ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនៅសប្តាហ៍នេះបាននិយាយម្តងហើយម្តងទៀតពីគោលបំណងរបស់រដ្ឋបាលលោកដើម្បីរក្សាទុកកងទ័ពសហរដ្ឋអាមេរិកខ្លះនៅក្នុងប្រទេសស៊ីរី ដើម្បីត្រួតត្រាវាលអណ្តូងប្រេងភាគខាងកើតប្រទេសនោះ ពួកអ្នកជំនាញនិងអ្នកសង្កេតការព្រមានថា អត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាចផ្សព្វផ្សាយទស្សនៈថា ការទាក់ទិនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺ គំរាមកំហែងយកប្រាក់ចំណូល។
លោកប្រធានាធិបតីត្រាំបាននិយាយកាលពីថ្ងៃអាទិត្យ ខណៈដែលប្រកាសពីការស្លាប់ឥរបស់ Abu Bark al-Baghdadi មេដឹកនាំក្រុមរដ្ឋឥស្លាមក្នុងអំឡុងនៃការវាយឆ្មក់នៅក្នុងខេត្ត Idlip ភាគពាយព្យនៃប្រទេសស៊ីរីនៅជិតព្រំដែនជាមួយប្រទេសតួកគីថា «យើងនឹងទុកទាហានខ្លះដើម្បីការពារប្រេង។ ហើយយើងប្រហែលត្រូវប្រយុទ្ធដើម្បីប្រេងនោះ។ ប្រហែលក្រុមផ្សេងទៀតចង់បានប្រេងនោះ ដែលពួកគេនឹងត្រូវធ្វើការប្រយុទ្ធយ៉ាងខ្លាំង។ ក៏ប៉ុន្តែមានប្រេងយ៉ាងច្រើនបំផុត»។
លោកប្រធានាធិបតីត្រាំបាននិយាយបន្តទៀតថា លោកអាចជួលក្រុមហ៊ុនសហរដ្ឋអាមេរិកដូចជា ក្រុមហ៊ុន ExxonMobile ដើម្បីធ្វើទំនើបកម្មសមត្ថភាពផលិតកម្មវាលអណ្តូងប្រេងនោះ ហើយនឹងធ្វើឲ្យប្រាក់ចំណូលកាន់តែច្រើនឡើង។
កំណត់សម្គាល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកជាសារយុទ្ធសាស្រ្តប្រកបដោយមហន្តរាយមួយ ដែលអាចធ្លាក់ចូលក្នុងដៃគូសត្រូវរបស់សហរដ្ឋអាមេរិក ដែលថា អន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មិនមានមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវទេ។ នេះតាមលោក Nicholas Heras ជាអ្នកស្រាវជ្រាវតំបន់មជ្ឈិមបូព៌ានៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកាំងថ្មីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Heras បាននិយាយទៀតថា «ប្រធានាធិបតីស៊ីរីលោក បាសា អាសាធ និងរុស្ស៊ី អាចប្រើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីត្រាំធ្វើការវាយប្រហារលើកងទ័ពសហ រដ្ឋអាមេរិកនៅផ្នែកខាងកើតនៃប្រទេសស៊ីរី ហើយដោយនិយាយពីអ្វីដែលលោកត្រាំ បាននិយាយអំពីប្រេងរបស់ស៊ីរី»៕