ប្រទេសតួកគីនឹងបោះឆ្នោតប្រធានាធិបតីជុំទីពីរនៅក្រោយលោកប្រធានាធិបតី Recep Tayyip Erdogan នាំមុខក្នុងការបោះឆ្នោតជុំទីមួយ តែលោកមិនបានទទួលការគាំទ្រ៥០% ដែលគេត្រូវការឱ្យមានដើម្បីទទួលជ័យជម្នះផ្តាច់មុខទេ។
លោក Erdogan បាននិយាយប្រាប់ពួកអ្នកគាំទ្រលោកនៅក្រុងអង់ការ៉ាថា «អ្នកឈ្នះគឺប្រទេសរបស់យើង» ហើយលោកបានសម្តែងទំនុកចិត្តថា លោកនឹងឈ្នះនៅក្នុងការបោះឆ្នោតជុំទីពីរ។ ចំណែកឯគូប្រជែងរបស់លោក គឺលោក Kemal Kilicdaroglu បានថ្លែងថា លោក«នឹងឈ្នះដាច់ខាតនៅក្នុងការបោះឆ្នោតជុំទីពីរ»។
លោក Ahmet Yener ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់រៀបចំការបោះឆ្នោតបាននិយាយថា ដោយសន្លឹកឆ្នោតភាគច្រើនត្រូវបានរាប់រួចហើយកាលពីថ្ងៃចន្ទ លោក Erdogan បាននាំមុខដោយមានសំឡេងឆ្នោតគាំទ្រ៤៩,៥% ហើយលោក Kilicdaroglu ទទួលបាន៤៥%។ លោកបាននិយាយប្រាប់ក្រុមអ្នកកាសែតថា បេក្ខជនគណបក្សទីបី គឺលោក Sinan Ogan មានការគាំទ្ រ៥,២%។
លោក Yener បាននិយាយថា សន្លឹកឆ្នោតនៅសល់មិនទាន់រាប់មិនគ្រប់គ្រាន់សម្រាប់ឱ្យលោក Erdogan ឡើងដល់កម្រិត៥០%ទេ ទោះជាសន្លឹកឆ្នោតទាំងនេះគាំទ្រលោកក៏ដោយ។ ការបោះឆ្នោតជុំទីពីរត្រូវបានកំណត់នឹងធ្វើនៅថ្ងៃទី២៨ ខែឧសភា។
មនុស្សជាង៦៤លាននាក់ មានរួមទាំងអ្នកបោះឆ្នោតនៅក្រៅប្រទេសផង មានសិទ្ធិបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយមានមនុស្សច្រើនណាស់បានបោះឆ្នោតគឺ៨៨,៨%។
ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសើរក្រុមអ្នកបោះឆ្នោតតួកគីដែលបានទៅបោះឆ្នោតច្រើននាក់។
នៅមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គេឃើញថា លោក Kilicdaroglu ជាអ្នកនាំមុខនៅក្នុងការស្ទង់មតិជាច្រើន។
នៅក្រោយមានការប្រកាសអំពីការបោះឆ្នោតជុំទីពីរកាលពីថ្ងៃចន្ទ លោកបានសុំដល់ក្រុមអ្នកគាំទ្រលោកឱ្យនៅតែមានសេចក្តីសង្ឃឹម៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
ទីក្រុង ISTANBUL —