ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​បារាំង​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មក​កម្ពុជា នា​ខែកក្កដា​ខាង​មុខ


រូប​ឯកសារ៖ អ្នក​សង្កេតការណ៍​អន្តរជាតិ​ ចុះត្រួតពិនិត្យ​ការិយា​ល័យ​បោះឆ្នោតនៅក្នុង​សង្កាត់​តាខ្មៅ​ ជាទីតាំង​ការិយាល័យ​ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ទៅបោះឆ្នោតនៅ ​​ខេត្ត​កណ្តាល​ នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូប​ឯកសារ៖ អ្នក​សង្កេតការណ៍​អន្តរជាតិ​ ចុះត្រួតពិនិត្យ​ការិយា​ល័យ​បោះឆ្នោតនៅក្នុង​សង្កាត់​តាខ្មៅ​ ជាទីតាំង​ការិយាល័យ​ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ទៅបោះឆ្នោតនៅ ​​ខេត្ត​កណ្តាល​ នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ស្ថានទូត​បរទេស​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​ពួកគេ​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​ ដើម្បី​ចូលរួមតាម​ដានការ​បោះឆ្នោត​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣​ឡើយ។

ពួកគេ​មិន​បាន​បញ្ជាក់​មូល​ហេតុ​ចំៗ​នៃ​ការ​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ឡើយ។ ប៉ុន្តែ​អ្នក​តាម​ដាន​មើល​ថា​ស្ថាន​ភាព​នយោបាយ អវត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ការ​កាត់​ទោស​មេដឹកនាំ​គណ​បក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ​២៧​ឆ្នាំ កាល​ពី​ដើម​ខែ​មីនា អាច​ជា​ចំណុច​ដែល​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​រដ្ឋាភិបាល​ជប៉ុន​មិន​មាន​គម្រោង​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​ណា​ឡើយ​មក​ប្រទេស​កម្ពុជា។ ស្ថានទូត​បន្ថែម​ថា ​បើ​ទោះ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ស្ថានទូត​កំពុង​ពិចារណា​ក្នុង​ការ​ដាក់​តែ​មន្រ្តី​ដែល​ជា​«ភ្ញៀវ​ពិសេស» ដែល​នឹង​ទៅ​តាម​ទីតាំង​បោះ​ឆ្នោត​មួយ​ចំនួន ដើម្បី​តាម​ដាន​ក្រៅ​ផ្លូវ​ការ។

បើ​តាម​ស្ថានទូត​ជប៉ុន រដ្ឋាភិបាល​ជប៉ុន​មិន​មាន​គម្រោង​ណាមួយ​ក្នុង​ការ​ផ្តល់​ជំនួយ​ជា​សម្ភារៈ និង​ការ​ចំណាយ​ផ្សេង​ទៀត សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ឡើយ។

ស្ថានទូត​ឲ្យ​ដឹង​ថា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ជប៉ុន​ហៅ​កាត់​ថា ​JICA កំពុង​តែ​ផ្តល់​ជំនួយ​បច្ចេកទេស​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ជួយ​ដល់​ការ​អប់រំ​សម្រាប់​អ្នក​បោះ​ឆ្នោត។

ស្ថានទូត​ជប៉ុន​បញ្ជាក់​បន្ថែម​ថា៖ «រដ្ឋាភិបាល​ជប៉ុន​គិត​ថា ​វា​មាន​សារៈសំខាន់​ដែល​ការ​បោះឆ្នោត​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ ហើយ​យើង​នឹង​តាម​ដាន​ស្ថានការណ៍​ពាក់ព័ន្ធ​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ប្រទេស​កម្ពុជា»។

ចំណែក​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ ​Twitter របស់​ខ្លួន​នា​ថ្ងៃ​ពុធ​នេះ​ថា ​បារាំង​មិន​មាន​បំណង​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​តាម​ដាន​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ឡើយ។ ស្ថានទូត​បន្ថែម​ថា​ រដ្ឋាភិបាល​បារាំង​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​នៃ​ការ​បង្កើត​បរិយាកាស​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គ​ការ​សង្គម​ស៊ីវិល​ដំណើរ​ការ​ដោយ​មិន​មាន​ឧបសគ្គ ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ។

