រុស្ស៊ីនិយាយថា ឥឡូវនេះខ្លួននឹងចាត់ទុកយន្តហោះរបស់ក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកដែលហោះកាត់ប្រទេសស៊ីរី ជាគោលដៅ បន្ទាប់ពីយន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានបាញ់ទម្លាក់យន្តហោះយោធាស៊ីរីជាលើកដំបូងបង្អស់ក្នុងជម្លោះរយៈពេល៦ឆ្នាំមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ យោធារុស្ស៊ីក៏បានឲ្យដឹងថា ខ្លួនកំពុងតែផ្អាកការប្រើប្រាស់ទូរស័ព្ទសម្រាប់ហេតុការណ៍អាសន្នមួយខ្សែ ដែលត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់កុំឲ្យមានហេតុការណ៍ចៃដន្យណាមួយដែលពាក់ព័ន្ធនឹងយោធា។
ថ្វីដ្បិតតែរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះក៏ដោយ ក៏លោកឧត្តមសេនីយ៍ Joseph Dunford ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះអាមេរិកបានថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថាក្រុមមន្ត្រីកំពុងតែព្យាយាមបង្កើតខ្សែរបស់ខ្លួនឡើងវិញ ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ដ៏ប្រល័យ ហើយថាកិច្ចខិតខំប្រឹងប្រែងកុំឲ្យមានជម្លោះបានប្រព្រឹត្តទៅយ៉ាងរលូនកាលពីពេលមុន។
កាលពីមុន យោធារុស្ស៊ីបានចោទប្រកាន់ថា «បញ្ជាការរបស់កងកម្លាំងនៃក្រុមសម្ព័ន្ធមិត្តមិនបានប្រើប្រាស់ខ្សែទំនាក់ទំនងដែលបានបង្កើតរួចហើយដើម្បីទប់ស្កាត់ដល់ហេតុការណ៍នានានៅក្នុងដែនអាកាសរបស់ស៊ីរីនោះទេ»។ ប្រតិកម្មរបស់រដ្ឋាភិបាលក្រុងមូស្គូ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានបាញ់ទម្លាក់យន្តហោះរបស់ស៊ីរីសម្រាប់ទម្លាក់គ្រាប់លើអ្នកប្រយុទ្ធដែលអាមេរិកគាំទ្រ ដែលប្រយុទ្ធជាមួយនឹងក្រុមរដ្ឋឥស្លាម។
អាមេរិកបានហៅការវាយប្រហាររបស់ខ្លួនថាជាសកម្ម «ការពារខ្លួនរបស់កងកម្លាំងដែលជាដៃគូរបស់ក្រុមសម្ព័ន្ធមិត្ត»៕