ប្រទេសអ៊ីរ៉ាក់នៅថ្ងៃសៅរ៍នេះបានទាមទារឲ្យ ប្រទេសតួកគីដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់មួយក្បែរទីក្រុង Mosul ដោយនិយាយថា ការដាក់ពង្រាយទ័ពរបស់តួកគីនោះគឺជា«ការរំលោភយ៉ាងធ្ងន់ធ្ងរ» លើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានបញ្ជាក់ថា កងវរសេនាធំរបស់តួកគី រួមទាំងកងរថក្រោះ និងកងកាំភ្លើងធំជាច្រើនទៀត បានចូលក្នុងដែនដីរបស់អ៊ីរ៉ាក់ ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលក្រុងបាកដាដ។
មន្ត្រីតួកគីនិយាយថា កងកម្លាំងទាំងនោះបានស្ថិតនៅក្នុងតំបន់Mosul Bashiqa ដើម្បី«ធ្វើសមយុទ្ធយោធាជាធម្មតា»។ កងកម្លាំងទាំងនោះបានចូលឆ្លងព្រំដែនចម្ងាយ៣០គីឡូម៉ែត្រពីទីក្រុងMosul ដែលក្រុមរដ្ឋឥស្លាមត្រួតត្រា។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា ការដាក់ពង្រាយទ័ពនោះ គឺជាផ្នែកមួយនៃការផ្លាស់វេនគ្នាជាប្រចាំរវាងកងកម្លាំងថ្មីរបស់តួកគី ដែលទៅជំនួសកងកម្លាំងពិសេស ដែលបានហ្វឹកហ្វឺនកងកម្លាំងប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅទីនោះ។
មន្ត្រីអាមេរិកក៏បានបញ្ជាក់អំពីការដាក់ពង្រាយទ័ពនោះដែរ កាលពីយប់ថ្ងៃសុក្រ ដោយនិយាយថា កងវរសេនាតូចមួយរបស់តួកគីពិតបានឈរជើងនៅតាមព្រំដែន ខាងភាគីអ៊ីរ៉ាក់មែន។ អាមេរិកនិយាយថា ការដាក់ពង្រាយទ័ពនោះមិនមែនជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ក្រុមចម្រុះ ដើម្បីប្រឆាំងនឹងក្រុមភេរវកររដ្ឋឥស្លាមនោះទេ ប៉ុន្តែ វាជាផ្នែកមួយនៃការព្រមព្រៀងរវាងតួកគី និងអ៊ីរ៉ាក់ទៅវិញទេ។
មន្ត្រីតួកគីនិយាយថា ពួកគេបានផ្តល់ដំណឹងជាមុនអំពីការដាក់ពង្រាយទ័ពនេះដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅក្នុងក្រុមចម្រុះនោះ៕