ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ជួប​ជន​រងគ្រោះ​ខ្មែរ​ក្រហម​មុន​ពេល​សវនការ​វគ្គ​ទីពីរ


​ការ​កាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី២​ដែល​មាន​ជនជាប់​ចោទ​ នួន ជា និង​ខៀវ សំផន គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលានេះ។
​ការ​កាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី២​ដែល​មាន​ជនជាប់​ចោទ​ នួន ជា និង​ខៀវ សំផន គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលានេះ។

ជិត​ពីរស​ប្តាហ៍​មុន​នឹង​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​បើក​សវនាការក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី២ ក្រុម​មេធាវី​បាន​ផ្តល់​ព័ត៌មានចាំបាច់​មួយ​ចំនួន​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ជា​ភាគី​តំណាង​ឲ្យ​ជន​រងគ្រោះ​ក្នុង​ដំណើរ​ការ​កាត់​ទោសអតីត​មេដឹក​នាំជាន់​ខ្ពស់​ខ្មែរក្រហម។

​ការ​កាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី២​ដែល​មាន​ជនជាប់​ចោទ​ នួន ជា និង​ខៀវ សំផន គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលានេះ។

នៅ​ថ្ងៃ​នេះ​លោកស្រី​ ម៉ារី ហ្គីរ៉ូ (Marie Guiraud)​ សហមេធាវី​នាំមុខតំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​បានប្រាប់​ដល់​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​នានា​សរុប​ប្រមាណ​២០០​នាក់​នៅ​ថ្ងៃច័ន្ទ​នេះ​ថាតំបន់​ឧក្រិដ្ឋកម្ម​ដំបូង​គេ​ដែល​ត្រូវ​យក​មក​កាត់​ទោស​មុនគេ​គឺ​តំបន់​ឧក្រិដ្ឋ​កម្មនៅ​ក្នុង​ខេត្តតាកែវ។

«អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​កាត់​ទោស​លើតំបន់​ឧក្រិដ្ឋ​កម្ម​ចំនួន​ពីរ​មុន​គេ​ទាក់​ទង​នឹង​សហករណ៍​តាំ្រកក់​និង​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់។​ បន្ទាប់​មក​គឺ​ឧក្រិដ្ឋ​កម្ម​នៅ​ទំនប់​១​មករា រួច​បន្ទាប់​មក​ឧក្រិដ្ឋ​កម្ម​នៅ​ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង»។​

​ការ​រៀប​រាប់​របស់​សហមេធាវី​នាំមុខ​បរទេស​រូប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ជួបជុំ​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​រៀប​ចំ​ដោយ​សាលា​ក្តី​ខ្មែរ​ក្រហម។

អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​នឹង​ចាប់​ផ្តើម​បើក​សវនាការ​កាត់​ទោស​ នួន ជា ​និង​ខៀវ សំផន ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះចំនួន​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។​

យោង​តាម​គម្រោង​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលា​ក្តី​ខ្មែរក្រហមនឹង​កាត់​ក្តី​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី​២​នេះដោយ​ផ្តោ​ត​លើ​ឧក្រិដ្ឋកម្ម​ធំៗ​ចំនួន​៧​ចំណុច។​ ក្នុង​នោះ​មាន​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​នៅ​ក្នុង​សហករណ៍​ដូច​ជា​សហករណ៍​តាំ្រកក់​និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់​ ខេត្ត​តាកែវ​ដែល​មាន​ពលរដ្ឋ​១៥.000​នាក់​ត្រូវ​សម្លាប់។ ឧក្រិដ្ឋកម្ម​នៅ​ការដ្ឋាន​ការងារ​ដូច​ជា​ការដ្ឋាន​ទំនប់​១​មករា ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ​ខេត្ត​បន្ទាយមានជ័យ ​និង​ការដ្ឋាន​ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង។

ឧក្រិដ្ឋកម្ម​លើ​ក្រុម​មនុស្ស​គោល​ដៅ​ត្រូវ​កម្ទេច​របស់​ពួក​ខ្មែរក្រហម​ដូចជា​ជនជាតិ​ចាម ​ជនជាតិ​វៀតណាម​និងអតីត​អ្នក​រាជការ​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ ណុល។ ឧក្រិដ្ឋ​កម្ម​នៅ​តាម​មន្ទីរសន្តិសុខនិង​ការ​បោស​សម្អាតផ្ទៃ​ក្នុង​ដូចជា​មន្ទីរ​សន្តិសុខ​អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំក្រោល ​និងមន្ទីរ​សន្តិសុខ​ស ២១ ឬ​គុក​ទួល​ស្លែង​ជាដើម។

​ក្រៅ​ពីនោះ​អង្គជំនុំជម្រះសាលាដំបូង​នឹងផ្តោត​លើគោលដៅ​ឧក្រិដ្ឋកម្ម​ចំនួន​បីចុង​ក្រោយ​គឺបទល្មើស​ដែល​ទាក់​ទង​នឹង​ការ​ចេញ​បញ្ជា​ឲ្យ​រៀបការ​ដោយ​បង្ខំ​លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​និង​តួនាទីរ​បស់​ជនជាប់​ចោទ​ទាំងពីរ​គឺនួន ជា និង​ខៀវ សំផន។

​សហមេធាវី​នាំមុខតំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​លោកស្រីម៉ារី ហ្គីរ៉ូ (Marie Guiraud)​ បញ្ជាក់​បន្ថែម។​

