បណ្តាញព័ត៌មាននៃប្រទេសតួកគី ប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលីស បានចាប់ខ្លួនជនសង្ស័យ១៣នាក់នៅក្នុងការទាក់ទិនទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៣កាលពីថ្ងៃអង្គារនៅឯព្រលានយន្តហោះទីក្រុង Istanbul ដែលបានសម្លាប់មនុស្ស៤២នាក់ហើយនិងធ្វើឲ្យមនុស្ស២៣៩នាក់ផ្សេងទៀតរងរបួស។
ការចាប់ខ្លួននេះ បានកើតមានឡើងក្នុងអំឡុងពេលនៃការវាយឆ្មក់នៅទីកន្លែងចំនួន ១៦នៅក្នុងទីក្រុង Istanbul។ មនុស្សដែលត្រូវចាប់ខ្លួនយ៉ាងហោចណាស់ក៏៣នាក់ដែរនៃមនុស្សដែលត្រូវចាប់ខ្លួនទាំងអស់នោះនៅក្នុងទីក្រុង Istanbul បានត្រូវគេនិយាយថាជាជនជាតិបរទេស។
ទីភ្នាក់ងារព័ត៌មាន Anadolu ដែលរៀបចំចាត់ចែងដោយរដ្ឋ បានប្រាប់ឲ្យដឹងថា ពួកអាជ្ញាធរ បានចាប់ខ្លួនមនុស្ស៩នាក់ក្នុងទីក្រុង Izmir ដែលជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគខាងលិចដែលត្រូវបានរងការចោទប្រកាន់ពីការជាប់ការទាក់ទិនជាមួយពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីដែលរួមមានការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ ការជ្រើសរើសនិងសម្ភារៈរបស់ក្រុមនោះ។
ពួកមន្រ្តីតួកគី បានស្តីបន្ទោសក្រុមរដ្ឋឥស្លាមចំពោះការវាយប្រហារព្រលានយន្តហោះ ទោះជាយ៉ាងណាក៏ដោយ ពួកជនសកម្មប្រយុទ្ធ មិនបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។
នាយករដ្ឋមន្រ្តី Binali Yildrim បាននិយាយកាលពីថ្ងៃពុធថា ការស៊ើបអង្កេតកំពុងធ្វើឡើង ក៏ប៉ុន្តែ ភស្តុតាងនោះចង្អុលបង្ហាញថាពួកក្រុមរដ្ឋឥស្លាមជាអ្នកទទួលខុសត្រូវ។លោក បាននិយាយទៀតថា ការវាយប្រហារ អាចជាការឆ្លើយតបទៅនឹងការខំប្រឹងប្រែងរបស់តួកគីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីនិងអ៊ីស្រាអែល។
លោក John Brennan ប្រធានទីភ្នាក់ងារកណ្តាលស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) បានមានប្រសាសន៍ថា ការបំផ្ទុះគ្រាប់បែកនោះ ជាសញ្ញាទូទៅរបស់ក្រុមរដ្ឋឥស្លាម ហើយលោកបានព្រមានពីការតទល់ដើម្បីបញ្ឈប់ការវាយប្រហារបែបនេះ៕