ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ប្រទេស​តួកគី​នឹង​ចុះ​ចេញ​ពី​តំណែង


លោក Ahmet Davutoglu នាយក​រដ្ឋ​មន្រ្តី​តួកគី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
លោក Ahmet Davutoglu នាយក​រដ្ឋ​មន្រ្តី​តួកគី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

លោក​នាយក​រដ្ឋ​មន្រ្តី​តួកគី Ahmet Davutoglu បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​មិន​ព្យាយាម​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាថ្មី​ឡើងវិញក្នុង​នាម​លោកជា​ប្រធាន​គណបក្សកាន់​អំណាច​ នៅ​ក្នុង​សមាជបក្ស​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​នោះ​ទេ ដែល​នេះ​មាន​ន័យ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង។

បន្ទាប់​ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍​ដែល​កាន់​អំណាច​បាន​បញ្ចប់​ លោក Davutoglu ​បាន​មាន​ប្រសាសន៍នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​អង់ការ៉ា​ថា ដើម្បី​ការ​បង្រួបបង្រួម​គណបក្ស ការ​ផ្លាស់ប្ដូរថ្នាក់​ដឹកនាំ​គណបក្ស​នឹង​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។
លោក Davutoglu ​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​បរាជ័យ​ឬ​សោកស្តាយ​អ្វី​ចំពោះការ​សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​នោះ​ទេ»។ ហើយ​ការ​លាលែង​ពី​តំណែង​របស់​ខ្ញុំ​គឺ​មិនមែន​ជា​ «ជម្រើស​របស់​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​រឿង​ចាំបាច់​មួយ»។ លោក​ក៏​បានសង្កត់​ធ្ងន់​ថា លោក​មិន​មាន​អារម្មណ៍​ពិបាក​នោះ​ទេ។

លោក Davutoglu បាន​ចង្អុល​បង្ហាញ​ថា លោក​នឹង​នៅ​តែ​ធ្វើ​ជា​សមាជិក​របស់​គណបក្ស និង​បន្ត​ធ្វើ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់អំណាច។ លោក​ក៏​បាន​សន្យា​ស្មោះស្ម័គ្រ​នឹង​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ផង​ដែរ។ លោក Erdogan ​បាន​មាន​ប្រសាសន៍​ថា វា​គឺ​ជា​ការ​សម្រេចចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់ ​ហើយ​លោក​សូម​ជូនពរ​ដល់លោក Davutoglu។

ការ​លាលែង​ពី​តំណែង​របស់​លោក Davutoglu ​នឹង​មិន​មាន​ប្រសិទ្ធភាព​ភ្លាមៗ​នោះ​ទេ។ គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍​នឹង​បើក​កិច្ចប្រជុំ​សមាជបក្ស​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​២២​ខែ​ឧសភា​ខាង​មុខ​នេះ ដើម្បី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​ថ្មី​ដែល​នឹង​ជំនួស​តំណែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Davutoglu។ ​

លោក Davutoglu គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​២​ខែ​ឧសភា ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​និង​លោកអនុ​ប្រធានាធិបតី Joseph Biden។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តួកគី។ សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ដំណឹង​នេះ​ធ្វើ​ឲ្យ​លោក Erdogan ខឹង​សម្បារ ហើយ​ទស្សនកិច្ច​នោះ​ក៏​ត្រូវ​បាន​បញ្ឈប់​វិញ។

លោក Erdogan និង​លោក Davutoglu បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​សម្របសម្រួល​ទៅ​លើ​ភាពចម្រូងចម្រាស​របស់​ពួកគេ។ លោក Davutoglu ​មិន​គាំទ្រ​គោលនយោបាយ​មួយ​ចំនួន​របស់​លោក Erdogan នោះ​ទេ ដោយ​រួម​មាន​ទាំង​សក្តានុពល​នៃ​ការផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យ​ប្រធានាធិបតីស្ថិត​ក្នុង​តំណែង​មួយ​ដែល​មាន​អំណាច​ទាំង​ស្រុង​ផង​ដែរ៕

XS
SM
MD
LG