ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយពីមានសន្តិភាពបាន២០ឆ្នាំ ផ្នត់គំនិតហិង្សានៅតែមាននៅកម្ពុជា


រូបឯកសារ៖ ទង់ជាតិខ្មែរ​បក់រវិចនៅវិមានឯករាជ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២។
រូបឯកសារ៖ ទង់ជាតិខ្មែរ​បក់រវិចនៅវិមានឯករាជ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២។

អ្នកប្រវត្តិសាស្ត្រ ស្នើឲ្យមានការផ្តល់តម្លៃទៅដល់សេចក្តីស្រឡាញ់ និងយោគយល់គ្នាទៅវិញទៅមកដើម្បីបញ្ចៀសអំពើហិង្សានានា ដែលអាចបង្កសោកនាដកម្មដល់ប្រទេសកម្ពុជាជាថ្មីម្តងទៀត។

បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាន​ទទួល​សន្តិភាព​ជិត​២០​ឆ្នាំ​មកហើយ​ក្តី​ ក្រុម​អ្នក​ជំនាញ​ខាង​បង្ការ​អំពើ​ឃោរ​ឃៅ​នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ និង​ក្រុម​ជំទាស់​ផ្តល់​តម្លៃ​ដល់​ការ​ពិភាក្សា​គ្នា​ ប្រសើរ​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​នាំ​ដល់​ការ​ប៉ះទង្គិច​ ​ដែល​អាចកើត​ជា​អំពើ​ហិង្សា​ទ្រង់​ទ្រាយ​ធំ។​

ក្រុម​អ្នក​ជំនាញ​ខាង​បង្កា​រអំពើ​ឃោរឃៅ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​ទទូច​ស្នើ​ឲ្យ​មានការ​ជជែក​គ្នា​សម្រាប់​ស្វែង​រក​ច្រក​បំបែក​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​នៃ​សកម្មជន​សិទ្ធិមនុស្ស​ និង​អាជ្ញាធរ ខណៈ​ដែល​អ្នក​ប្រវត្តិ​សាស្ត្រ ស្នើ​ឲ្យ​មាន​ការ​ផ្តល់​តម្លៃ​ទៅ​ដល់​សេចក្តី​ស្រឡាញ់​ និង​យោគ​យល់​គ្នា​ទៅវិញ​ទៅមក​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​នានា​ ដែល​អាច​បង្ក​សោកនាដ​កម្ម​ដល់​ប្រទេស​កម្ពុជា​ជាថ្មី​ម្តង​ទៀត។​

ការ​ស្នើ​ឲ្យ​មាន​ការ​ជជែកគ្នា​ជា​ជាង​ប្រើ​កម្លាំង​ចាប់​ចង​ក្រុម​អ្នក​ជំទាស់​នឹង​រដ្ឋាភិបាល​នោះ បាន​កើត​មាន​ឡើង​ នៅ​ក្រោយ​ពី​អាជ្ញាធរ​ខ័ណ្ឌ​ដូន​ពេញ​ចាប់​ឃុំខ្លួន​សកម្មជន​សិទ្ធិ​លំនៅ​ដ្ឋាន​នៅ​សហគមន៍​បឹងកក់​ចំនួន​ពីរ​រូប​គឺ​លោក​ស្រី ​ទេព វន្នី ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​និង​សកម្ម​ជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ម្នាក់​ទៀត​គឺ​អ្នក​ស្រី​បូវ សោភា។

ពួកគេ​ទាំងពីរ ​ក្រោយ​មក ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​មជ្ឈឹម​ និង​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។​

