គណបក្សភ្លើងទៀនបានស្នើឱ្យក្រសួងមហាផ្ទៃនិងរដ្ឋបាលឃុំសង្កាត់ពន្លឿនសំណើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ដែលត្រូវលាឈប់ ឬបណ្តេញចេញ ឬស្លាប់ ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិ និងកុំឱ្យគណបក្សបាត់បង់អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ។
គណបក្សប្រឆាំងមួយនេះសម្តែងការព្រួយបារម្ភនិងខកចិត្តយ៉ាងខ្លាំង ចំពោះការធ្វើឱ្យរាំងស្ទះក្នុងការផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត មកពីគណបក្សភ្លើងទៀន ដោយគណបក្សនេះថា ការរាំងស្ទះនេះហាក់ជាចេតនារបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការបំបាក់ស្មារតីអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សចេញផ្សាយនៅថ្ងៃចន្ទនេះ។
គណបក្សចាត់ទុកថា នេះជាទង្វើបំពានច្បាប់ស្តីពី«ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់»ត្រង់មាត្រា ១៦ និងមិនស្របតាមសេចក្តីណែនាំមួយចំនួនទៀតរបស់ក្រសួងមហាផ្ទៃ។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ប្រាប់វីអូអេថា ការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានការរាំងស្ទះប្រមាណ ៣០ករណី នៅតាមបណ្តាខេត្តក្រុងមួយចំនួន។ លោកបន្តថា ករណីមួយចំនួន គណបក្សបានស្នើសុំប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ រយៈពេលជាង ៥ឬ៦ខែមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនអាចផ្លាស់ប្តូរបាន។
បើតាមលោក លី សុធារ៉ាយុត្តិ ការផ្លាស់ប្តូរនេះ គឺដោយសារសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ មួយចំនួនបានលាឈប់ ទៅចូលរួមជាមួយគណបក្សកាន់អំណាច និងគណបក្សដែលទើបបង្កើតថ្មី និងសមាជិកមួយចំនួនត្រូវបានគណបក្សបណ្តេញចេញ ដោយសារខុសលក្ខន្តិកៈគណបក្ស ហើយសមាជិកមួយចំនួនទៀតទទួលមរណភាព។ ក្នុងនោះ សមាជិកដែលលាឈប់មានចំនួន ៥នាក់ សមាជិកដែលត្រូវបានលុបឈ្មោះចេញពីសមាជិកគណបក្ស មានប្រមាណ ២៣នាក់ និងអ្នកស្លាប់មួយចំនួនទៀត។
លោកបញ្ជាក់ថា៖ «ជាក់ស្តែងណាស់ ការផ្លាស់ប្តូររបស់គណបក្សភ្លើងទៀនមានការស៊ីពេលយូរខែមែនទែន ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់គណបក្សក្នុងការថែរក្សា និងការពារសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់ខ្លួន ហើយវាប៉ះពាល់ដល់អង្គបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតអសកល នាពេលខាងមុខ»។
លោកស្នើក្រសួងមហាផ្ទៃពន្លឿនការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនឱ្យបានឆាប់ ដើម្បីធានាសិទ្ធិរបស់គណបក្សនយោបាយក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនបកស្រាយចំៗត្រង់ការស្នើសុំរបស់គណបក្សភ្លើងទៀននោះទេ នៅពេលវីអូអេសាកសួរ។ លោកគ្រាន់តែបញ្ជាក់ថា ការដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គឺជាការបែកបាក់ផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន ដែលអាជ្ញាធរមិនពាក់ព័ន្ធនោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ជាជម្លោះបែកបាក់ផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន។ មានតែប៉ុណ្ណឹងទេ។ យើងមិនអាចលូកដៃចូលផ្ទៃក្នុងបែកបាក់របស់គណបក្សហ្នឹងទេ»។
