ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអូឌីត​ប្រឈម​នឹង​ការ​ដក​ខ្លួន​របស់​មេដឹកនាំ​អាជីវកម្ម​នានា​បន្ទាប់​ពី​ហេតុការណ៍​បាត់​ខ្លួន​អ្នក​កាសែត​អារ៉ាប់​ម្នាក់


សមាជិក​នៃ​សមាគ​ម​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ កាន់​រូប​លោក ​Jamal Khashoggi​ អ្នក​កាសែត​ដែល​បាត់​ខ្លួន​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​គាំទ្រ​អ្នក​កាសែត​រូប​នេះ​នៅ​ជិត​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​ កាល​ពី​ថ្ងៃទី​៩ តុលា ២០១៨។
សមាជិក​នៃ​សមាគ​ម​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ កាន់​រូប​លោក ​Jamal Khashoggi​ អ្នក​កាសែត​ដែល​បាត់​ខ្លួន​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​គាំទ្រ​អ្នក​កាសែត​រូប​នេះ​នៅ​ជិត​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​ កាល​ពី​ថ្ងៃទី​៩ តុលា ២០១៨។

រដ្ឋមន្រ្តី​ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក ​Steven Mnuchin​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែង​ថា​ លោក​នឹង​ចូល​រួម​សន្និសីទ​ស្តី​ពី​ការ​វិយោគទុន​ទ្រង់​ទ្រាយ​ធំ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ នៅ​ចុង​ខែ​នេះ​ ខណៈ​មាន​ការ​អះ​អាង​កាន់​តែ​ខ្លាំង​ឡើង​ថា ​អ្នក​កាសែត​ជនជាតិ​អ៉ារាប់​ដែល​បាន​បាត់​ខ្លួន​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់​អារ៉ាប់​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី។

លោក ​Mnuchin​ បាន​ថ្លែង​តាម​រយៈ​សារព័ត៌មាន​ CNBCថា៖ «ខ្ញុំ​មាន​គម្រោង​ទៅ​ចូលរួម​សន្និសីទ​នេះ។ ​ប្រសិន​បើ​មាន​អ្វី​កើត​ឡើង​និង​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ យើង​នឹង​ពិនិត្យ​មើល​លើ​ស្ថានភាព​ជាក់​ស្តែង​ ប៉ុន្តែ​ខ្ញុំ​មាន​គម្រោង​ទៅ​ចូលរួម​សន្និសីទ​នោះ»។

ធនាគារ​ល្បី​ឈ្មោះ​ធំៗ​ក៏​នឹង​ចូលរួម​សន្និសីទ​ស្តី​ពី​ការ​ផ្តួច​ផ្តើម​វិនិយោគ​ទុន​ធំៗ​នា​ពេល​អនាគត​ដែល​នឹង​រៀប​ចំ​ឡើង​ក្នុង​ទីក្រុង​រីយ៉ាត​ ផងដែរ​ បើ​ទោះ​ជា​មាន​ក្រុមហ៊ុន​បណ្តាញ​ផ្សព្វ​ផ្សាយ​ធំៗ​ និង​មេដឹកនាំ​អាជីវកម្ម​នានា​បាន​ដក​ខ្លួន​ចេញ​ពី​សន្និសីទ​នេះ និង​ផ្តាច់​ទំនាក់​ទំនង​អាជីវកម្ម​ធំៗ​ជាមួយ​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​មួយ​នេះ​ក៏​ដោយ។

លោក ​Richard Branson​ មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​នឹង​បញ្ឈប់​ការ​ចរចា​ជុំវិញ​ការ​វិនិយោគ​ក្នុង​ប្រទេស​អារ៉ាប់​នៅ​ក្នុង​គម្រោង​បណ្តាក់​ទុន​របស់​ក្រុមហ៊ុន​ Virgin Group​ របស់​លោក។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន​ Virgin Group​ លោក​បាន​ប្រកាស​ថា៖ «អ្វី​ដែល​ទើប​កើត​ឡើង​ជុំវិញ​ការ​បាត់​ខ្លួន​របស់​លោក ​Jamal Khashoggi​ អ្នក​កាសែត​ជនជាតិ​អារ៉ាប់​ក្នុង​ប្រទេស​តួកគី​ ហើយ​ប្រសិន​បើ​អ្វី​ដែល​បាន​រាយការណ៍​គឺ​ជា​ការ​ពិត​នោះ​ វា​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​នឹង​ផ្លាស់​ប្តូរ​ការ​វិនិយោគ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត។

លោក ​Steve Case​ សហ​ស្ថាបនិក​ក្រុមហ៊ុន ​AOL, នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Uber លោក ​Dara Khosrowshahi​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Viacom ​លោក ​Robert Bakish​បាន​ប្រកាស​ថា ​ពួក​គេ​នឹង​មិន​ចូល​រួម​សិន្នសីទ​ក្នុង​ទីក្រុងរីយ៉ាត​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG