ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចព្រមព្រៀង​បទ​ឈប់បាញ់​នៅ​ទីក្រុង Aleppo​ ប្រទេស​ស៊ីរី


ផ្សែង​ហោះហើរ​នៅ​ក្បែរ​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។
ផ្សែង​ហោះហើរ​នៅ​ក្បែរ​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ Sergei Lavrov ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​និយាយ​ថា​ រដ្ឋាភិបាល​ប្រទេស​ស៊ីរី​បាន​បញ្ឈប់​សកម្មភាព​ប្រតិបត្តិការ​យោធា​នានា​ទាំងអស់​នៅ​ទីក្រុង ​Aleppo ​ហើយ​កិច្ចប្រជុំ​គ្រោង​ធ្វើឡើង​នៅថ្ងៃសៅរ៍រវាងអ្នក​ជំនាញ​ខាងយោធា​អាមេរិក​និង​រុស្ស៊ី ​ដើម្បី​ពិភាក្សាអំពី​ស្ថាន​ការណ៍​ទៅ​មុខ​ទៀត។​

​លោក​ Sergei Lavrov​ និយាយ​ថា កិច្ចព្រម​ព្រៀង​ធ្វើ​កិច្ចប្រជុំ​រវាង​អ្នក​ជំនាញ​យោធា​និង​មន្ត្រី​របស់​រុស្ស៊ី ​និង​ស.រ.អា.​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​កិច្ចការ​ដែល​កំពុង​ធ្វើក្នុង​ពេល​កន្លងមក​ទាក់ទង​នឹង​ឯកសារ​កំណត់​វិធានការ​រក​ដំណោះ​ស្រាយ​ចុងក្រោយ​សម្រាប់​ទីក្រុង​ Aleppo។​ កងទ័ព​ទាំងអស់​ត្រូវ​ចាក​ចេញ​ ហើយ​ជន​ស៊ីវិល​ក៏អាច​ចាកចេញដែរ​ បើគេ​ចង់។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ John Kerry ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.និយាយ​ថា​ លោក​មាន​សង្ឃឹម​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​រុស្ស៊ី​អំពីបទ​ឈប់បាញ់​នៅ​ទីក្រុង Aleppo។ ក្រោយ​ពី​បាន​ជួប​លោក ​Sergei Lavrov ​ លោក​ John Kerry ​និយាយ​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ​លោក​នៅ​រង់ចាំ​ការ​ឆ្លើយ​តប​ជាក់លាក់ ​ប៉ុន្តែលោក​មិន​និយាយ​លម្អិត​ទេ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Bashar al-Assad ​ប្រធានាធិបតី​ស៊ីរី ​បង្ហាញ​ឲ្យដឹង​ថា ​ទាហាន​របស់លោក​នឹង​បន្ត​ប្រយុទ្ធ​រហូតដល់​ជម្លោះរយៈ​ពេល​៥ឆ្នាំ​នេះ​ត្រូវ​បញ្ចប់។ លោក​ Bashar al-Assad ​ធ្វើ​ការ​តាំងចិត្ត​នេះ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​ al-Watan៕

XS
SM
MD
LG