំណុចក្នុងមាត្រា១៣ ចែងអំពីការសម្រេចធ្វើកូដកម្មនេះ មានភាពស្រពិចស្រពិល ដែលនាំឲ្យមានការយល់ខុសគ្នា។ អ្នកខ្លះយល់ថា គឺសំឡេង៥០%បូកមួយនៃនិយោជិកសរុប។ អ្នកផ្សេងទៀតយល់ថា គឺជាសំឡេងភាគច្រើនដាច់ខាតរបស់សមាជិកសហភាពសហជីពណាមួយ ក្នុងសហគ្រាសនោះ។ រីឯអ្នកខ្លះទៀតយល់ថា គឺសំឡេងរបស់សមាជិកនៃគ្រប់សហជីពទាំងអស់នៅក្នុងសហគ្រាស។
អ្នកស្រី កែ សុវណ្ណរតន៍ បានប្រាប់ VOA ថា ច្បាប់នេះនៅមានចំណុចស្រពិចស្រពិលជាច្រើនទៀត ហើយសភាមិនគួរប្រញ៉ាប់ប្រញ៉ាល់កោះប្រជុំសភាវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តច្បាប់នេះទេ។លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរហៅកាត់ថា C-CAWDU បានបង្ហាញការខកចិត្ត ដែលសភាប្រញ៉ាប់ប្រញ៉ាល់កោះប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់នេះ។
«ហើយដល់សិក្ខាសាលាពិគ្រោះយោបល់ហើយ គេអត់បានយកការពិគ្រោះយោបល់ទៅពិភាក្សា អញ្ចឹងខ្ញុំគិតថា វាអត់មានន័យអីសោះសិក្ខាសាលាហ្នឹង»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មការចំពោះកិច្ចនៃរដ្ឋសភា បានប្រាប់ VOA ថា លោកមិនរំពឹងថា សភានឹងកែប្រែសេចក្តីព្រាងច្បាប់នេះបានច្រើនតាមសំណើរបស់កម្មករ និងសហជីពទេ។ លោកបន្តថា សភាដែលមានសំឡេងគណបក្សប្រជាជនកម្ពុជាភាគីច្រើន នឹងអនុម័តច្បាប់នេះ។
លោក អាត់ ធន់ បានឲ្យដឹងថា សហជីពនឹងពិភាក្សាគ្នាទៀតនៅថ្ងៃច័ន្ទ ជាមួយដៃគូអន្តរជាតិ ដើម្បីរកវិធីតស៊ូមតិទៀត មុននឹងសម្រេចថា គួរធ្វើការតវ៉ា នៅពេលសភាពិភាក្សាច្បាប់នេះនៅថ្ងៃទី៤ ខែមេសា ឬយ៉ាងណា៕