អ្នកជំនាញសុខាភិបាលបាននិយាយថា ប្រទេសសិង្ហបុរី ដែលពោរពេញទៅដោយមនុស្ស កំពុងព្យាយាមការពារសហគមន៍របស់ខ្លួនមិនឲ្យឆ្លងវីរុសកូវីដ១៩ តាមរយៈការធ្វើតេស្តឲ្យបានទាន់ពេលវេលា តាមដានរាល់ទំនាក់ទំនងរបស់អ្នកជំងឺកូវីដ១៩នេះ ការផ្តល់សារដែលគួរឲ្យទុកចិត្តបានដល់សាធារណៈជន និងការរៀនសូត្រពីបទពិសោធន៍ពីអតីតកាល។
នៅថ្ងៃទី២៣ ខែមករា ប្រទេសសិង្ហបុរី បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗផ្សេងទៀត បន្ទាប់ពីប្រទេសចិន ដែលបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ អ្នកឆ្លងដំបូងគេនៅប្រទេសសិង្ហបុរី គឺបុរសវ័យ៦៦ឆ្នាំម្នាក់ ដែលបាននាំយកវីរុសដ៏កាចសាហាវនេះមកជាមួយលោក នៅ៣ថ្ងៃមុននោះ នៅពេលដែលលោកចេញពីក្រុងវូហាននៃប្រទេសចិន។
ចាប់តាំងពីពេលនោះមក អង្គការសុខភាពពិភពលោក WHO បានកំណត់ការឆ្លងរាលដាលយ៉ាងលឿននៃវីរុសនេះនៅទូទាំងសាកលលោកថា ជាការរាតត្បាតជំងឺក្នុងសាកលលោក ដោយការផ្ទុះឡើងនូវវីរុសនេះ ហើយឆ្លងដល់មនុស្សចំនួនរាប់ពាន់នាក់ រាប់ចាប់ពីប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងផ្នែកជាច្រើននៅអឺរ៉ុប។ ក្នុងពេលជាមួយគ្នានោះ ប្រទេសសិង្ហបុរីដែលជាចំណុចបណ្តុំនៃការធ្វើដំណើរក្នុងតំបន់ដ៏សំខាន់មួយនិងជាចំណុចផ្ទេរកប៉ាល់ពាណិជ្ជកម្ម និងជាប្រទេសមានពលរដ្ឋរស់នៅយ៉ាងច្រើនកកកុញរហូតដល់៥លាន ៦សែននាក់នោះ បានរាយការណ៍ថា ខ្លួនមានករណីឆ្លងចំនួន៣៤៥បន្ថែមទៀត និងមិនមានករណីស្លាប់នោះទេ គិតដល់ត្រឹមថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ។
អ្នកស្រីវេជ្ជបណ្ឌិត Ying-Ru Jacqueline Lo អ្នកតំណាងអង្គការ WHO ប្រចាំនៅប្រទេសព្រុយណេ ម៉ាឡេស៊ី និងសិង្ហបុរីនិយាយថា «នេះជាសមិទ្ធផលមួយដ៏អស្ចារ្យ»។
ដូចទីក្រុងហុងកុង និងកោះតៃវ៉ាន់ដែរ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានការសរសើរចំពោះការឆ្លើយតបយ៉ាងលឿន និងម៉ត់ចត់របស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។ ទោះជាចំនួននៃករណីឆ្លងដែលប្រកាសជាផ្លូវការបន្តកើនឡើងជារៀងរាល់ថ្ងៃក្តី ការរាយការណ៍នៃករណីឆ្លងថ្មីៗភាគច្រើន គឺនៅតែទាក់ទងទៅនឹងមនុស្ស ដែលបានឆ្លងជំងឺនេះ ពីក្រៅប្រទេស។ អ្នកស្រី Lo បាននិយាយក្នុងសម្តីដើមថា៖
«អាជ្ញាធរមានតម្លាភាពចំពោះអ្វីដែលពួកគេបានដឹង អ្វីដែលពួកគេមិនបានដឹង អ្វីដែលពួកគេនឹងធ្វើ និងអ្វីដែលសាធារណជនអាចធ្វើបាន។ អ្វីៗទាំងអស់នេះបានចាប់ផ្តើមឡើងតាំងពីដំបូង»។
លោក Jeremy Lim ដែលជាសហប្រធានផ្នែកសុខភាពសាកលនៅសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសរសើរថា ការឆ្លើយតបភាគច្រើន គឺជាវិធានការកើតចេញពីបទពិសោធន៍ដ៏អាក្រក់របស់ប្រទេសនេះ ទៅនឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរឬជំងឺ SARS ដែលមានភាពកាចសាហាវជាងជំងឺកូវីដ១៩នេះទៅទៀត។
