រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានផ្អាកការវាយប្រហារតាមអាកាសដោយកងកម្លាំងរបស់ខ្លួនផ្ទាល់ជាបណ្ដោះអាសន្ន នៅក្នុងប្រទេសស៊ីរី។
វិធានការនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីយន្តហោះចម្បាំងសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី ហើយរដ្ឋាភិបាលរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសស៊ីរី បានឆ្លើយតបដោយគំរាមចាត់ទុកយន្តហោះសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលប្រតិបត្តិការនៅលើដែនអាកាសប្រទេសស៊ីរីថាជាគោលដៅវាយប្រហារ។
ប្រទេសអូស្ត្រាលីគឺជាផ្នែកមួយនៃក្រុមសម្ព័ន្ធមិត្តដែលបានចាប់ផ្ដើមវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី កាលពីខែកញ្ញា ឆ្នាំ ២០១៤។
ក្រសួងការពារជាតិអូស្ត្រាលីបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ខ្លួននឹងធ្វើការអង្កេតលើ «ស្ថានការណ៍ហោះហើរនៅក្នុងប្រទេសស៊ីរី» និងធ្វើការសម្រេចចិត្តលើការចាប់ផ្ដើមវាយប្រហារតាមអាកាសឡើងវិញនៅទីនោះ «ក្នុងពេលវេលាដ៏សមស្របមួយ»។ ក្រសួងការពារជាតិអូស្ត្រាលី បានឲ្យដឹងថា ការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់សម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក នឹងនៅតែបន្តធ្វើទៅមុខទៀត។
សហរដ្ឋអាមេរិកបានឆ្លើយតបដោយកម្លាំង កាលពីថ្ងៃច័ន្ទម្សិលមិញចំពោះការគំរាមកំហែងរបស់ប្រទេសរុស្ស៊ី ដោយការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី SU-22 ដែលបានទម្លាក់គ្រាប់បែកលើកងកម្លាំងដៃគូសម្ព័ន្ធមិត្តនៅជិតក្រុង Tabqah នៃប្រទេសស៊ីរី។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានហៅការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីនេះថាជា «សកម្មភាពគគ្លើន»៕