២ខែក្រោយពីអង្គការអន្តរជាតិមួយបានចេញរបាយការណ៍ថា កម្ពុជានៅតែជាប្រទេសដែលពុករលួយជាងគេនៅក្នុងអាស៊ាននោះ មន្ត្រីពីរនាក់របស់សាលារាជធានីភ្នំពេញត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទអំពើពុករលួយ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់ និងឃុំខ្លួនមន្ត្រីរបស់សាលារាធានីភ្នំពេញពីរនាក់ ពីបទពុករលួយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីទាំង២នាក់និងបញ្ជូនខ្លួនទៅកាន់តុលាការ។ នេះបើយោងតាមមន្ត្រីនៅសាលាដំបូងរាជធានីភ្នំពេញ។
លោក លី សុផាណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញសង្គម Telegram នៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីទាំង២នាក់មានឈ្មោះ រ័ត្ន បូរី ប្រធានការិយាល័យវិនិយោគនៃទីចាត់ការផែនការនិងវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វណ្ណារុំ ជាមន្រ្តីការិយាល័យវិនិយោគ នៃទីចាត់ការផែនការនិងវិនិយោគសាលារាជធានីភ្នំពេញ។
លោក លី សុផាណា ឱ្យដឹងទៀតថា ក្រោយពីបានបញ្ចប់ការសួរចម្លើយ ពិនិត្យឯកសារ និងភស្តុតាង នៅថ្ងៃព្រហស្បតិ៍នេះ ព្រះរាជអាជ្ញារងលោក សៀង សុខ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់អ្នកទាំងពីរពីបទវិតិក្រម តាមមាត្រា៥៩២ និង៥៩៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ប្រឆាំងអំពើពុករលួយ ហើយបានសម្រេចបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។
អ្នកនាំពាក្យដដែលឱ្យដឹងទៀតថា ក្រោយពីបានបញ្ចប់ការសួរចម្លើយ និងពិភាក្សាដេញដោលចំពោះមុខ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទទាំងពីរ តាមបទចោទដែលព្រះរាជអាជ្ញាបានចោទប្រកាន់។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅឃុំខ្លួនតាមនីតិវិធី។
មន្ត្រីទាំង២នាក់នៃសាលារាជធានីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននឹងបញ្ជូនទៅសាលាដំបូងរាជធានីកាលពីថ្ងៃពុធ។
VOA មិនទាន់អាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ដើម្បីសុំការអត្ថាធិប្បាយបន្ថែមលើករណីនេះបាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា លោកពុំទាន់ទទួលបានព័ត៌មានលម្អិតថាមន្ត្រីទាំងពីរត្រូវបានចោទប្រកាន់ពីអំពើពុកលួយក្នុងករណីអ្វី ចំនួនទឹកប្រាក់ប៉ុន្មាននៅឡើយទេ។
លោក មាន ចាន់យ៉ាដា អះអាងថា ករណីនេះគឺជារឿងបុគ្គល ដែលនឹងមិនអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ការងារសាលារាជធានីភ្នំពេញនោះទេ។ លោកថា សាលារាជធានីក៏ពុំមានចំណាត់ការឬការត្រួតពិនិត្យអ្វីបន្ថែមទៀតនោះទេ ក្រោយមានករណីនេះ។
លោកថ្លែងថា៖ «ដូចជាអត់អីនេះផង ពីព្រោះអានេះវាជារឿងបុគ្គល។ នេះជាការងារខាង ACU ជាអ្នកធ្វើការ»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា ចំណាត់លើមន្ត្រីប្រព្រឹត្តអំពើពុករលួយជារឿងល្អ។ ទោះជាយ៉ាងណា លោកថា ការអនុវត្តច្បាប់នៅពុំទាន់បានល្អនៅឡើយ ដោយលោកជំរុញឱ្យបង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបន្ថែមទៀត។
លោកថ្លែងថា៖ «គាត់ត្រូវបង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងថែមទៀត ហើយកាត់បន្ថយការយោគយល់ កាត់បន្ថយការអនុគ្រោះ ព្រោះនៅក្នុងយុទ្ធសាស្ត្ររបស់គាត់ថា មិនអនុគ្រោះទេ Zero tolerance។ តែកន្លងមកយើងឃើញថា tolerance ហ្នឹងច្រើន ការអនុគ្រោះហ្នឹងច្រើន»។
កាលពីខែមករា របាយការណ៍ស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅឆ្នាំ២០១៦ ដែល បានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ បានវាយតម្លៃថា កម្ពុជាទទួលបាន២១ពិន្ទុ លើ ១០០ពិន្ទុ និងទទួលបានចំណាត់ថ្នាក់ទី១៥៦ ក្នុងចំណោមប្រទេសចំនួន១៧៦ ដែលត្រូវគេបានសិក្សា។ ពិន្ទុ និងចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានអំពើពុករលួយខ្លាំងដដែល៕