ការផ្ទុះឡើងនៃជំងឺ SARS ជាសាកលនៅក្នុងឆ្នាំ២០០៣ បានចម្លងដល់ពលរដ្ឋសិង្ហបុរីចំនួន២៣៨នាក់ និងសម្លាប់៣៣នាក់ ដែលនេះជាចំនួនច្រើនជាងកន្លែងផ្សេងៗ លើកលែងតែប្រទេសចិនដីគោក ហុងកុង តៃវ៉ាន់ និងកាណាដា។
លោក Lim បាននិយាយបន្តក្នុងសម្តីដើមថា៖
«បទពិសោធន៍នៃជំងឺ SARS ដក់ក្នុងអារម្មណ៍របស់បុគ្គលម្នាក់ៗ ហើយវាជាការយល់ដឹងរួមមួយ»។
លោក Lim បានបន្ថែមទៀតថា៖
«យើងភាគច្រើនបានបាត់បង់មិត្តភក្តិ។ យើងបានបាត់បង់មិត្តភក្តិជិតស្និទ្ធ សាច់ញាតិ ដែលបានឆ្លងជំងឺនោះ ហើយខ្ញុំគិតថា បន្ទាប់ពីមានជំងឺ SARS យើងគិតថា មិនអាចឲ្យរឿងនេះកើតឡើងទៀតទេ។ យើងត្រូវត្រៀមខ្លួនឲ្យបានល្អជាងនេះ នៅពេលក្រោយ»។
សិង្ហបុរីពិតជាបានត្រៀមខ្លួនបានល្អមែន។ ភ្លាមៗបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ SARS រដ្ឋាភិបាល បានធ្វើការកាន់តែខ្លាំងដើម្បីបង្កើនការបណ្តុះបណ្តាលការឆ្លើយតបដល់បុគ្គលិកសុខាភិបាលរបស់ខ្លួន និងបង្កើនបរិក្ខារសុខាភិបាលដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺក្នុងពេលអនាគត រួមទាំងតម្រូវឲ្យក្រសួងផ្សេងៗ និងស្ថាប័នក្រៅរដ្ឋាភិបាលចូលរួមក្នុងកិច្ចការនេះ។ មជ្ឈមណ្ឌលជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លង ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន។
ជាលទ្ធផល ប្រទេសសិង្ហបុរីមានក្រុមការងារអន្តរស្ថាប័នដែលផ្តោតលើការងារត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ នៅដើមខែមករា មុនពេលអាជ្ញាធរប្រកាសពីករណីដំបូងនៃការឆ្លងនៅក្នុងប្រទេស និងមុនពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ ជាពេលដែលចំនួនមនុស្សមកពីប្រទេសចិន ជាទូទៅកើនឡើងខ្លាំង។
នៅពេលនោះ រដ្ឋាភិបាលបានផ្អាកជើងហោះហើរទាំងអស់មកពីក្រុង Wuhan ទីដែលវីរុសកូរ៉ូណាឆ្លងទៅមនុស្ស ដែលទំនងជាពីសត្វប្រចៀវ កាលពីឆ្នាំមុន។ ប៉ុន្មានសប្តាហ៍ក្រោយមក ប្រទេសនេះបានហាមឃាត់មិនឱ្យមានការចូលក្នុងប្រទេស ចំពោះអ្នកណាដែលធ្លាប់ធ្វើដំណើរទៅប្រទេសចិន កូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីតាលី បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។ មនុស្សធ្វើដំណើរមកពីប្រទេសផ្សេងទាំងអស់ កំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល១៤ថ្ងៃ រួមទាំងពលរដ្ឋសិង្ហបុរី និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ផងដែរ។
