ក្រុមមេធាវីរបស់ជនជាប់ចោទ នួន ជា បានប្តឹងឲ្យដកចៅក្រមជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមចំនួនបួនរូបចេញពីការកាត់ក្តីសំណុំរឿង០០២វគ្គទី២ ដោយចោទប្រកាន់ថា ចៅក្រមទាំងនោះលំអៀងនិងទទួលរងការជ្រៀតជ្រែកផ្នែកនយោបាយ។
បណ្តឹងធ្វើឡើងស្របពេលដែលការកាត់ទោសវគ្គទីនៃសំណុំរឿង០០២នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលដប់ថ្ងៃទៀត។ នៅក្នុងបណ្តឹងដិតចិត្តទៅកាន់តុលាការខ្មែរក្រហមកាលពីចុងខែកញ្ញា ដែលត្រូវផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទលោកសុន អរុណ និងលោកវ៉ិចទ័រ កូប៉េ សហមេធាវីជាតិនិងអន្តរជាតិរបស់អតីតប្រធានសភាខ្មែរក្រហមបានសុំឲ្យដកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រមសញ្ជាតិបារាំង Jean-Marc Lavergne លោកចៅក្រមយ៉ា សុខន និងលោកចៅក្រមយូរ ឧត្តរា។
សហមេធាវីចុងចោទទាំងពីរបានផ្តោតលើការខកខានរបស់ចៅក្រមនៃអង្គជំនុំជម្រះជាន់ទាបក្នុងការកោះហៅសាក្សីសំខាន់ដែលជាមន្ត្រីរដ្ឋាភិបាលសព្វថ្ងៃនិងលោកហេង សំរិន ប្រធានរដ្ឋសភា ឲ្យចូលបំភ្លឺតុលាការ។ក្រុមមេធាវីនេះបញ្ជាក់ថាលោកហេង សំរិន គឺជាសាក្សីសំខាន់សម្រាប់លោកនួន ជា។ក្រុមមេធាវីបានរៀបរាប់កំហុសនីតិវិធីច្បាប់ជាច្រើនក្នុងការកាត់ក្តីលើចុងចោទក្នុងដំណាក់កាលទី១កន្លងមករួមទាំងការកាត់ក្តីក្នុងសំណុំរឿង០០១ដែលមានជនជាប់ចោទ ឌុច អតីតប្រធានគុកទួលស្លែងផងដែរ។
លោកមេធាវីសុន អរុណ និងលោកវ៉ិចទ័រ កូប៉េ បានទទូចដកចេញចៅក្រមទាំងបួនរូបចេញពីការជំនុំជម្រះសំណុំរឿង០០២វគ្គទី២ ហើយត្រូវពន្យាពេលសវនាការរហូតដល់មានការសម្រេចលើបណ្តឹងនេះ។ លោកសុន អរុណ លើកឡើងថាក្រុមមេធាវីការពារក្តីលើកឡើងថាក្រុមស្មាក្តីបានរកឃើញកំហុសជាច្រើនរបស់ចៅក្រមទាំងនោះក្នុងការកាត់ក្តីកន្លងមកនេះ។
«ដោយសារតែចៅក្រមមានកំហុសច្រើនហើយបានយើងប្តឹងដិតចិត្តផងនិងប្តឹងឧទ្ធរណ៍ផង»។
ថ្វីបើមានការទាមទារបែបនេះក្តី លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងថាក្រុមចៅក្រមទាំងបួនរូបនៅតែមានលទ្ធភាពចូលរួមដំណើរការនីតិវិធីកាត់ក្តីសំណុំរឿង០០២វគ្គទី២នេះរហូតដល់មានការសម្រេចដោយក្រុមប្រឹក្សាជំនុំជម្រះពិសេសមួយដែលបង្កើតឡើងដោយគណកម្មាធិការរដ្ឋបាលតុលាការ។
«ក្រុមប្រឹក្សាជំនុំជុម្រះនេះមានការចូលរួមពីចៅក្រមចំនួនប្រាំរូបដែលនៅក្នុងនោះមានចៅក្រមអន្តរជាតិចំនួនពីររូបនិងចៅក្រមកម្ពុជាចំនួនបីរូបដែលនឹងត្រូវដោះស្រាយលើបណ្តឹងដិតចិត្តនេះ។ហើយទោះបីជាមានបណ្តឹងដិតចិត្តនេះប្រឆាំងនឹងចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូង ប៉ុន្តែបណ្តឹងដិតចិត្តនេះមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការតុលាការសាលាដំបូងទេ លុះត្រាតែមានការសម្រេចរួចរាល់លុះត្រាតែមានការសម្រេចចេញពីក្រុមប្រឹក្សាជំនុំជម្រះ»។
នួន ជា និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី៧ខែសីហាបន្ទាប់ពីឆ្លងកាត់ការកាត់ទោសដំណាក់កាលទី១ក្នុងសំណុំរឿង០០២។ទោសនេះដោយតុលាការបានរកឃើញការជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ជនជាប់ចោទចំពោះ ការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់ចន្លោះពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។
យោងតាមវិធានផ្ទៃក្នុងក្រុមប្រឹក្សាជំនុំជម្រះមានរយៈពេលបីខែក្នុងការសម្រេចលើបណ្តឹងដិតចិត្តនេះ៕