អាជ្ញាធរប្រទេសតួកគីបានកាត់ទោសជនជាតិស៊ីរីពីរនាក់ឱ្យជាប់ពន្ធនាគារបួនឆ្នាំដោយសារការស្លាប់នៃកូនក្មេងម្នាក់អាយុបីឆ្នាំ និងគ្រួសាររបស់ក្មេងនេះដែលបានលង់ទឹកស្លាប់នៅពេលធ្វើដំណើរទៅកាន់ប្រទេសតួកគី។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសតួកគីបានផ្សាយកាលពីថ្ងៃសុក្រថាឈ្មោះ Muwafaka Alabash និងឈ្មោះ Asem Alfrhad បានត្រូវរកឃើញថាមានទោសពីបទជួញដូរមនុស្សហើយបានកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារបួនឆ្នាំនិងពីរខែ។
នៅក្នុងចំណោមមនុស្សដែលបានលង់ទឹកស្លាប់មានកុមារា Aylan Kurdi អាយុ៣ឆ្នាំដែលជានិមិត្តរូបមួយនៃវិបត្តិជនភៀសខ្លួននៅពេលបណ្តាញផ្សាយព័ត៌មានបានបោះពុម្ពផ្សាយរូបថតមួយនៃរាងកាយតូចគ្មានជីវិតរបស់កុមារានេះអណ្តែតទៅដល់ឆ្នេរខ្សាច់នៅមាត់សមុទ្រមួយនៃប្រទេសតួកគី។ ជនភៀសខ្លួនឯទៀតៗដែលបានបាត់បង់ជីវិតមានរួមមានម្តាយ និងបងប្រុសរបស់ Aylan។
ការកាត់ក្តីជនជាតិស៊ីរីពីរនាក់នេះបានបើកធ្វើកាលពីថ្ងៃទី១១កុម្ភៈនៅក្នុងតុលាការឧក្រិដ្ឋកម្មមួយនៅក្នុងក្រុងលំហែកាយ Bodrum នៅភាគខាងលិចនៃប្រទេសតួកគី។ សមាជិកគ្រួសាររបស់ Aylan Kurdi ឋិតនៅក្នុងចំណោមមនុស្សរាប់សែននាក់ដែលធ្វើដំណើរដោយប្រថុយប្រថានទៅដល់ប្រទេសក្រិកនៅក្នុងសេចក្តីសង្ឃឹមថានឹងអាចធ្វើដំណើរទៅភាគខាងជើងថែមទៀតដើម្បីឱ្យមានជីវភាពល្អប្រសើរជាងមុននៅក្នុងប្រទេសសម្បូរធនធានក្នុងប៉ែកខាងជើង និងខាងលិចនៃទ្វីបអឺរ៉ុប។
ទីភ្នាក់ងារស្ថិតិ Eurostat បានរាយការណ៍កាលពីថ្ងៃសុក្រថា មានអ្នកស្វះស្វែងរកសិទ្ធិជ្រកកោន១លាន២សែន៥ម៉ឺននាក់បានទៅដល់សហភាពអឺរ៉ុបកាលពីឆ្នាំ២០១៥ដែលមានជាងពីរដងចំនួនកាលពីឆ្នាំ២០១៤។ ទីភ្នាក់ងារនេះបាននិយាយថា ជនជាតិស៊ីរីជាជនភៀសខ្លួនមានចំនួនច្រើនជាងគេ បន្ទាប់មកមានជនជាតិអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់៕