សាលាក្តីកាត់ទោសខ្មែរក្រហមនឹងចាប់ផ្តើមកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ក្នុងសំណុំរឿង០០២ វគ្គទី២ នៅព្រឹកថ្ងៃសុក្រទី១៧ ខែតុលាខាងមុខ ទាក់ទងនឹងបទឧក្រិដ្ឋកម្មសំខាន់ៗក្នុងទសវត្សរ៍១៩៧០ ដែលមានពលរដ្ឋខ្មែរជាង១លាន៧សែននាក់ស្លាប់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីនៅថ្ងៃនេះបញ្ជាក់ថា នៅថ្ងៃបើកសវនាការដំបូង ជនជាប់ចោទដែលមានវ័យជាង៨០ឆ្នាំពីរនាក់គឺនួន ជា បងធំ ទី២ និងខៀវ សំផន ប្រមុខរដ្ឋនឹងត្រូវអនុញ្ញាតឲ្យធ្វើសក្ខីកម្មជាសង្ខេបតបនឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា។
សាក្សីទី១នឹងត្រូវគេអនុញ្ញាតឲ្យផ្តល់សក្ខីកម្មនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ហើយអង្គហេតុក្នុងសវនាការសំណុំរឿងនេះគឺទាក់ទងនឹងសហករណ៍ត្រាំកក់ ការសម្លាប់ ការធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិកជន ហើយនឹងការសម្លាប់ក្នុងមន្ទីរសន្តិសុខ «ក្រាំងតាចាន់» ផងដែរ។
សំណុំរឿង០០២ វគ្គទី២ គឺមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម មានឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមផងដែរ ដែលអំពើទាំងនេះត្រូវក្រុមខ្មែរក្រហមប្រព្រឹត្តនៅក្នុងទីតាំងនៃតំបន់និងខេត្តមួយចំនួន ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ការចាប់ផ្តើមកាត់ទោសនេះនឹងត្រូវគេផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ Live Stream លើគេហទំព័ររបស់សាលាក្តីផងដែរ៕