ក្រសួងការពារប្រទេសនៃប្រទេសតួកគីនិយាយថា មានមនុស្សយ៉ាងហោចណាស់១៣នាក់បានបាត់បង់ជីវិតនៅក្នុងការផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅជិតផ្សារមួយកាលពីថ្ងៃសៅរ៍ នៅក្នុងក្រុងព្រំដែន Tal Abyad ក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរី។
គ្មានការអះអាងទាមទារការទទួលខុសត្រូវភ្លាមៗនៅឡើយទេ ក៏ប៉ុន្តែក្រសួងនេះបានបន្ទោសចំពោះការវាយប្រហារនេះទៅលើកងឯកភាពការពាររបស់ប្រជារាស្ត្រឃឺដស៊ីរី ហៅកាត់ថា YPG ដែលជាសមាសភាគពួកឃឺដ នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ហៅកាត់ថា SDF។
ក្រសួងការពារប្រទេសនៃប្រទេសតួកគី ក៏បានអំពាវនាវដល់ពួកមេដឹកនាំពិភពលោកឱ្យប្រកាន់គោលជំហរមួយប្រឆាំងនឹងពួក YPG នេះ ដោយក្រសួងនេះបានពណ៌នាពួកនេះថាជាអង្គការភេរវកម្មឃោរឃៅមួយ។
ប្រទេសតួកគី បានចាត់ទុកពួក YPG ថាជាពួកភេរជនមួយក្រុម ក៏ប៉ុន្តែស.រ.អា.ចាត់ទុកពួកនេះថាជាសម្ព័ន្ធមិត្តសំខាន់មួយនៅក្នុងការប្រយុទ្ធដែលកំពុងធ្វើឡើងប្រឆាំងនឹងពួករដ្ឋឥស្លាម។
រដ្ឋាភិបាលក្រុង Ankara បានក្តាប់ការត្រួតត្រាលើក្រុង Tal Abyad កាលពីខែមុននៅក្រោយកងយោធាតួកគី និងពួកជីវពលស៊ីរីដែលជាសម្ព័ន្ធមិត្តពួកគេបានចូលលុកលុយក្នុងផ្នែកឦសាននៃប្រទេសស៊ីរីប្រឆាំងនឹងពួក SDF នៅក្រោយលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានសម្រេចដកពួកទាហានអាមេរិកាំងពីតំបន់នោះ។
តំបន់សុវត្ថិភាពមានចម្ងាយ១២០គ.ម.នេះបានត្រូវបង្កើតចាប់តាំងពីពេលនោះមកនៅចន្លោះក្រុង Tal Abyad និងក្រុង al-Ain ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីថ្ងៃទី១៧ខែតុលា រវាងប្រទេសតួកគី និងស.រ.អា.ដែលបានតម្រូវដែរឱ្យពួក YPG ដកថយចេញពីតំបន់នោះដែរ៕