ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយរដ្ឋនៃប្រទេសតួកគីរាយការណ៍មកថា មានមនុស្សយ៉ាងតិច៨នាក់បានស្លាប់ និងជាង១០០នាក់ទៀតបានរងរបួស ដោយសារការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបង្កប់ក្នុងឡានមួយគ្រឿងនៅភាគអាគ្នេយ៍ទីក្រុង Diyarbakir នៅថ្ងៃសុក្រនេះ។
មន្ត្រីនានានិយាយថា ការវាយប្រហារនោះបានកើតមានឡើងនៅជិតស្ថានីយប៉ូលិស ក្រោយពីមានការចាប់ខ្លួនមេដឹកនាំក្រុមរបស់គណបក្សប្រជាធិបតេយ្យប្រជាជន ឬ Peoples' Democratic Party ដែលគាំទ្រជនជាតិ Kurd។ គណបក្សនេះគឺជាគណបក្សប្រឆាំងធំបំផុតទីពីរនៅក្នុងសភាតួកគី ហើយមានសមាជិកសភាមកពីគណបក្សនេះយ៉ាងតិច១១នាក់ ដែលមានមូលដ្ឋាននៅតំបន់ជនជាតិ Kurd។
ក្រុមឆ្វេងនិយម និងក្រុមមាននិន្នាការអភិវឌ្ឍន៍នៅប្រទេសតួកគីក៏ត្រូវចាប់ខ្លួនក្នុងការស៊ើបអង្កេតប្រឆាំងភេរវកម្មនៅយប់នោះដែរ។ ការិយាល័យរបស់រដ្ឋាភិបាលនៅក្រុង Diyarbakir និយាយថា ក្រុមខុសច្បាប់ឈ្មោះ គណបក្ស Kurdistan Workers Party បានប្រកាសទទួលខុសត្រូវការវាយប្រហារនេះ។
គណបក្ស Kurdistan Workers Party បានធ្វើការបះបោរ៣ទសវត្សរ៍មកហើយនៅភាគអាគ្នេយ៍ប្រទេសតួកគី។ ក្នុងពេល១៨ខែមកនេះ ប្រទេសតួកគីបានប្រឈមនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាច្រើនដង បង្កឡើងដោយក្រុមសកម្មប្រយុទ្ធ Kurdឬ សមាជិកក្រុមរដ្ឋឥស្លាម៕