ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យ៉ាង​តិច​មនុស្ស​២៣​នាក់​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​តៃវ៉ាន់​ក្នុង​ទន្លេ


រូប​ភាព​នៃ​យន្ត​ហោះ TransAsia មុន​ពេល​ធ្លាក់។
រូប​ភាព​នៃ​យន្ត​ហោះ TransAsia មុន​ពេល​ធ្លាក់។

យន្តហោះ​ពាណិជ្ជកម្ម​មួយ​គ្រឿង​របស់​កោះ​តៃវ៉ាន់​ដែល​ដឹក​មនុស្ស៥៨​នាក់ បាន​ប៉ះ​ស្ពានហើយ​ធ្លាក់​ចូល​ក្នុង​ទន្លេ​នៅ​ខាង​ក្រៅ​រដ្ឋ​ធានី​តៃប៉ិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៣​នាក់ ​បើ​តាម​ប្រភព​ពី​ក្រុម​មន្រ្តី។

រូបភាព​និង​វីដេអូ​ដែល​ថត​ចេញ​ពី​កាមេរ៉ាដាក់​នៅ​ក្នុង​រថយន្តដែល​បាន​ចុះ​ផ្សាយ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ ​បាន​បង្ហាញ​ពី​ស្លាប​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ TransAsia ជើង​ហោះ​ហើរ​លេខ​ATR-72 បាន​ប៉ះស្ពានហើយ​ធ្លាក់​ចូល​ក្នុង​ទន្លេ Keelung។

យន្តហោះ​នោះ​មិន​បាន​បុក​អាគារ​ខ្ពស់​ៗ​ជា​ច្រើន​នៅ​ក្បែរ​នោះ​ទេ។

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ក្នុង​ទូក​ជា​ច្រើន​គ្រឿង​បាន​ឡោម​ព័ទ្ធ​យន្តហោះ​ដែល​លិច​ពាក់​កណ្តាល​និង​ក្រឡាប់​ចុះ​ក្រោម ហើយ​បានទាញ​ក្រុម​អ្នក​ដំណើរ​ជា​ច្រើន​មក​កាន់​ទី​កន្លែង​សុត្ថិភាព​ ​រួម​មាន​កូន​ក្មេង​ម្នាក់។ ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​មនុស្សដែល​ស្លាប់​នៅ​ឡើយ ​ហើយ​ក្រុម​អាជ្ញាធរ​មាន​ការ​ភ័យ​ខ្លាច​ថា ​ចំនួន​មនុស្ស​ស្លាប់ ​អាច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

​លោក Chen Xinde ​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ TransAsia ឱនក្បាល​គោរព​យ៉ាង​ខ្លាំង​នៅ​ឯ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ពេល​ដែល​លោក​សុំ​អភ័យ​ទោស​ចំពោះ​ការធ្លាក់​យន្តហោះ​នេះ។

លោក​និយាយ​ថា «​ជា​ដំបូង​បង្អស់​ តំណាងឲ្យ​ក្រុមហ៊ុន TransAsia ខ្ញុំ​សុំ​អភ័យទោស​ម្តង​ទៀត​ដល់​អ្នក​ដំណើរ​និង​សមាជិកអាកាសយានិក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​មហន្តរាយ​នេះ។ ជា​ការ​ពិត​ណាស់ ​មនុស្ស​ខ្លះ​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ ​យើង​មាន​ការសោក​ស្តាយ​យ៉ាង​ខ្លាំង»។

យន្តហោះ​បាន​ធ្លាក់​បន្ទាប់​ពី​ហោះ​ចេញ​ពី​ចំណត​អាកាស​យាន Sungshan​ ក្នុង​តំបន់​ទីប្រជុំ​ជន​នៃ​ទីក្រុងតៃ​ប៉ិ ហោះ​ទៅ​កាន់​កោះ​ Kinmen។ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការធ្លាក់​ ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​អំឡុងពេល​មាន​អាកាស​ធាតុ​ស្រឡះ​ល្អ​នោះ៕

XS
SM
MD
LG