លោក​ ពូ​ សុធីរៈ​ នាយក​ប្រតិបតិ្ត​វិទ្យាស្ថាន​ខ្មែរ​សំរាប់​ប្រតិបត្តិការ​ និង​សន្តិភាព​ ថ្លែង​បើក​ពិធី​កិច្ចសន្ទនា​ថ្នាក់​ជាតិ​លើក​ដំបូង​អំពី«​ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ និង​ការ​បង្ការ​អំពើ​ឃោរឃៅ​»នៅឯ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
លោក​ ពូ​ សុធីរៈ​ នាយក​ប្រតិបតិ្ត​វិទ្យាស្ថាន​ខ្មែរ​សំរាប់​ប្រតិបត្តិការ​ និង​សន្តិភាព​ ថ្លែង​បើក​ពិធី​កិច្ចសន្ទនា​ថ្នាក់​ជាតិ​លើក​ដំបូង​អំពី«​ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ និង​ការ​បង្ការ​អំពើ​ឃោរឃៅ​»នៅឯ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

លោក​ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ បាន​ប្រាប់​ VOA ​នៅ​ក្នុង​ពេល​សម្រាក​នៃ​ការ​សន្ទនា​ថ្នាក់​ជាតិ​ជា​លើក​ដំបូង​ស្តីពី​«ទំនួល​ខុសត្រូវ​ក្នុង​ការ​ការ​ពារ​ និង​ការ​បង្ការ​អំពើ​ឃោរឃៅ»​ ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ព្រហស្បតិ៍​ថា​ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​តវ៉ា​សម្តែងមតិ​ និង​អាជ្ញាធរ​នោះ​ ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដ៏មាន​ប្រសិទ្ធិភាព​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ភាគី​អ្នក​តវ៉ា​ និង​ភាគី​អាជ្ញាធរ។​

លោក​ថ្លែង​ថា​ ប្រសិនបើ​ពុំមាន​ការ​ទំនាក់​ទំនង​គ្នា​ល្អ​រវាង​ពលរដ្ឋ​ និង​អាជ្ញាធរ​ ក្នុង​គ្រា​មាន​ការ​រៀបចំ​ការ​បញ្ចេញ​មតិ​នោះ​ទេ ​ការ​ភាន់​ច្រឡំ​នឹងកើត​មាន​ឡើង​ដែល​នាំដល់​ការ​មិន​យោគយល់​គ្នា​ ហើយអាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​ជា​ច្រើន។​

«សុំ​ការ​ដោះលែង​ហ្នឹង​ កុំធ្វើ​អ្វី​ឲ្យ​ជ្រុល​ លើស​ជ្រុល​ពី​ការ​បញ្ចេញ​មតិ​ មានន័យ​ថា កុំ​ឲ្យ​មើល​ឃើញ​ជា​រូបភាព​ បង្ក​ឲ្យ​មាន​ការ​បង្កើន​នូវ​ភាព​ចលាចល​ ឬ​មួយ​ក៏ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម​ ឬ​យ៉ាង​ណា​នោះ។​ អា​នេះ​ ការ​អំពាវនាវ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។​ ខ្ញុំ​យល់​ឃើញ​ថា បើ​មិន​អញ្ចឹង​ទេ​ វា​មាន​ការ​មិន​យល់​គ្នា»។​

លោក​បញ្ជាក់​បន្ថែម​អំពី​ការ​មិន​យល់​គ្នា​នេះ​ថា៖​

«ហើយ​តែ​មិន​យល់​គ្នា​ មាន​ការ​ចាត់​វិធាន​ការ​ទៅ​ វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​របស់​អ្នក​បញ្ចេញ​មតិ​នោះ។ អញ្ចឹង​បាន​ន័យ​ថា​ ទាំង​សង​ខាង​សូម​មេត្តា​ អាធ្យាស្រ័យ​ ជជែក​គ្នា​ ហើយ​យល់​គ្នា។ ​មានតែ​មធ្យោបាយ​ហ្នឹង​មួយ​ទេ​ដើម្បី​កុំ​ឲ្យ​រឿង​ហ្នឹង​វារឹត​តែ​ធំ​ទៅ»។​

