ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រក​ឃើញ​​ពលរដ្ឋ​កម្ពុជា​២​នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា ករណីសរុប​កើន​ដល់​១១៧


អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា២​នាក់​ទៀត​ ដែល​កើត​លើ​ពលរដ្ឋ​កម្ពុជា នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៧។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

ក្រសួង​បញ្ជាក់​ថា មនុស្ស​ដែល​ឆ្លង​នោះ មានស្រ្តីម្នាក់ អាយុ​៤៥​ឆ្នាំ ជា​ភរិយា​របស់​បុរស​ ដែល​មាន​វីរុស​កូរ៉ូណា កាល​ពី​កន្លង​ទៅ។ ស្រ្តី​នោះ​ត្រូវ​ដាក់​ឲ្យ​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ។ អ្នក​ឆ្លង​ម្នាក់​ទៀត គឺ​ជា​បុរស អាយុ​៤៧​ឆ្នាំ ត្រូវ​ជា​ស្វាមី​របស់​ស្រ្តី​ម្នាក់​រស់​នៅ​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ។ បើ​តាម​ក្រសួង​សុខាភិបាល បុរស​នេះ​ជា​មិត្តភក្តិ​របស់​បុរស​ជនជាតិ​ចិន​ចូល​មក​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ហើយ​បាន​ចាក​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃទី​៣ ខែមេសា និង​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា ដោយ​អាជ្ញាធរសុខាភិបាល​នៅ​ប្រទេស​ចិន។

ក្រសួង​បញ្ជាក់​ថា​ជនជាតិ​ចិន​រូប​នេះ ឧស្សាហ៍​ចេញ​ចូល​ប្រទេស​កម្ពុជា និង​ជាមិត្ត​ប្រុស​របស់ស្រ្តី​ជនជាតិ​វៀតណាម​ ដែល​ត្រូវ​បាន​រក​ឃើញផ្ទុក​វីរុស​កូរ៉ូណា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃ​អង្គារ។

រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បិទ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ផ្សេងៗ មក​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ដោយសារ​ប្រទេស​ទាំង​នោះបាន​បិទ​ជើង​យន្ត​ហោះ និង​ការ​ធ្វើ​ដំណើរ​អស់​ហើយ ដូច្នេះ​កម្ពុជា​មិន​បាច់​បិទ​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល មនុស្ស​៥​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​ពុធ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៦៣​នាក់​៕

XS
SM
MD
LG