តុលាការខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនស្រ្តី២នាក់ដែលតែងតែចេញមុខតវ៉ារឿងដីធ្លី ដោយរងការចោទប្រកាន់ថាបំពានវិធានការសុខាភិបាលប្រឆាំងនឹងជំងឺកូវីដ១៩។ ប៉ុន្តែការឃុំខ្លួនដាក់ពន្ធនាគារនេះ ត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ថាជាការបំភិតបំភ័យប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លី។
លោក ទេព ផល្លា ប្រធានលេខាធិការដ្ឋានកិច្ចការរដ្ឋបាល និងជាអ្នកនាំពាក្យខាងសាលាដំបូងខេត្តស្វាយរៀង បានប្រាប់វីអូអេថានៅថ្ងៃច័ន្ទនេះថាសំណុំរឿងរបស់អ្នកស្រី ឥន សូត្រ និង អ្នកស្រី យស់ សោភ័ណ្ឌ ត្រូវបានត្រូវបានតុលាការចោទប្រកាន់រួចរាល់ហើយតាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ពាក់ព័ន្ធនឹង«ការមិនគោរពវិធានរដ្ឋបាល និងរារាំងការអនុវត្តវិធានការរដ្ឋបាលក្នុងការការពារទប់ស្កាត់ជំងឺកូវីដ១៩»។ ប៉ុន្តែលោកមិនអាចបញ្ជាក់ថាមាត្រាប៉ុន្មាននៃច្បាប់កូវីដ១៩នោះទេ។
បើតាមមាត្រា១០ និង១១នៃច្បាប់នេះ ការមិនគោរពវិធានការរដ្ឋបាល ឬបទរារាំងដល់ការអនុវត្តវិធានការ អាចជាប់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ។ អ្នកជំនាញអង្គការសហប្រជាជាតិ កាលពីខែមេសា បានលើកឡើងពីការព្រួយបារម្ភមួយចំនួនទាក់ទងនឹងការប្រើប្រាស់«ទោសជាប់ពន្ធនាគារនិងពិន័យធ្ងន់ធ្ងរហួសហេតុ»នៅក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដែលរដ្ឋាភិបាលទើបតែបានអនុម័តកាលពីខែមីនា ឆ្នាំ២០២១។
លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាលោកមិនបានដឹងអំពីករណីនេះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៨ ខែសីហាអង្គការលីកាដូបានឲ្យដឹងថាអ្នកភូមិជាច្រើននាក់នៅសហគមន៍ចេកមាស បានស្នើឲ្យអាជ្ញាធរខេត្តបញ្ឈប់«ការបំភិតបំភ័យ» និង«ដាក់សម្ពាធ»ដល់ប្រជាពលរដ្ឋឲ្យទទួលយកសំណងដែលមិនសមរម្យជាថ្នូរនឹងដីស្រែចំនួន១០០ហិកតាដែលអាជ្ញាធរគ្រោងនឹងយកទៅអភិវឌ្ឍក្នុងផ្នែកមួយនៃគម្រោងជីកប្រឡាយទឹកសាធារណៈ។
នៅក្នុងលិខិតកោះហៅរបស់នគរបាលខេត្តស្វាយរៀង ដែលវីអូអេទទួលបាន អ្នកស្រី យស់ សោភ័ណ្ឌ អាយុ៤២ឆ្នាំ និងអ្នកស្រី ឥន សូត្រ អាយុ៤៣ឆ្នាំ ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅព្រឹកម៉ោង៨ ថ្ងៃទី២៧ ខែសីហា ក្រោមហេតុផល«រឿងហេតុផ្ទាល់ខ្លួន»។
កាលពីថ្ងៃទី២៧ ខែសីហា ស្រ្តីទាំង២នាក់បានមកធ្វើការស្រាយបំភ្លឺ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញទេ។ នេះបើតាមអ្នកស្រី ខៀវ សារុន ដែលជាអ្នកភូមិជិតស្និទ្ធិនឹងស្រ្តីទាំង២នាក់នោះ។ អ្នកស្រីបានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាស្រ្តីទាំងពីរនាក់នោះត្រូវបានសួរនាំអំពី«ល្មើសបម្រាមគោចរ និងវិធានសុខាភិបាល» ប៉ុន្តែមិននឹកស្មានថាមានការឃាត់ខ្លួន។ អ្នកស្រីបញ្ជាក់ថាពួកគេក៏មិនបានគេចវេះក្នុងការផាកពិន័យប្រាក់ ដោយសារការមិនពាក់ម៉ាស់នោះទេ។
អ្នកស្រីថ្លែងថា៖ «ភាពអយុត្តិធម៌ណាស់សម្រាប់គាត់ បើសិនជាច្បាប់[ល្មើសវិធានសុខាភិបាល] ហើយធ្វើតាមច្បាប់ពិតប្រាកដទាំងអស់គ្នាគួរធ្វើម៉េចឲ្យមានភាពស្មើគ្នា»។