«សម្រាប់​មន្ទីរ​សន្តិសុខ​តុលាការ​នឹង​ពិនិត្យ​មើល​លើ​មន្ទីរ​សន្តិសុខ​ស ២១ ​ក្រាំង​តាចាន់ ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង​និង​ភ្នំក្រោល។​ ជា​ពិសេស​តុលាការ​នឹង​ពិនិត្យ​មើលស្ថាន​ភាព​ពុទ្ធសាសនិក​ជន​នៅ​តាំ្រកក់។​ តុលាការ​នឹង​ពិនិត្យ​ផងដែរ​លើ​បទ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម ​និង​ពិនិត្យ​អំពី​ស្ថានភាព​រៀបការ​ដោយ​បង្ខំនៅ​ទូទាំង​ប្រទេស​កម្ពុជា»។

​ដោយឡែក​មេធាវី​កម្ពុជា​ដទៃ​ទៀតរំលឹក​អំពី​សាលក្រម​ក្នុង​សំណុំរឿង​០០២​នេះ​នៅ​ក្នុង​ការកាត់​ទោស​វគ្គទី១​និង​សំណង​ផ្សេងៗ។

លោក​មេធាវី​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី ឡោ ជន់ធី ​មក​ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់បាន​បញ្ជាក់​បន្ថែម​អំពី​កាល​បរិច្ឆេទ​នៃ​ការ​កាត់ទោស​ជំហានទី២។

«ក្នុង​សំណុំរឿង​០០២​លើ​០២​នេះ​យើង​នឹងធ្វើសវនាការ​បន្ត​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា​ឆ្នាំ​២០១៤​ខាង​មុខ​នេះ។​នឹង​បន្ត​លើ​អង្គ​ហេតុ​នៅ​ប៉ែក​តាកែវ»។ ​

ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​អាយុ៨៣ឆ្នាំ ​និង​នួន ជា អតីត​ប្រធាន​សភា​អាយុ៨៨ ឆ្នាំ​ត្រូវ​ផ្តន្ទា​ទោស​ដោយអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ដើម​ខែ​សីហា។​ក្រោយ​ពី​តុលាការ​រក​ឃើញ​កំហុសទាក់​ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្រោម​ការ​គ្រប់​គ្រងរបស់​ខ្លួន។

​ការ​គ្រប់​គ្រង​ដែល​មាន​រយៈ​ពេល​ជិត​បួន​ឆ្នាំ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់។

ក្នុង​ពេល​នេះជនជាប់​ចោទ​ទាំង​ពីរ​បាន​ប្រកាស​ប្តឹង​ឧទ្ធរណ៍ប្រឆាំង​នឹងសាលក្រមខាងលើ។

​ដើម​បណ្តឹង​ភាគ​ច្រើន​បានសម្លឹង​មើល​សំណង​ក្រោយ​ពី​ការ​ផ្តន្ទាទោស​ជន​ជាប់​ចោទ​នួន ជា ​និង​ខៀវ សំផន ​ខណៈ​ដែល​សាលា​ក្តី​ខ្មែរក្រហម​បាន​ចែក​សាល​ក្រម​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​១​ដល់​ពួក​គេ។

អ្នកស្រី​ វុធ ម៉ារី មកពី​ខេត្តកំពុងស្ពឺ។

«​គឺ​អត់​ចង់​បាន​អី​ទេ។ ​ចង់​បាន​តែ​សំណង​រួម​២៤​ខេត្ត​ក្រុង​គឺ​ត្រូវ​តែ​មាន​សំណង​រួម​មួយ​ខេត្តមួយ។ ​បើ​មិន​បាន​ច្រើន​ឲ្យ​តែ​បាន​មួយខេត្ត​មួយ​នាង​ខ្ញុំ​នឹង​ស្លាប់​ទៅ​អស់​ចិត្ត»។

ជាមួយគ្នា​នេះ​លោក ស សារិន ​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​មក​ពី​ខេត្ត​កំពង់ចាម​ស្នើ​សុំ​សាលាក្តី​ខ្មែរ​ក្រហម​យក​សព​អតីតមេ​ខ្មែរក្រហម​មក​កប់​នៅ​កន្លែង​ណា​មួយ​សម្រាប់​ប្រយោជន៍​ដល់​ទេសចរ។

«ជន​ជាប់​ចោទ​ទាំង​ប៉ុន្មាន​នាក់​ដែល​ស្លាប់​ទៅហ្នឹង​គឺ​កុំ​ឲ្យ​គេ​យក​ទៅ​កប់​នៅ​ស្រុក​ដូចជា​នៅ​ម៉ាឡៃ។​ គឺ​ចង់​ឲ្យ​ដាក់​ពួក​គាត់​នៅ​មួយ​កន្លែង​ដូចជា​នៅ​បឹង​ជើងឯក​ មាន​អៀង​ សារី មាន​ខៀវ សំផន មាន​នួន ជា​ រាប់​ទាំង​ឌុច ផងដែរ។ ​ដាក់​តាំង​ជា​ពិពណ៌​ដើម្បី​ឲ្យ​គេ​មើល​ឃើញ​អំពី​របប​របស់​គាត់​ដែល​ដឹក​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​អញ្ចឹង»។

ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ចុង​ក្រោយ​នេះ​លោក​ពេជ អង្គ ​សហ​មេធាវី​នាំមុខ​កម្ពុជា​សម្រាប់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ពន្យល់​ថាមិន​មានច្បាប់​ចែង​ផ្តល់​លទ្ធភាព​បែបនេះទេ។​ លោក​បញ្ជាក់​ថា ​ក្រោយ​ពី​ការ​ស្លាប់​របស់​ជនជាប់​ចោទ ​តុលាការ​ផុត​សមត្ថកិច្ច​គ្រប់​គ្រង​លើ​ជន​ជាប់​ចោទ​ទៀតហើយ៕

XS
SM
MD
LG