ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នាក់ងារ​ប៉ូលិស​ពីរ​នាក់​ រងគ្រាប់​កាំភ្លើង​នៅ​​​ទីក្រុង​ Ferguson​ រដ្ឋ​ Missouri​ ​


កង​សុនខ​ល្បាត​ K-9 ដើរ​ល្បាត​នៅ​ខាង​ក្រៅ​​ប៉ុស្តិ៍​ប៉ូលិស​ក្រុង Ferguson រដ្ឋ​ Missouri បន្ទាប់​ពី​ប៉ូលិស​ពីរ​រួូប​ត្រូវ​បាន​បាញ់​ និង​រង​របួស​អំឡុង​ពេល​បាតុកម្ម​នា​យប់​ថ្ងៃ​ពុធ។
កង​សុនខ​ល្បាត​ K-9 ដើរ​ល្បាត​នៅ​ខាង​ក្រៅ​​ប៉ុស្តិ៍​ប៉ូលិស​ក្រុង Ferguson រដ្ឋ​ Missouri បន្ទាប់​ពី​ប៉ូលិស​ពីរ​រួូប​ត្រូវ​បាន​បាញ់​ និង​រង​របួស​អំឡុង​ពេល​បាតុកម្ម​នា​យប់​ថ្ងៃ​ពុធ។

ភ្នាក់ងារ​ប៉ូលិស​ ២​ នាក់​ ត្រូវ​គេ​បាញ់​នៅ​ក្នុង​ទីក្រុង​ Ferguson​ រដ្ឋ​ Missouri​ ​ភាគ​កណ្តាល​និង​ខាង​លិច​ស.រ.អា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ស្នងការ​នគរបាល​ទីក្រុង​នោះ​បាន​លា​ឈប់​ពី​តំណែង​ បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​ស.រ.អា​បាន​ចេញ​សេចក្តី​រាយការណ៍​រិះគន់​ក្រសួង​នគរបាល​ក្រុង​ Ferguson អំពី​គោល​នយោបាយ​ប្រកាន់​ពូជសាសន៍។​

ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​ប្រជុំ​គ្នា​នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​ Ferguson។​ ភ្នាក់ងារ​ប៉ូលិស​ម្នាក់​ដែល​ជា​សមាជិក​ក្រសួង​នគរបាល​ស្រុក​ St. Louis​ ត្រូវ​បាញ់​ចំ​ស្មា​ និង​ភ្នាក់ងារ​ប៉ូលិស​ម្នាក់​ទៀត​មក​ពី​ទីក្រុង​ជិត​ខាង​ Webster Groves​ ត្រូវ​បាញ់​ចំ​មុខ។​ លោក​ Jon Belmar​ ស្នងការ​នគរបាល​ស្រុក​ St. Louis​ បាន​ថ្លែង​ថា​ ភ្នាក់ងារ​នគរបាល​ទាំង​ ២​ នាក់​នៅ​ដឹង​ខ្លួន​ តែ​លោក​បាន​ពណ៌នា​ថា​មុខ​របួស​«មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង‍»។​

លោក​ Belmar​ ថ្លែង​ថា​ ភ្នាក់ងារ​ទាំង​ ២​ នាក់​ត្រូវ​គេ​បាញ់​«ពីព្រោះ​អ្នក​ទាំង​ ២​ ជា​ភ្នាក់ងារ​ប៉ូលិស‍»​ ហើយ​លោក​បន្ថែម​ថា​ អ្នក​បាញ់​ «បាន​បង្កប់‍»​នៅ​ក្នុង​ក្រុម​បាតុករ។​

ក៏​ប៉ុន្តែ​សាក្សី​ក្នុង​ក្រុង​ Ferguson​ រាយការណ៍​ថា​ គ្រាប់​កាំភ្លើង​ហាក់​ដូច​ជា​បាញ់​ចេញ​ពី​កំពូល​ភ្នំ​នៅ​ឆ្លង​ផ្លូវ​ពី​ប៉ុស្តិ៍​ប៉ូលិស។​

ស្នងការ​នគរបាល​ក្រុង​ Ferguson​ លោក​ Thomas Jackson​ បាន​សុំ​លា​ឈប់​កាល​ពី​ថ្ងៃ​ពុធ​ ក្នុង​ពេល​ ៧​ ខែ​បន្ទាប់​ពី​ភ្នាក់ងារ​ប៉ូលិស​ស្បែក​ស​ Darren Wilson​ បាន​បាន​បាញ់​ស្លាប់​យុវជន​ស្បែក​ខ្មៅ​ដែល​គ្មាន​អាវុធ​ឈ្មោះ​ Michael Brown​ នៅ​ក្នុង​ការ​ប្រឈម​មុខ​គ្នា​នៅ​តាម​ផ្លូវ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG