អាជ្ញាធរពាក់ព័ន្ធបានឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ បណ្តាលឱ្យមនុស្ស២នាក់បាត់ខ្លួន និងប៉ះពាល់ផ្លូវមួយចំនួន។
នៅក្នុងខេត្តកំពត យុវតីពីរនាក់បានបាត់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ ដោយសារជំនន់ទឹកភ្លៀងនៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត ខណៈពួកគេកំពុងបោះតង់សម្រាកនៅតាមមាត់ជ្រោះ។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់វីអូអេកាលពីព្រឹកថ្ងៃចន្ទថា សមត្ថកិច្ចបន្តស្វែងរកអ្នកបាត់ខ្លួន។
សារព័ត៌មាន Fresh News បានផ្សព្វផ្សាយថា សាកសពរបស់យុវតីម្នាក់ត្រូវបានអាជ្ញាធររកឃើញ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យថា ផ្លូវជាតិលេខ៤ ត្រូវជន់លិច ដែលបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ផ្លូវលំចំនួនពីរខ្សែទៀតក្នុងស្រុកភ្នំស្រួច ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។
ចំណែកលោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ ប្រាប់វីអូអេថា ជំនន់ទឹកភ្លៀងធ្វើឱ្យលិចផ្លូវ និងស្ពានស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ៤ ហើយចរាចរណ៍ត្រូវបានបិទទាំងស្រុង។ លោកបន្ថែមថា កងកម្លាំងអន្តរាគមន៍បានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ប្រាប់វីអូអេថា ជំនន់ទឹកភ្លៀងនៅខេត្តកែប ព្រឹកថ្ងៃទី៣០ ខែកក្កដា បានប៉ះពាល់ផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិលេខ៨ និងផ្លូវក្នុងខេត្តជាដើម។
ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីព្យុះទី៥ ឈ្មោះដុកសូរី ប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ចាប់ពីថ្ងៃទី២៦ ខែកក្កដារហូតដល់ថ្ងៃទី១ ខែសីហា៕
ភ្នំពេញ —