អ្នកស្រី​ង៉ែត ឃុន សកម្មជនសហគមន៍​បឹងកក់ ត្រូវ​ក្រុមសមត្ថកិច្ច​ចាប់​ឲ្យ​នៅ​មួយកន្លែង​ខណៈពេល​ដែល​តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
អ្នកស្រី​ង៉ែត ឃុន សកម្មជនសហគមន៍​បឹងកក់ ត្រូវ​ក្រុមសមត្ថកិច្ច​ចាប់​ឲ្យ​នៅ​មួយកន្លែង​ខណៈពេល​ដែល​តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាជ្ញាធរ​របស់​រដ្ឋាភិបាល ​និង​ក្រុម​អ្នក​តវ៉ា​ដែល​កើត​ទុក្ខ​មិន​សុខចិត្ត​នឹង​អំពើ​អយុត្តិធម៌ ត្រូវបាន​ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​កម្ពុជា​ពណ៌នា​ថា​ អាច​ជា​សញ្ញា​នៃ​ការ​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​សង្គម​ ដែល​ជា​បច្ច័យ​នាំ​ដល់​ការ​បំផ្លិច​បំផ្លាញ​ការ​អភិវឌ្ឍ​សង្គម​ និង​ជីវិត​ប្រជារាស្ត្រ​ខ្មែរ។​

​ឯកសាររបស់​អង្គការ​សហ​ប្រជាជាតិ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៤​ ដែល​បង្ហាញ​ពី​កត្តា​ហានិភ័យ​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឈាន​ដល់​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​ បាន​ឲ្យ​ដឹងថា​ ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​ការ​វាយ​ប្រហារ​នានា​ទៅ​លើ​ក្រុម​ជំទាស់​ ​គឺ​ជា​ចលនា​មួយ​នៃ​ការ​នាំ​ទៅ​រកការ​ប្រពឹ្រត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ។​

លោក​សំបូរ ម៉ាណ្ណារ៉ា​ ជា​សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ និង​ជា​អ្នក​ធ្លាប់​ឆ្លង​កាត់​របប​នយោបាយ​ប្រាំមួយ​ជំនាន់​ ​គិត​ចាប់​តាំង​ពី​សម័យ​អាណានិគម​បារាំង​ មកទល់​នឹង​របប​នយោបាយ​បច្ចុប្បន្ននេះ​ ​បាន​និយាយ​ប្រាប់​ VOA​ ថា​ បើ​មើល​ទៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សង្គម​ និង​នយោបាយ​នៃ​ប្រទេស​កម្ពុជា​ ប្រជារាស្ត្រ​ខ្មែរ​មិនទាន់​មាន​គំនិត​ទទួល​យក​ការ​បញ្ចេញ​មតិ​ជំទាស់​ ដោយ​គ្មាន​ការ​គុំកួន​នោះ​ទេ​ គឺ​មាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មនសិការ​ស្រឡាញ់​ជាតិ​ ច្រើន​យក​គំនិត​មក​ត​ទល់​គ្នា​បង្កើត​ជា​ទំនាស់។​

លោក​សាស្ត្រា​ចារ្យ​បន្ត​ថា​ ដោយ​សារ​ការ​យក​សេចក្តី​ស្អប់​ គុំកួន​មក​ត​ទល់​គ្នា​ ដើម្បី​បង្កើត​គោល​នយោបាយ​តាម​មនសិការ​ខ្លួន​ ដើម្បី​ផ្លាស់​ប្តូរសង្គម​នេះ​ហើយ​ ទើប​ការ​កាប់​សម្លាប់​មិន​ស្គាល់​បង​ មិនស្គាល់ប្អូន​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​បាន​កើត​ឡើង។​

លោក​បន្ថែមថា ​ក្នុង​សម័យ​កម្ពុជា​បច្ចុប្បន្ន​នេះ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ឬ​អ្នក​មាន​គំនិត​គិត​ចង់​ឲ្យ​ប្រជាជាតិ​ខ្មែរ​ក្លាយ​ជា​សង្គម​ប្រកប​ដោយ​សុខដុមរមនា​ ត្រូវ​តែ​ផ្លាស់​ប្តូរ​ការ​គិត​ពិចារណា​តាម​ការ​គុំកួន និង​ពោរពេញ​ដោយ​សេចក្តី​ស្អប់​ មក​ជា​ការ​គិត​ពិចារណា​តាម​មធ្យោបាយ​សន្តិភាព​និយម​ ដើម្បី​បញ្ចៀស​ការ​ចង​អាឃាត​គ្នា​ និង​ធ្វើ​ឲ្យ​កម្ពុជា​គេចផុត​ពី​វិនាសកម្ម​សង្គម​ដែល​ធ្លាប់​កើត​មានកាល​ពី​អតីត​កាល។​