ប៉ុន្តែអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ អះអាងថា ការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ណាម្នាក់ដែលលាលែងពីតំណែង ឬត្រូវបានបណ្តេញចេញ ឬស្លាប់ ហើយផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មី គឺជាសិទ្ធិរបស់គណបក្សនយោបាយ ដែលអនុវត្តតាមគោលការណ៍ច្បាប់ និងតាមណែនាំរបស់ក្រសួងមហាផ្ទៃ។
លោកថា៖ «សូមបញ្ជាក់ថា មិនមែនជាការបែកបាក់របស់គណបក្សភ្លើងទៀនទេ។ នេះជាសិទ្ធិរបស់គណបក្សនយោបាយ ដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់»។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ពេលសាមីខ្លួនទទួលមរណភាព សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច សាមីខ្លួនសុំលាលែងជាលាយលក្ខណ៍អក្សរ សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬមជ្ឈឹម ឬសមាជិកត្រូវបានបណ្តេញចេញដោយប្រព្រឹត្តផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាឃុំសង្កាត់ជាដើម។ បើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ណាមួយបាត់បង់សមាជិកភាព គណបក្សត្រូវជ្រើសរើសយកបេក្ខជនដែលមានឈ្មោះបន្ទាប់ តាមលេខរៀងក្នុងបញ្ជីបេក្ខជនជាមួយគ្នា ឱ្យជំនួស ដោយមិនបាច់បោះឆ្នោតឡើងវិញឡើយ។ នេះបើយោងតាមមាត្រា១៦នៃច្បាប់ស្តីពី«ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រាប់វីអូអេថា ការដោះដូរបញ្ជីអ្នកបោះឆ្នោត ឬហៅថា អង្គបោះឆ្នោត គឺមិនអាចផ្លាស់ប្តូរបានទៀតនោះទេ ប៉ុន្តែក្នុងករណីអង្គបោះឆ្នោតណាម្នាក់ស្លាប់ ទើបអាចដោះដូរបាន។
លោកបន្ថែមថា មូលហេតុដែលមិនអាចដោះដូរបញ្ជីបោះឆ្នោតបាន គឺដោយសារការដោះស្រាយលើពាក្យបណ្តឹងទាក់ទងបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាត្រូវបានបិទបញ្ចប់ និងដោះស្រាយរួចរាល់ហើយ កាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២៤។
លោកថ្លែងថា៖ «ការប្តឹងតវ៉ា ឬប្តឹងជំទាស់ដើម្បីដោះដូរឈ្មោះត្រូវមានហេតុផលពីរ ទី ១ ត្រូវមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ពីព្រោះក្រុមប្រឹក្សាឃុំសង្កាត់ គឺគ្រប់គ្រងដោយក្រសួងមហាផ្ទៃ ហើយទី ២ ត្រូវធ្វើការប្តឹងផ្តល់ស្ថិតក្នុងប្រតិទិន ដែល គ.ជ.ប បានធ្វើការផ្សព្វផ្សាយ។ អ៊ីចឹងបច្ចុប្បន្ននេះ គឺបណ្តឹងបានដោះស្រាយចប់សព្វគ្រប់នៅថ្នាក់ក្រោមគ.ជ.ប រួចអស់ហើយ អ៊ីចឹង មិនអាចមានការដោះដូរបានទៀតនោះទេ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោត ថ្លែងថា ក្រសួងមហាផ្ទៃត្រូវតែពិនិត្យលើការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោម ដើម្បីដោះស្រាយបញ្ហាមួយនេះ និងដើម្បីធានាដល់ដំណើរការបោះឆ្នោតអសកល ទាំងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០២៤ នេះ។
លោកថ្លែងថា៖ «អ៊ីចឹង ដើម្បីបញ្ចៀសភាពមិនត្រឹមត្រូវ ឬអយុត្តិធម៌នេះ តួនាទីរបស់ក្រសួងមហាផ្ទៃ គឺត្រូវពិនិត្យមើលទៅលើការអនុវត្ត ថាតើហេតុអ្វីបានជាចំណុចហ្នឹងបានធ្វើឱ្យអង្គបោះឆ្នោត ឬការដោះដូររបស់គណបក្សនយោបាយហ្នឹងមិនអាចទៅមុខរួច»។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀនមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសប្រមាណ ២២០០នាក់ ដែលត្រូវបានពលរដ្ឋបោះឆ្នោតឱ្យកាលពីខែមិថុនា ឆ្នាំ ២០២២។ ពួកគេជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។ ដោយសារមិនអាចចូលរួមការបោះឆ្នោតបាន គណបក្សភ្លើងទៀនបានជ្រើសរើសគណបក្សឆន្ទៈខ្មែរមកចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ៕
វេទិកាបញ្ចេញមតិ