អាជ្ញាធរបានអនុវត្តចំណាត់ការនេះតាមរយៈការគំរាមដាក់ពិន័យ និងពន្ធនាគារ ហើយពួកគេបានបង្ហាញឱ្យឃើញថា ពួកគេធ្វើមែន កាលពីចុងខែកុម្ភៈ នៅពេលដែលអាជ្ញាធរបានដកហូតឋានៈជាអ្នកស្នាក់នៅអចិន្ត្រៃយ៍របស់បុរសម្នាក់ ដែលមិនគោរពតាមការណែនាំឲ្យស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីបានធ្វើដំណើរត្រឡប់មកពីប្រទេសចិនវិញភ្លាមៗ។
ក្នុងនាមជាប្រទេសដែលមានផលិតផលសរុបក្នុងស្រុកខ្ពស់បំផុតមួយនៅក្នុងពិភពលោកសម្រាប់ពលរដ្ឋម្នាក់ៗ ប្រទេសសិង្ហបុរីក៏បានរៀបចំធនធានហិរញ្ញវត្ថុដ៏ច្រើនរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងនេះតាំងពីដំបូង ដោយផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃដល់អ្នកដែលសង្ស័យថាមានវីរុសនេះ ការព្យាបាលដោយមិនគិតថ្លៃ និងការផ្តល់ប្រាក់ចំនួនប្រមាណ៧០ដុល្លារក្នុងមួយថ្ងៃ សម្រាប់អ្នកធ្វើការក្នុងស្រុកដែលត្រូវបានអាជ្ញាធរបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ។
វាមានសារៈសំខាន់ណាស់ដែលបុគ្គលិកសុខាភិបាលសហការជាមួយនឹងប៉ូលិស ដើម្បីធ្វើការតាមដានជាបន្ទាន់ក្នុងការស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកមានជំងឺនេះ។
លោក Lim បាននិយាយបន្ថែមទៀតថា៖
«វាគឺជាលទ្ធភាពក្នុងការប្រើប្រាស់ធនធានឲ្យបានលឿននៅក្នុងសង្គមទាំងមូល ដែលពិតជាផ្តល់មូលដ្ឋានដល់យើងក្នុងការតាមដានអ្នកធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ យ៉ាងមានប្រសិទ្ធភាព ការដាក់មនុស្សឱ្យនៅដាច់ដោយឡែក និងកិច្ចការផ្សេងៗទៀត»។ វាជាអ្វីដែលគេហៅថា វិធីសាស្ត្រដែលអនុវត្តដោយ«សង្គមទាំងមូល»។
អ្នកស្រី Lo បាននិយាយថា «វាមានន័យថា នៅពេលអ្នករៀបចំការអន្តរាគមន៍ ឧទាហរណ៍អ្នករៀបចំផែនការសម្រាប់អ្វីដែលមនុស្សម្នាអាចធ្វើបានដោយខ្លួនឯង និងអ្វីដែលសង្គមទាំងមូលអាចធ្វើបាន ដោយរាប់ចាប់ពីរដ្ឋ អង្គការក្រៅរដ្ឋាភិបាល រហូតដល់ក្រុមអាជីវកម្មឯកជន ដែលជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងការថែទាំសុខភាពនៅក្នុងប្រទេសសិង្ហបុរី»។
អ្នកស្រីក៏បានសរសើរដល់ថ្នាក់ដឹកនាំចំពោះការផ្ញើសារដល់សាធារណជន ដោយលើកទឹកចិត្តពួកគេ មិនឱ្យមានការប្រមូលផ្តុំគ្នាច្រើន និងចាត់វិធានការតាំងពីដំបូងៗលើការផ្គត់ផ្គង់ម៉ាស់ ហើយរក្សាការផ្គត់ផ្គង់នេះយ៉ាងថេរ ដល់អ្នកជំងឺ និងសម្រាប់បុគ្គលិកសុខាភិបាលដែលប្រយុទ្ធនៅជួរមុខនឹងជំងឺនេះ។
អ្នកស្រី Lo បាននិយាយបន្ថែមក្នុងសម្តីដើមថា៖
«ពួកគេទាំងនោះ បានសហការណ៍ជាមួយនឹងសមាជិកសហគមន៍ បង្កើតសារសម្រាប់សាធារណៈជន។ ពួកគេធ្វើតេស្តសាកល្បង និងបញ្ចេញសារនោះជាប្រព័ន្ធ ហើយក៏ទទួលបានជោគជ័យ។ ប្រទេសម៉ាឡេស៊ី និងប្រទេសដទៃទៀតបានចាប់ផ្តើមយឺតបន្តិត ប៉ុន្តែពួកគេបានប្រើប្រាស់វិធីសាស្ត្រនេះដែរ ហើយវិធីសាស្ត្រនេះបានជួយពួកគេ»។
សុន្ទរកថារយៈពេល៩នាទីរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៩ ខែកុម្ភៈក៏បានជួយបន្ធូរភាពភ័យស្លន់ស្លោរក្នុងការទិញទំនិញស្តុកទុក នៅលើប្រទេសជាកោះដែលពឹងផ្អែកខ្លាំងលើការនាំចូលមួយនេះផងដែរ នៅពេលដែលមានការភ័យខ្លាចថា សង្វាក់ផ្គត់ផ្គង់ជាសាកល នឹងត្រូវបន្ទុចបង្អាក់នោះ។
អ្នកស្រីវេជ្ជបណ្ឌិត Claire Hooker ជាសាស្ត្រាចារ្យជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់គុណតម្លៃ សីលធម៌ និងច្បាប់ក្នុងវិស័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Sydney បាននិយាយប្រាប់សារព័ត៌មាន Bloomberg ថា សុន្ទរកថានោះ «គឺជាឧទាហរណ៍ដ៏ល្អមួយនៃទំនាក់ទំនង ក្នុងការប្រាប់ពីហានិភ័យ។ វាបង្ហាញមនុស្សម្នាឱ្យឃើញពីផែនការជាក់លាក់ ដែលវាខុសពីវិធានការគ្រប់គ្រងមនុស្ស ដែលធ្វើឲ្យពួកគេយល់ថា សេរីភាពរបស់ពួកគេត្រូវបានគំរាមកំហែង»។
ថាតើវិធីសាស្ត្រ និងយុទ្ធសាស្ត្ររបស់រដ្ឋដែលជាទីក្រុងតូចមួយនេះ ដែលមានការគ្រប់គ្រងបែបផ្តាច់ការ អាចជាគំរូសម្រាប់ប្រទេសផ្សេងដែរ ឬ យ៉ាងណានោះ វាគឺជាបញ្ហាដាច់ដោយឡែកមួយផ្សេងទៀត។
អ្នកស្រី Lo និយាយថា ប្រទេសភាគច្រើនអាចយកគំរូតាមប្រទេសសិង្ហបុរីក្នុងការធ្វើឱ្យមានការចូលរួមពីក្រសួងទាំងអស់ វិស័យឯកជន និងសាធារណជន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា និងការទាក់ទងជាមួយនឹងពលរដ្ឋឲ្យបានញឹកញាប់ និងដោយស្មោះត្រង់។
លោក Lim បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍ក្នុងការដែលរដ្ឋាភិបាល និងសង្គម មានទំនាក់ទំនងល្អនឹងគ្នា ហើយការចាត់វិធានការយ៉ាងលឿន ជាជាងពីទំហំធំឬតូចនៃប្រទេស។ លោកផ្តល់តម្លៃតិចតួចដល់សារៈសំខាន់នៃការដឹកនាំដោយឯកបក្សដោយធ្វើការឆ្លើយតបដោយការប្រើកម្លាំង និងបានកត់សម្គាល់ថា នៅក្នុងគ្រប់ប្រទេសផ្តាច់ការ គឺតែងតែមានក្រុមសេរី។
លើសពីនេះ ដោយមានព័ត៌មានក្លែងក្លាយជាច្រើនទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ១៩នេះត្រូវបានចែកចាយ លោក Lim និយាយថា រដ្ឋាភិបាលត្រូវផ្តល់ព័ត៌មានដែលចេញពីប្រភពដែលអាចទុកចិត្តបាន អំពីជំងឺនេះ ព័ត៌មានពីរបៀបនៃការឆ្លើយតបរបស់រដ្ឋាភិបាល និងអ្វីដែលមនុស្សម្នាអាចធ្វើបាន។ លោកដឹងថា មិនមែនប្រទេសទាំងអស់អាចធ្វើបែបនោះបានទេ។
លោក Lim បាននិយាយទៀតថា៖
«ដូចពាក្យចាស់ពោលអ៊ីចឹង គេត្រូវដាំដើមឈើ២០ឆ្នាំ ទើបបានម្លប់។ ដូច្នេះ រដ្ឋាភិបាលដែលមិនទទួលបានការទុកចិត្តពីពលរដ្ឋ មិនអាចរំពឹងថា នឹងទទួលបានការទុកចិត្តក្នុងពេលមួយប៉ព្រិចភ្នែកនោះឡើយ»៕