ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អាមេរិក«​ជឿ‍»​​ថា អ៊ីរ៉ង់​​នៅ​ពីក្រោយ​ការ​វាយប្រហារ​​លើ​នាវា​ពីរ​គ្រឿង​ក្នុង​ឈូង​សមុទ្រ​អូម៉ង់​


នាវា​អ៊ីរ៉ង់​បាញ់​ទឹកពន្លត់​ភ្លើង​នៅនាវាដឹកប្រេង​មួយ​នៅ​សមុទ្រ Oman កាលពី​ថ្ងៃព្រហស្បតិ៍ ​កាលពីថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៩។
នាវា​អ៊ីរ៉ង់​បាញ់​ទឹកពន្លត់​ភ្លើង​នៅនាវាដឹកប្រេង​មួយ​នៅ​សមុទ្រ Oman កាលពី​ថ្ងៃព្រហស្បតិ៍ ​កាលពីថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង តេហេរ៉ង់ ចំពោះ​ការ​វាយប្រហារ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទៅ​លើ​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​ដែល​បាន​ខូច​ខ្ទេចខ្ទី​នៅ​ក្នុង​ដែន​សមុទ្រ​យុទ្ធសាស្ត្រ​របស់​អ៊ីរ៉ង់។

លោក Pompeo ​បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​ការ​វាយតម្លៃ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​ថា​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​រឿង​ ដែល​បាន​កើតឡើង​នៅ​ក្នុង​ឈូង​សមុទ្រ​អូម៉ង់​នៅ​ថ្ងៃ​នេះ‍»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ការ​វាយតម្លៃ​នេះ​គឺ​ផ្អែក​ទៅ​លើ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ អាវុធ​ដែល​ត្រូវ​បាន​ប្រើប្រាស់ កម្រិត​ជំនាញ​ដែល​ប្រើប្រាស់​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​លើ​នាវា​ដឹក​ទំនិញ​និង​ផ្អែក​ទៅ​លើ​ការពិត​ដែល​ថា គ្មាន​ក្រុម​ណា​មួយ​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នេះ​មាន​ធនធាន​និង​ជំនាញ​ដើម្បី​រឿង​នេះ​ឡើយ‍»។ ​

មន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​ម្នាក់​ដែល​បាន​ថ្លែង​ប្រាប់ VOA ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា យោធា​មាន​សូចនាករ​ជាច្រើន ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​គឺ​ជា​អ្នក​វាយប្រហារ​ទៅ​លើ​នាវា​ដឹក​ប្រេង​ទាំងពីរ​គ្រឿង​នេះ‍។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ជឿ​ជាក់​ ហើយ​យើង​ក៏​មាន​ភស្តុតាង​បញ្ជាក់​ផង​ដែរ‍»។

មន្ត្រី​រូប​នោះ​មិន​បាន​បង្ហាញ​ឲ្យ​ច្បាស់​អំពី​ភស្តុតាង​នោះ​ទេ។ នេះ​គឺ​ជា​លើក​ចុងក្រោយ​បង្អស់ក្នុង​ចំណោម​ការ​ចោទប្រកាន់​ជាច្រើននៅ​ក្នុង​តំបន់​នេះ ​ដែល​អាមេរិក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង តេហេរ៉ង់ ថា​ជា​អ្នក​ធ្វើ ប៉ុន្តែ​នៅ​មិនទាន់​បង្ហាញ​ភស្តុតាង​សម្ងាត់​អ្វី​នៅឡើយទេ៕

XS
SM
MD
LG