កងយោធានៃប្រទេសតួកគីបាននិយាយថា កងយន្តហោះចម្បាំងរបស់ពួកគេបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅពួកឧទ្ទាម Kurd ១៧កន្លែងកាលពីថ្ងៃអង្គារនៅក្នុងប៉ែកអាគ្នេយ៍នៃប្រទេសនេះ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការវាយប្រហារតាមអាកាសទាំងនេះបានផ្តោតការយកចិត្តទុកដាក់លើសមាជិកនៃគណបក្សកម្មករ Kurdistan ហៅកាត់ថា PKK នៅក្នុងខេត្ត Hakkari ដែលនៅជាប់ព្រំដែននៃប្រទេសអ៊ីរ៉ាក់និងប្រទេសអ៊ីរ៉ង់។
ការវាយប្រហារតាមអាកាសទាំងនេះមានឡើងក្រោយការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃចន្ទដែលគេបានបន្ទោសពួក PKK ថាជាអ្នកធ្វើការវាយប្រហារដែលបានបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់នៅក្នុងខេត្ត Sirnak នៅជិតខាងនិងនៅក្នុងក្រុងអ៊ីស្តង់ប៊ុល (Istanbul)។ កាលពីយប់មិញ ពួកឧទ្ទាម Kurd បានវាយប្រហារ ប៉ុស្តិ៍យោធាមួយនៅក្នុងខេត្ត Sirnak ដែលនាំឱ្យទាហានម្នាក់បាត់បង់ជីវិត៕