មុននឹងការកោះហៅរបស់នគរបាលខេត្តស្វាយរៀង អ្នកស្រី យស់ សោភ័ណ្ឌ និងអ្នកស្រី ឥន សូត្រ បានចេញមុខតវ៉ាយ៉ាងសកម្មក្នុងរឿងទំនាស់ដីធ្លីក្នុងភូមិចេក ភូមិសំរោងឃុំឈើទាល។ ពួកគេត្រូវបានអាជ្ញាធរចេញបង្កាន់ដៃពិន័យឲ្យបង់ប្រាក់២លានរៀលក្នុងមួយនាក់ពីការមិនគោរពវិធានសុខាភិបាលនៅពេលដែលពួកគេតវ៉ាទាមទារសំណងដីស្រែចម្ការរបស់ពួកគេក្នុងតម្លៃ៣ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីថ្ងៃទី៣ ខែសីហា។
បង្កាន់ដៃពិន័យអន្តរការណ៍ នៅថ្ងៃទី៤ ខែសីហា បានឲ្យដឹងថាការផាកពិន័យនេះតម្រូវឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គលសាមី បង់ប្រាក់ពិន័យក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃ ហើយប្រសិនបើមិនបង់ប្រាក់ពិន័យទាន់ពេលវេលាកំណត់ទេ រដ្ឋបាលថ្នាក់ក្រោមជាតិនឹងកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
អ្នកស្រី ខៀវ សារុន បានឲ្យដឹងថាស្ត្រីទាំង២នាក់បានត្រៀមថវិការួចហើយថានឹងទៅបង់ប្រាក់ពិន័យលើការល្មើសវិធានសុខាភិបាលនេះ នៅពេលដែលពួកគេចេញពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងវិញ។
អ្នកស្រីបន្ថែមថា៖ «លិខិត[កោះហៅគឺខាង] ស្រុកគេបានយកទៅឲ្យគាត់ហើយពួកខ្ញុំក៏បានជជែកគ្នាដែរថានៅពេលដែលគាត់រួចចេញពីកន្លែងដែលគេសួរនាំ កន្លែងស្នងការ[គឺ]ពួកខ្ញុំ ពួកខ្ញុំនឹងយកលុយ[ពិនិត្យបម្រាមគោចរ]ទៅបង់នៅសាលាខេត្តនៅថ្ងៃទី២៧ [ខែសីហានេះ] ពីព្រោះពួកខ្ញុំបានត្រៀមលុយរួចហើយ [គឺ]ថានៅពេលពួកខ្ញុំចេញពីស្នងការ ពួកខ្ញុំចូលទៅបង់លុយហើយ»។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាអ្នកធ្វើការជាមួយកសិកររឿងបញ្ហាដីធ្លី បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាការចោទប្រកាន់នេះ ពាក់ព័ន្ធជាមួយបញ្ហាដីធ្លីដែលកសិករតវ៉ាទាមទារកាលពីដើមខែសីហា។ លោកបន្ដថាប្រសិនបើអាជ្ញាធរប្រើច្បាប់ស្តីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩»នេះ គួរតែអនុវត្តឲ្យបានស្មើគ្នា និងមានតម្លាភាពដោយកុំឲ្យមានភាពច្របូកច្របល់រឿងបញ្ហាដីធ្លី និងការអនុវត្តវិធានការបង្ការជំងឺកូវីដ១៩នេះ។
លោកថ្លែងថា៖ «រឿងដើមហេតុនៃការតវ៉ារហូតដល់ត្រូវបានអាជ្ញាធរហើយតុលាការចោទថាល្មើសបម្រាមគោចរ ឬក៏ល្មើសច្បាប់កូវីដ១៩ហ្នឹងគឺដោយសារតែបញ្ហាដីធ្លីរបស់ពួកគាត់[ហើយ]មិនមែនអត់ដើមចម[ដើមរឿង]ទេ។ ដូច្នេះមើលទៅរឿងរ៉ាវនេះវាមានភាពស្មុគស្មាញ ហើយប្រទាក់ក្រឡាគ្នារវាងបញ្ហាដីធ្លី[ជាមួយ]នឹងការអនុវត្តទៅលើបម្រាមគោចរ ឬក៏វិធានការរបស់អាជ្ញាធរពាក់ព័ន្ធបង្ការជំងឺកូវីដ១៩»។
ចំណែកលោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាករណីនេះជាការដាក់បន្ទុកធ្ងន់ធ្ងរ ការគំរាមកំហែង និងបំបាក់ស្មារតីទៅលើសកម្មជនដីធ្លី។
លោកបន្តថារដ្ឋាភិបាលនិងក្រសួងដែនដីនគរូបនីយកម្ម គួរតែស្វែងរកឬសគល់នៃបញ្ហាដីធ្លី និងបញ្ចប់វាដូចពីកាលកន្លងទៅ ជាជាងប្រើយន្តការផ្លូវច្បាប់ដាក់ទោសទៅលើប្រជាពលរដ្ឋបែបនេះ។ លោកបន្ថែមថាមធ្យោបាយល្អអាជ្ញាធរត្រូវដោះស្រាយតាមការចរចា និងសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីកុំឲ្យមានវិវាទដីធ្លីចេះតែកើនឡើងបន្តបន្ទាប់ទៀត៕