លោកនាយករដ្ឋមន្ត្រីតួកគី Binali Yildrim បាននិយាយថា មន្ត្រី២៨៣៩នាក់ បានប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ប៉ុន្តែដំណាក់កាលទី១នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះបានបញ្ចប់ហើយ ហើយប្រជាពលរដ្ឋតួកគីនឹងចាប់ផ្តើមជីវភាពប្រចាំថ្ងៃរបស់ពួកគេដូចធម្មតាឡើងវិញ។
មនុស្សយ៉ាងហោចណាស់១៩០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាចាប់តាំងពីល្ងាចថ្ងៃសុក្រ នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ដោយក្នុងនោះរួមមានមន្ត្រីប៉ូលិស៤១នាក់ ទាហាន២នាក់ ជនស៊ីវិល៤៧នាក់ និងអ្នករៀបចំផែនការធ្វើរដ្ឋប្រហារ១០៤នាក់។ នេះបើយោងតាមលោកអគ្គមេបញ្ជាការ Dundar ដែលទើបតែត្រូវបានតែងតាំងឲ្យធ្វើជាអគ្គសេនាធិការ។
ក្រុមមេដឹកនាំធ្វើរដ្ឋប្រហារនោះនិយាយនៅក្នុងសារអេឡិចត្រូនិចថា ពួកគេនៅតែប្តូរផ្តាច់ប្រយុទ្ធបន្តទៅទៀត។
អាកាសយានដ្ឋាននៅទីក្រុង អ៊ីស្តង់ប៊ុលបានបើកដំណើរការវិញហើយ។ លោកប្រធានាធិបតី Erdogan បានមានប្រសាសន៍ថា ជើងហោះហើរតួកគីបានចាប់ដំណើរការវិញហើយ ហើយលោករំពឹងថា អាកាសយានដ្ឋានក្នុងរដ្ឋធានី អង់ការ៉ា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។
យន្តហោះទម្លាក់គ្រាប់បែកប្រភេទ F-១៦ ត្រូវបានពួកគាំទ្រការធ្វើរដ្ឋប្រហារបំពាក់នៅខាងក្រៅវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានី អង់ការ៉ា។
លោកនាយករដ្ឋមន្ត្រី Yildrim បានប្រកាស អំពីអគ្គសេនាធិការយោធាស្តីទីថ្មីរបស់តួកគី។
យោងតាមក្រសួងការបរទេសតួកគី ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមយោធាមួយក្រុម។
វីដេអូមួយបានបង្ហាញពី ក្រុមទាហានដែលបានចូលកាន់កាប់ស្ថានីយ៍ទូរទស្សន៍ CNN កាលពីមុនត្រូវបានចាប់ខ្លួន ហើយក្រុមការងារ CNN បានចូលផ្សាយព័ត៌មាននៅទូទាំងប្រទេសវិញហើយ។
ស្ថានីយ៍ទូរទស្សន៍បានបង្ហាញពីគ្រាប់បែកបានលាក់នៅក្នុងសភាតួកគីផងដែរ។
ស្ថានីយ៍ទូរទស្សន៍ក៏បានបង្ហាញពី យន្តហោះចម្បាំងរបស់តួកគីបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ ដែលជាស្នាដៃរបស់ក្រុមរៀបផែនការធ្វើរដ្ឋប្រហារ៕