អង្គការការពារសិទ្ធិមនុស្ស Human Rights Watch មានមូលដ្ឋានក្នុងក្រុងញូវយ៉កបាននិយាយអះអាងថា ពួកគេមាន «ភស្តុតាងទាក់ទិននឹងបទឧក្រិដ្ឋ» ដែលបង្ហាញថា កងទ័ពជាតិស៊ីរីគាំទ្រដោយតួកគីមានទាក់ទិននឹងការប្រហារជីវិតដោយឥតគិតគូរច្រើន ការលួចប្លន់ ការរឹបអូសយកទ្រព្យសម្បត្តិ និងការរារាំងមិនឱ្យប្រជារាស្ត្រវិលមកកាន់ផ្ទះសំបែងពួកគេវិញ។
អ្នកស្រី Sarah Leah Whitson ជានាយិកាទទួលបន្ទុកកិច្ចការមជ្ឈឹមបូព៌ានៃអង្គការ Human Rights Watch។ អ្នកស្រីបាននិយាយថា «អាជ្ញាធរតួកគីធ្វើមិនដឹងមិនឮអំពីអាកប្បកិរិយាគួរមានទោសដែលបានប្រព្រឹត្តដោយក្រុមនានាដែលប្រទេសនេះផ្តល់អាវុធឱ្យ។ដរាបណាតួកគីនៅតែត្រួតត្រាតំបន់ទាំងនេះ ប្រទេសនេះមានការទទួលខុសត្រូវក្នុងការស៊ើបអង្កេតនិងបញ្ឈប់ការរំលោភទាំងនេះ»។
កាលពីខែមុន កងកម្លាំងតួកគី និងកងទ័ព SNA បានបើកធ្វើការវាយលុកមួយនៅក្នុងប៉ែកឦសាននៃប្រទេសស៊ីរីប្រឆាំងនឹងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលមានយុទ្ធជនភាគច្រើនជាកងជីវពលឃឺដ YPG។
រដ្ឋាភិបាលក្រុងអង់ការ៉ាចាត់ទុកពួក YPG ថាជាពួកភេរវជន ក៏ប៉ុន្តែកងជីវពលទាំងនេះជាសម្ព័ន្ធមិត្តសំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងយោធារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងពួករដ្ឋឥស្លាម។
អង្គការ Human Rights Watch និយាយយោងដល់ភស្តុតាងដែលបង្ហាញថា ពួក SNA បានប្រហារជីវិតពួកអ្នកទោស រឹបអូសយកផ្ទះសំបែងពួកឃឺដ ក្នុងមូលដ្ឋាននិងបានបាញ់ផ្តក់គ្មានរើសមុខលើពួកជនស៊ីវិល៕