ខណៈពេលដែលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅថ្ងៃអង្គារនេះ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរិះគន់តុលាការថា បានកាត់ទោសជនល្មើសមួយចំនួនមិនសមទៅនឹងស្ថានទម្ងន់ទោសរបស់ពួកគេនោះទេ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះរិះគន់តុលាការថា បានបន្ធូរបន្ថយទោសដល់ជនល្មើសគ្រឿងញៀនដែលបានប្រព្រឹត្តិទោសកំហុសធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍របស់សមត្ថកិច្ចដែលអនុវត្តច្បាប់។ លោកក៏លើកឡើងដែរថា ឈ្មួញជួញដូរគ្រឿងញៀនមួយចំនួន មានតែឈ្មោះជាប់ពន្ធនាគារ ប៉ុន្តែជាក់ស្ដែង ពួកគេនៅក្រៅពន្ធនាគារ ហើយបន្តជួញដូរគ្រឿងញៀននៅខាងក្រៅក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន។
ការរិះគន់ទៅលើប្រព័ន្ធតុលាការដ៏កំម្រនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព និងការបណ្ដុះបណ្ដាលជនបង្គោលរបស់គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃអង្គារនេះ នៅក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងនៅក្នុងពិធីនេះថា ច្បាប់ស្ដីពីគ្រឿងញៀនបានចែងយ៉ាងតឹងរ៉ឹងនិងផ្ដន្ទាទោសធ្ងន់ធ្ងរចំពោះអ្នកជួញដូរ។ ក៏ប៉ុន្តែលោកថា កន្លងមក លោកសង្កេតឃើញមានការបន្ធូរបន្ថយទោសចំពោះករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយចំនួន ជាពិសេសអ្នកមានទ្រព្យសម្បត្តិច្រើន។
លោក កែ គឹមយ៉ាន ថ្លែងថា៖
«គេថាច្បាប់អត់តឹង។ អត់ទេ ច្បាប់តឹងតើ! ប៉ុន្តែមនុស្សអ្នកកាត់តើដែលបន្ធូរ។ ច្បាប់សរសេរតឹងមែនទែនច្បាប់នេះ។ បើប្រៀបធៀបច្បាប់មុន ខុសគ្នាឆ្ងាយណាស់។ យើងអត់មានច្បាប់ប្រហារជីវិតទេ ប៉ុន្តែច្បាប់ជាប់គុកនេះក៏មិនធូរដែរ។ ឥឡូវមើល ចាប់៥គីឡូ ៤គីឡូ ៣គីឡូ ១គីឡូ ប៉ុន្តែមានមានអ្នកណាជាប់មួយជីវិតទេ? ដូចខ្ញុំមិនដែលឮ»។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បន្ថែមទៀតថា ក្រៅពីការបន្ធូរបន្ថយទោសនេះ អ្នកទោសជួញដូរគ្រឿងញៀនមួយចំនួនក៏មិនបានអនុវត្តទោសខ្លួនឱ្យបានពេញលេញនោះទេ ហើយថែមទាំងបន្តប្រព្រឹត្តបទល្មើសកាន់តែធំជាងមុន។
«អ្នកខ្លះអ៊ីចេះ កាត់រួចហើយយកទៅដាក់គុក។ មានតែឈ្មោះទេ មនុស្សនៅក្រៅរកស៊ីកាន់តែធំឡើង។ ចាប់ម្ដងទៀតកាន់តែធំឡើង»។
លោក កែ គឹមយ៉ាន ថ្លែងបន្តថា៖
«ដែលខ្ញុំថា ចាប់ដំបូងតិច ចេញមកខ្លាំងហ្នឹងខ្ញុំស្គាល់តើ! ហើយមកជួលផ្ទះកូនចៅខ្ញុំ។ ដល់ឥឡូវបន្ធូរចុះបន្ធូរឡើង សល់តែ៣ឆ្នាំ។ ហើយអាហ្នឹងមានទាំងម៉ាស៊ីនដាក់លើឡានទៅផលិតគ្រប់កន្លែង»។
លោក កែ គឹមយ៉ាន បន្តទៀតថា ការអនុវត្តច្បាប់ធូររលុងបែបនេះបានធ្វើឱ្យប៉ះពាល់ដល់ស្មារតីអនុវត្តច្បាប់របស់សមត្ថកិច្ច។
«ហើយបើយើងធូរអ៊ីចឹងហេ! អ្នកអនុវត្តច្បាប់វាអស់ទឹកចិត្តហើយ ចឹងហើយបានយើងចាប់យកលុយដែរទៅ»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅល្ងាចថ្ងៃអង្គារនេះ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកពុំដែលបានដឹងថា មានករណីអ្នកទោសនៅក្រៅពន្ធនាគារនេះទេ។ ទោះយ៉ាងណា លោកថា អគ្គនាយកដ្ឋានពន្ធនាគារនឹងធ្វើការស្រាវជ្រាវបញ្ហានេះឱ្យបានច្បាស់។
អ្នកនាំពាក្យថ្លែងថា៖
«ជួនកាលវាកញ្ឆក់កន្ដៀតអីយ៉ាងម៉េច ហើយបង្កឡើងដោយហេតុអីយ៉ាងម៉េច អាហ្នឹងខ្ញុំគិតថា យើងនឹងស្រាវជ្រាវរឿងនេះ តាមសម្ដីរបស់ថ្នាក់ដឹកនាំយើងណា!»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពមានប្រសាសន៍ថា បទល្មើសគ្រឿងញៀននៅតែជាបញ្ហាចម្បងដោយសារជំនាញនិងសមត្ថភាពរបស់សមត្ថកិច្ចក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅមានកម្រិត។ លោកថា បញ្ហានិទណ្ឌភាពនៃជនល្មើសគ្រឿងញៀនក៏ជាបញ្ហាធំជាងគេមួយ ដែលទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់។
«មិនដឹងថាតើ របៀបដែលពួកឧក្រិដ្ឋជនហ្នឹងគេនៅក្រៅពន្ធនាគារគេនៅដោយរបៀបណា។ តើវាជាអំពើពុករលួយនៅក្នុងកម្រិតតុលាការឬក៏ជាអំពើពុករលួយនៅក្នុងពន្ធនាគារ។ ហ្នឹងវាជាកិច្ចការដែលត្រូវស៊ើបអង្កេតបន្តទៀត»។
កាលពីចុងឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ដែលមានរយៈពេល៦ខែ។ យុទ្ធនាការនេះបានប៉ានស្មានថា អ្នកប្រើប្រាស់គ្រឿងញៀនជាង៥.០០០នាក់នៅទូទាំងប្រទេសនឹងត្រូវនាំខ្លួនដាក់ក្នុងមណ្ឌលកែប្រែបន្សាបគ្រឿងញៀន។
បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បច្ចុប្បន្នចំនួនអ្នកជាប់ពន្ធនាគារសរុបនៅទូទាំងប្រទេសមានជាង២០.០០០នាក់ ដោយក្នុងនោះ ៤០ភាគរយជាអ្នកពាក់ព័ន្ធនឹងករណីគ្រឿងញៀន៕