ប្រទេសតួកគីកំពុងដកកងទ័ពចេញពីតំបន់ខាងជើងនៃប្រទេសអ៊ីរ៉ាក់នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់មួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបានស្នើរឲ្យរដ្ឋាភិបាលតួកគីដកកងទ័ពរបស់ខ្លួន។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសតួកគីបានទទួលស្គាល់ថា មានការយល់ច្រឡំជាមួយអ៊ីរ៉ាក់លើបញ្ហាដាក់ពង្រាយកងទ័ពនៅពេលថ្មីៗនេះនៅបន្ទាយកងទ័ព Bashiqa នៅជិតទីក្រុម Mosul ដែលត្រួតត្រាដោយក្រុមរដ្ឋឥស្លាម។
ក្រសួងការបរទេសតួកគីមិនបានប្រាប់ឲ្យដឹងថាតើ កងទ័ពប៉ុន្មាននាក់នឹងត្រូវចាកចេញ ឬថាតើកងទ័ពទាំងនោះនឹងត្រូវចាកចេញទៅកាន់ទីកន្លែងណាទេ។
ការដាក់ពង្រាយកងទ័ពតួគីនៅ Bashiqa បានធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ខឹងសម្បារ ហើយបាននិយាយថា ទាហានទាំងអស់នោះមិនបានត្រូវអញ្ជើញមកកាន់ទីនេះទេ ហើយចំណាត់ការបែបនេះជាការឈ្លានពានខុសច្បាប់។
ក៏ប៉ុន្តែតួកគីបាននិយាយថា កងទ័ពរបស់ខ្លួនជាផ្នែកមួយនៃបេសកកម្មអន្តរជាតិដើម្បីហ្វឹកហាត់ និងបំពាក់អាវុធដល់កងទ័ពអ៊ីរ៉ាក់ ដែលចង់ដណ្តើមយកទីក្រុង Mosul ពីពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមមកវិញ។
ក្នុងការសន្ទនាតាមទូស័ព្ទកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិកអូបាម៉ាបានស្នើរឲ្យប្រធានាធិបតីតួគី Recep Tayyip Erdogan ចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ាក់ ដែលរួមមានការបន្តដកកងទ័ពតួកគី។ លោកប្រធានាធិបតី ក៏បានជំរុញតួកគីឲ្យគោរពបូរណភាពទឹកដីរបស់អ៊ីរ៉ាក់ផងដែរ៕