«យើង​គួរតែ​នាំគ្នា​យក​ចិត្ត​ទុកដាក់​ ដើម្បី​នាំ​មក​សន្តិភាព​របស់​ជាតិ​ពេញលេញ​ តាម​រយៈ​នៃ​ការ​សម្លឹង​ទៅ​អតីត​កាល​មួយ។ អតីត​កាល​ដើម្បី​គិត​អំពី​ការ​ផ្លាស់​ប្តូរ​មួយ​ ទៅ​ក្នុង​អនាគត​ ហើយ​បើ​យើង​គិត​ពី​អនាគត​ ​មកត្រឹម​ពេល​នោះ សូម​មេត្តា​យកចិត្ត​ទុកដាក់​ នាំ​គ្នា​ប្រឹង​ប្រែង​ ទាញ​យក​សន្តិភាព​ ដោយ​មិន​ចាំចាច់​ប្រើ​ការ​ស្អប់​ និង​ខំ​ប្រឹង​បំពេញ​បន្ថែម​ និង​ដាំ​ឲ្យដុះ​កាន់​តែ​មាន​ការ​លូតលាស់​ផ្លែផ្កា​នៃ​សេចក្តី​ស្រឡាញ់»។​

លោក​ Noel M. Morada​ ​នាយក​នៃមជ្ឈមណ្ឌ​ល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ និង​ការ​បង្ការ​អំពើ​ឃោរ​ឃៅ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី​ ថ្លែង​ពី​ដំណើរ​នៃ​ការ​អនុវត្ត​បទដ្ឋាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ និងការបង្ការអំពើឃោរឃៅ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)
លោក​ Noel M. Morada​ ​នាយក​នៃមជ្ឈមណ្ឌ​ល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ និង​ការ​បង្ការ​អំពើ​ឃោរ​ឃៅ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី​ ថ្លែង​ពី​ដំណើរ​នៃ​ការ​អនុវត្ត​បទដ្ឋាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ និងការបង្ការអំពើឃោរឃៅ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

ការ​កែប្រែ​សេចក្តី​ស្អប់​ដើម្បី​បញ្ចៀស​ពី​ការ​កើត​ឡើង​នៃ​អំពើ​ហិង្សា​សង្គម​គឺ​ជា​ផ្នែក​មួយ​នៃ​កត្តា​បន្ថូរ​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នានា។ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​បណ្ឌិត​ Noel M. Moradaនាយក​នៃ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ និង​ការ​បង្ការ​អំពើ​ឃោរ​ឃៅ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី។

លោក​បណ្ឌិត​ Noel M. Morada ​និយាយ​ថា​ ការ​ផ្តោត​ទៅ​លើ​ឥរិយាបទ​នៃ​ការ​ទប់​ស្កាត់​នេះ​គឺ​រឿង​ម្យ៉ាង​ តែ​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នៃ​ការ​រារាំង​អំពើ​ហិង្សា​នោះ​ក៏​ត្រូវ​មើល​ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ផង​ដែរ។​

លោក​និយាយ​ថា​ ប្រសិន​បើ​មាន​ប្រជា​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​អំពើអ​យុត្តិធម៌ យន្តការ​នានា​ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​យុត្តិធម៌​ គួរ​តែ​បង្កើត​ឡើង​ ដើម្បី​បញ្ចៀស​កត្តា​ហានិភ័យ​ផ្សេងៗ​ ហើយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នោះ​ទៀត​សោត​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ការពារ។​

