មន្រ្តីកំពូលម្នាក់របស់ប្រទេសរុស្ស៊ី និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងមូស្គូបានផ្តួចផ្តើមការទាក់ទងជាមួយពួកអ្នកតំណាងរបស់ក្រុមប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំដើម្បីពិភាក្សាបញ្ហាប្រទេសស៊ីរី។
លោក Mikhail Bogdanov អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានត្រូវទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីដកស្រង់សម្តីមកប្រាប់ពួកអ្នកកាសែតនៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ីថា «នេះជាចំណុចរបត់ដ៏សំខាន់មួយ។ នេះគឺការមកដល់របស់ក្រុមថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ យើងកំពុងប្រុងប្រៀបចាប់ផ្តើមទាក់ទងជាមួយមនុស្សទាំងអស់នោះដែលទំនងពួកគេជួយប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក»។
លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយទៀតថា «យើងសង្ឃឹមថា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកចេញពីតំណែង និងចូលកាន់តំណែង នឹងដឹងការពិតថា បើគ្មានរុស្ស៊ី បញ្ហាស៊ីរីមិនអាចដោះស្រាយបានហើយនិងប្រុងប្រៀបបើកការចរចា»។
មានសេចក្តីរាយការណ៍ថា អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger នឹងជួបជាមួយប្រធានាធិបតីជាប់ឆ្នោតត្រាំនៅថ្ងៃនេះនៅក្នុងទីក្រុងញូវយ៉ក។
លោក Kissinger បានជួបប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន ហើយលោកត្រូវបានជាប់ឆ្នោតជាសមាជិកអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្រ្តរុស្ស៊ីកាលពីខែមុន។
ប្រធានាធិបតីរុស្ស៊ី បានទូរស័ព្ទស្វាគមន៍ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោកត្រាំកាលពីថ្ងៃច័ន្ទហើយបាននិយាយថា រុស្ស៊ីបានប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីធ្វើជាដៃគូសន្ទនាជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីទាំង២ក៏បានពិភាក្សាពីការធ្វើការងារជាមួយដើម្បីប្រឆាំងភេរវកម្មហើយនិងដំណោះស្រាយវិបត្តិប្រទេសស៊ីរី នេះតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវិមានក្រឹមឡាំង៕