កាលពីថ្ងៃអង្គារ កងយន្តហោះប្រតិកម្មប្រយុទ្ធតួកគី បានវាយប្រហារតាមអាកាសប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធដែលជាសមាជិកនៃគណបក្សកម្មករឃឺត ហៅកាត់ថា PKK ដែលត្រូវបានហាមប្រាម នៅស្របពេលដែលមានការដាក់គ្រាប់ឱ្យផ្ទុះឡានក្រុងមួយគ្រឿងនៅប៉ែកខាងកើតនៃប្រទេសតួកគី ដែលបានបណ្តាលឱ្យប៉ូលិសជាង១២នាក់បាត់បង់ជីវិត។
ទីភ្នាក់ងារព័ត៌មាន Anadolu របស់រដ្ឋនៃប្រទេសតួកគីបានផ្សាយថា យន្តហោះប្រតិកម្មប្រយុទ្ធជាង៥០គ្រឿងរបស់តួកគីបានចូលរួមក្នុងការឆ្មក់វាយប្រហារ៦ម៉ោង នាំឱ្យ«ពួកភេរវជនពី៣៥ទៅ៤០នាក់បាត់បង់ជីវិត នេះបើតាមការរកឃើញដំបូង»។
នៅពេលជាមួយគ្នានេះដែរ មានប៉ូលិសយ៉ាងតិចណាស់១៤នាក់បានត្រូវសម្លាប់នៅពេលដែលឡានក្រុងរបស់ពួកគេមួយគ្រឿងបានផ្ទុះដោយសារគ្រាប់បែកមួយដែលគេសង្ស័យថា ត្រូវបានដាក់ដោយពួកជនសកម្មប្រយុទ្ធ PKK នៅក្នុងខេត្ត Igdir នាប៉ែកខាងកើតនៃប្រទេសតួកគី។ ទីភ្នាក់ងារព័ត៌មាន Dogan បានរាយការណ៍ថា ឡានក្រុងនេះបានដឹកពួកប៉ូលិសទៅកាន់កន្លែងឆ្លងកាត់ព្រំដែន Dilucu ដែលភ្ជាប់ប្រទេសតួកគី ជាមួយនឹងសាធារណរដ្ឋស្វយ័ត Nakhichevan នៃប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) នៅពេលឡាននោះរងគ្រោះដោយសារការផ្ទុះគ្រាប់បែកនៅជិតភូមិ Hasankoy។
ទីភ្នាក់ងារព័ត៌មាន Dogan ក៏បានរាយការណ៍ដែរថា ពួកទាហានតួកគី បានវាយសម្រុកបាន២គ.ម.ចូលទៅក្នុងផ្នែកខាងជើងនៃប្រទេសអ៊ីរ៉ាក់ដោយបានធ្វើប្រតិបត្តិការ២ម៉ោងនៅលើដី នៅមុនពេលពួកគេវិលត្រឡប់ទៅកាន់ប្រទេសតួកគីវិញ៕