«ឥឡូវ​នេះ​ ប្រជា​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​គឺ​ជា​ជន​រងគ្រោះ​នៃ​អំពើ​អយុត្តិធម៌។​ នៅ​ពេល​ដែល​ពួក​គេ​ជា​ជន​រងគ្រោះ​នៃ​អំពើ​អយុត្តិធម៌​ ពួក​គេ​ជា​ការណ៍​ពិត​ចាំ​បាច់​ត្រូវតែ​ទទួល​បាន​យុត្តិធម៌​ តាម​ការ​ស្វែង​រក​ដំណោះស្រាយ​ដោយ​វិធី​ផ្សេងៗ»។​

អ្នកទេសចរណ៍ម្នាក់ទស្សនាសារមន្ទីរទួលស្លែង ឬមន្ទីរស-២១ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥។
អ្នកទេសចរណ៍ម្នាក់ទស្សនាសារមន្ទីរទួលស្លែង ឬមន្ទីរស-២១ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥។

ប្រជាជន​កម្ពុជា​គឺ​ជា​ប្រជាជន​ដែល​ធ្លាប់​មាន​ពិសោធន៍​ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ​ហើយ​របប​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​នេះ​ស្លាប់​បាត់​បង់​ជីវិត​ចំនួន​ប្រមាណ​១,៧​លាន​នាក់។​ របប​កុម្មុយ​នីស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ បាន​ចាប់​កំណើត​ចេញ​ពី​គម្លាត​ខុស​ឆ្ងាយ​គ្នា​នៃ​ជីវភាព​ប្រជាជន​ក្នុង​សង្គម​ដែល​នាំឲ្យ​កើត​ជា​ការ​ចង​កំហឹង​វណ្ណៈ​ ឈាន​ដល់​ការ​កាប់​សម្លាប់​គ្នា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។​ នេះ​បើ​យោង​ទៅតាម​ការ​ថ្លែង​បញ្ជាក់​ពី​ក្រុម​អ្នក​តាមដាន​ស្ថានភាពសិទ្ធិ​មនុស្ស។​

ឯកសារ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​កត្តា​ហានិភ័យ​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឈាន​ដល់​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​សញ្ញា​ ដែល​អាច​ក្លាយ​ជា​កត្តា​ហានិភ័យ​នាំ​ទៅ​រក​ការ​កើត​មាន​អំពើ​ហិង្សា​សារ​ជាថ្មី​ ខណៈ​ដែល​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​ ដែល​នៅ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នេះ ​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ អំពើ​ពុក​រលួយ​ដែល​មាន​កម្រិត​ខ្ពស់ ​អភិបាលកិច្ច​ដែល​នៅ​ទន់​ខ្សោយ ​និង​ភាព​គ្មាន​ទោស​ពៃរ៍​ជាដើម។​

លើស​ពីនេះ​ទៅទៀត​ ឯកសារ​ដែល​ជា​ឧបករណ៍​បង្ការ​ការ​កើត​មាន​អំពើ​ហិង្សា​ និង​បទ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​ដដែល​នេះ​ ​បាន​បញ្ជាក់​ទៀត​ថា​ ការ​វាយ​ប្រហារ​មិន​ឈប់​ឈរ​ទៅ​លើ​សមាជិក​ ឬ​មេ​ដឹកនាំ​ក្រុម​ជំទាស់​គឺ​ស្ថិត​នៅ​ក្នុង​កត្តា​ហានិភ័យ​មួយ​ ដែលនាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ និង​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ។

ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​មាន​ភាព​តានតឹង​ ដោយសារ​មេដឹកនាំ​បក្ស​ប្រឆាំង​ មន្ត្រី​ និង​សកម្ម​ជន​នយោបាយ​នៃ​គណបក្ស​នេះ​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​តាម​ផ្លូវ​ច្បាប់​នោះ ការ​ជួប​សន្ទនា​គ្នា​រវាង​អ្នក​នយោបាយ​ គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​មិន​ទាន់​កើត​មាន​ឡើង​នៅ​ឡើយនោះ​ទេ៕

XS
SM
MD
LG