ចំណែក​អ្នកនាំពាក្យ​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កញ្ញា Stephanie Arzate ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​សហរដ្ឋ​អាមេរិក​ជំរុញ​ដំណើរ​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ចូលរួម​ពី​តួ​អង្គ​នយោបាយ​ទាំង​អស់ ហើយ​ដែល​ប្រជាជន​កម្ពុជា​អាច​រីករាយ​នឹង​សិទ្ធិ​នយោបាយ​របស់​ពួកគេ​ដោយ​សេរី។

កញ្ញា​បញ្ជាក់តាម​សារ​អ៊ីមែល​ថា៖ «យើង​ជំរុញ​ឲ្យ​អាជ្ញាធរ​ពង្រឹង​ប្រជាធិបតេយ្យ​ដែល​មាន​គណ​បក្ស​នយោបាយ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​មាន​មតិ​នយោបាយ​ជំទាស់ ជំរុញ​ការ​ប្រកួត​ប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី សេរី និង​យុត្តិ​ធម៌ និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​យោបល់​ដោយ​ចំហ និង​សេរី»។

អ្នក​នាំ​ពាក្យ​រូប​នោះ​មិន​បាន​បញ្ជាក់​ចំៗ​ថា ​តើ​អាមេរិក​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មក​កម្ពុជា​ឬ​យ៉ាងណា។


លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ប្រាប់​វីអូអេ​ថា​ការ​ដាក់​ ឬ​មិន​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ស្ថាន​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ ជា​សិទ្ធិ​របស់​ពួក​គេ និង​ថា​វា​មិន​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ឡើយ។

លោក​ថ្លែង​ថា៖ «ការ​ដាក់​ឬ​ក៏​មិន​ដាក់​ គឺជា​សិទ្ធិ​នៃ​ស្ថាន​ទូត​នោះ​ទេ។ ខ្ញុំ​អត់​ដែល​បាន​និយាយ​ថា​ស្ថាន​ទូត​ជប៉ុន​នឹង​ដាក់​អ្នក​សង្កេត​ការណ៍​នោះ​ទេ»។

លោក​បន្ថែម​ថា​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ជា​ទៀង​ទាត់​តាម​ច្បាប់ និង​គន្លង​នៃ​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឡើង​៥ឆ្នាំ​ម្តង។


លោក កន សាវាង្ស មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ខុមហ្វ្រែល លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់ មិន​អាស្រ័យ​លើ​ការ​ដាក់​ឬ​មិន​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​វា​ផ្អែក​ទៅ​លើ​ការ​អនុវត្ត​បទបញ្ជា នីតិវិធី​ ដែល​ស្រប​ទៅ​តាម​ស្តង់​ដារ​អន្តរ​ជាតិ។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​សរុប​មក​វិញ រឿង​ការ​ចូល​រួម​ឬ​មិន​ចូល​រួម​របស់​បរទេស មិន​មែន​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់​ឬ​មិន​ស្រប​ច្បាប់​ទេ។ កាល​ណា​បង្ហាញ​ភាព​ស្រប​ច្បាប់​ សេរី យុត្តិ​ធម៌​ហ្នឹង វា​ជា​រឿង​មួយ​ផ្សេង​មួយ​ទៀត គេ​ពិនិត្យ​មើល​ទៅ​លើ​គោល​ការណ៍​នៃ​ដំណើរ​ការ​បោះឆ្នោត​ហ្នឹង។ ទៅ​តាម​ស្តង់ដា ទៅ​តាម​រដ្ឋធម្មនុញ្ញ​ ទៅ​តាម​ច្បាប់ បទ​បញ្ជា នីតិវិធី​មួយៗ ឬ​ក៏​ការ​គោរព​ទៅ​តាម​កតិកា ឬក៏​សន្ធិ​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ»។

គួរ​បញ្ជាក់​ថា​កាល​ពី​សប្ដាហ៍​មុន មាន​ការ​ចាប់​ខ្លួន​សមាជិក​របស់​គណ​បក្ស​ភ្លើង​ទៀន​ចំនួន​៣នាក់ ដែល​គណបក្ស​ប្រឆាំង​បានថ្កោល​ទោស និង​ចាត់​ទុក​ជា​ការ​«គំរាម​កំហែង​ថ្មី​មួយ​ទៀត» ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​២០២៣ ខិត​ជិត​មក​ដល់៕

XS
SM
MD
LG