ប្រទេសតួកគី និងប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងគ្នាលើផែនការឈប់បាញ់គ្នាមួយនៅក្នុងប្រទេសស៊ីរី ហើយកំពុងនាំគ្នាធានាឲ្យប្រាកដថា ផែនការនោះនឹងចូលជាធរមាននៅពាក់កណ្ដាលអាធ្រាត្រនេះ។
ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋតួកគី បានរាយការណ៍ថាផែនការថ្មីនេះ មានគោលបំណងពង្រីកការអនុវត្តបទឈប់បាញ់នេះនៅក្នុងទីក្រុង Aleppo ប៉ុន្តែមិនបានរាប់បញ្ចូលក្រុមភេរវករនោះទេ។
រដ្ឋមន្រ្តីការបរទេសតួកគី បានមានប្រសាសន៍ថា រដ្ឋធានី អង់ការ៉ា មិនបានផ្លាស់ប្ដូរគោលជំហររបស់ខ្លួនក្នុងការប្រឆាំងនឹងការកាន់អំណាចលោកប្រធានាធិបតី Bashar al-Assadនោះទេ។ នេះបើតាមការដកស្រង់ពាក្យសម្ដី ដោយទីភា្នក់ងារសារព័ត៌មាន Reuters។
នៅពេលចូលរួមនៅក្នុងពិធីប្រគល់រង្វាន់មួយនៅវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានី អង់ការ៉ា លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី បានប្រាប់អ្នកយកព័ត៌មានថា «មានឯកសារចំនួន២ច្បាប់ ដែលត្រូវបានបង្កើតឡើងរួចរាល់ហើយស្តីពីដំណោះស្រាយនៅក្នុងប្រទេសស៊ីរី។ ឯកសារមួយច្បាប់និយាយពីដំណោះស្រាយផ្នែកនយោបាយ ហើយមួយច្បាប់ទៀតគឺពាក់ព័ន្ធនឹងបទឈប់បាញ់។ ដំណោះស្រាយទាំងនេះ អាចយកមកអនុវត្តនៅពេលណាមួយក៏បាន»។
កាលពីសប្ដាហ៍មុន ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានអនុម័តលើសេចក្ដីប្រកាសមួយ ដែលបញ្ជាក់អំពីគោលការណ៍ណែនាំ ដែលនឹងត្រូវគោរពតាម នៅពេលដែលមានកិច្ចព្រមព្រៀងណាមួយពាក់ព័ន្ធនឹងប្រទេសស៊ីរី។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានមានប្រសាសន៍ថា ប្រទេសទាំងបីនេះបានព្រមព្រៀងគ្នាធ្វើការពិភាក្សានៅរដ្ឋធានី Astana ដើម្បីដោះស្រាយជម្លោះនេះ។
លោក Putin បានបន្ថែមថាការជម្លៀសប្រជាជនថ្មីៗនេះនៅក្នុងទីក្រុង Aleppo គឺជា «ប្រតិបត្តិការមនុស្សធម៌អន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុតក្នុងសម័យទំនើបនេះ» ហើយវាមិនអាចប្រព្រឹត្តទៅបាននោះទេ ប្រសិនបើគ្មាន «ការចូលរួមយ៉ាងសកម្ម» ពីប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់ ព្រមទាំង «ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីស៊ីរី Assad នោះ»។
ប្រភពពីក្រុមឧទ្ទាមស៊ីរីមួយដែលស្នើមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមប្រឆាំងនៅមិនទាន់បានទទួលព័ត៌មានលម្អិតណាមួយអំពីកិច្ចព្រមព្រៀងលើបទឈប់បាញ់នោះនៅឡើយទេ ហើយបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ នៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ៕