ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បញ្ជូន​អ្នក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​បក្ស​សង្គ្រោះជាតិ​ពីរនាក់​ទៀត​ចូល​ពន្ធនាគារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទី​៧​ និង​ជាអ្នក​ការ​ពារ​សន្តិសុខ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​សំខាន់ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។

អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទី​៧​ និង​ប្រធាន​ក្រុម​អ្នក​ការពារ​សន្តិសុខ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​បាន​ចូល​រួមក្នុងការទាម​ទារឱ្យដោះលែង​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ដើម​សប្តាហ៍​នេះ​ រហូត​ដល់​មាន​ការប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ ដែល​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ប្រមាណ​ជិត​៥០​នាក់​បាន​រង​របួស។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បានឱ្យដឹង​ថា​ លោក​ ឡុង រី​ សមាជិក​សភាជាប់​ឆ្នោត​មណ្ឌល​បន្ទាយ​មានជ័យ​ និង​លោក​ នុត រំដួល​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​កំពង់​ស្ពឺ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដូច​អ្នក​តំណាង​រាស្ត្រ​៥​នាក់​ផ្សេង​ទៀត​ដែរ។​

អ្នក​តំណាង​រាស្ត្រ​ទាំង​៧​រូប​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​៖​ «ផ្តើម​គំនិត​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់​ ផ្តើម​គំនិតឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ផ្តើម​គំនិត​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍»។​

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្តបន្ទាប់​គ្នា​ចាប់​តាំង​ពីមាន​ការ​ប៉ះទង្គិច​ដោយហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អង្គារ។ ​

លោក ឡុង រី​ មាន​ប្រសាសន៍​ប្រាប់​VOA​នៅ​តុលាការ​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ​ទើប​លោក​សម្រេច​ប្រគល់​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ។​

លោក​ ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​បណ្តើរ​ចុះ​ពី​អគារ​តុលាការ​ជាមួយ​លោក​ នុត រំដួល​ ដោយ​ដៃ​ទាំង​ពីរ​មិន​បានដាក់​ខ្នោះ​ដូច​អ្នក​ស្រី​មូរ សុខហួរ​ ដែល​កាន់​លិខិត​ឆ្លង​ដែន​សហរដ្ឋ​អាមេរិក​និង​អ្នក​តំណាង​រាស្ត្រ​ដទៃ​ទៀត​ទេ។​

លោក​ ឡុង រី ​និង​ លោក​ នុត រំដួល​ បានស្រែក​ប្រាប់​ទៅ​ក្រុម​អ្នក​គាំទ្រ​លោក​ឱ្យតស៊ូ​បន្តទៀត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​។​

លោក​និយាយ​ថា៖ ​«សុំឱ្យអ្នក​ទាំង​អស់​គ្នា​កុំ​បារម្ភ​។​ខ្ញុំ​សុខ​សប្បាយ​ទេអរគុណ... សូម​ឱ្យបង​ប្អូន​បន្ត​ការ​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​តទៅ​ទៀត។ ​សុំ​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​ដែល​បាន​អញ្ជើញ​មក»។​

លោក​ គង់ ពិសី​ មេធាវី​ការពារក្តី​លោក​ ឡុង រី​ និង​លោក​ នុត រំដួល​មាន​ប្រសាសន៍​ថា​កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ទេ​ដោយ​អំពើ​ហិង្សា​បាន​កើត​ឡើង​ទាំង​សង​ខាង​មិន​មែន​កើត​ឡើង​តែ​ម្ខាង​នោះ​ទេ។​

លោក​និយាយ​ថា៖ ​«វាត្រូវ​តែ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​មើល​ទាំង​សង​ខាង»។​

នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​បើ​ទោះ​បី​ជាមាន​បម្រាម​ពី​សាលាក្រុង​ភ្នំពេញ​មិនឱ្យជួប​ប្រជុំ​និង​តវ៉ា​ក៏​ដោយ​ក៏​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​បាន​មក​តវ៉ា​ និង​ ​អុចធូប​បន់​ស្រន់ដាក់​បណ្តាសារ​ដល់​តុលាការ​និង​ទាមទារ​សុំឱ្យដោះ​លែង​អ្នក​តំណាង​រាស្ត្រ​ដែល​កំពុង​ជាប់​ឃុំ។​

ប្រជាពលរដ្ឋ​បាន​បន់ស្រន់​ព្រមៗ​គ្នា​ថា៖​ «សូមឱ្យព្រះ​អង្គ​ជួយ​បង្វិល​ទិស​នេះ​ឱ្យតុលាការ​ទៅ​ចាប់​ជន​ដៃ​ដល់​ជន​ដែល​សម្លាប់​ខ្មែរ។ ​ខ្ញុំ​ឈឺ​ចាប់​ណាស់​សូម​ឱ្យព្រះ​អង្គ​មើល​នូវ​ទឹក​ភ្នែក​របស់​ខ្ញុំ។ ​លោក​មើល​ប្រជារាស្ត្រ​ខ្មែរ​ផង​ ប្រជា​រាស្ត្រ​ខ្មែរ​សព្វ​ថ្ងៃ​កំពុង​រង​ទុក្ខ​វេទនា។ ​គេ​ធ្វើ​បាប​ប្រជារាស្ត្រ​ធ្វើ​អ្វី​ក៏​ដោយ​គេមក​វាយ​ខ្មែរ​ជានិច្ច»។​

លោក ណៃ វង់ដា​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ជា​បន្ត​បន្ទាប់​បង្ហាញ​ឱ្យឃើញ​ថា​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ដើរ​ថយ​ក្រោយ​យ៉ាង​ខ្លាំង។​

លោក​និយាយ​ថា៖​«វា​ប៉ះពាល់​ដល់​ស្ថាន​ភាព​សេរីភាព​និង​សិទ្ធិមនុស្ស​ក៏​ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​យើង​ឃើញ​ថា​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ពណ៌ស្រអាប់​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បើ​ការ​ចាប់​នេះ​នៅ​តែ​បន្ត»។​

លោក​ ឈាង វ៉ុន​ សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​នៅក្នុង​អង្គសន្និ​សីទ​កាសែត​ថា​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ជាបន្ត​បន្ទាប់​គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់​ដោយ​សារ​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​មិន​ទាន់​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ពេញ​សិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រនៅ​ឡើយ​ទេ៕

XS
SM
MD
LG