គណបក្សប្រឆាំងធំជាងគេនៅប្រទេសតួកគីបានរក្សាការគ្រប់គ្រងរបស់ខ្លួនក្នុងក្រុងសំខាន់ៗហើយបានឈ្នះឆ្នោតច្រើននៅកន្លែងឯទៀតៗក្នុងការបោះឆ្នោតក្នុងមូលដ្ឋានកាលពីថ្ងៃអាទិត្យទី៣១ ខែមីនា នៅក្នុងដំណើរថយក្រោយធំមួយសម្រាប់លោកប្រធានាធិបតី Recep Tayyip Erdogan ដែលបានកំណត់គោលដៅរបស់លោកដើម្បីគ្រប់គ្រងជាថ្មីតំបន់ក្រុងទាំងនោះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋថា ដោយមានសន្លឹកឆ្នោតជាង៩០%ត្រូវបានរាប់ហើយ លោក Ekrem Imamoglu អភិបាលក្រុង Istanbul កំពុងកាន់តំណែងមកពីគណបក្សប្រជាជនសាធារណរដ្ឋ ហៅកាត់ថា CHP បាននាំមុខខ្លាំងក្នុងក្រុងនេះដែលជាក្រុងធំបំផុតនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសតួកគី។
លទ្ធផលបានបញ្ជាក់ថា លោក Mansur Yavas អភិបាលរដ្ឋធានីអង់ការ៉ាបានរក្សាអាសនៈរបស់លោកដោយបានឈ្នះឆ្នោត២៥%លើសគូប្រជែងលោក។
បើតាម Anadolu ថា ជាសរុបគណបក្ស CHP បានឈ្នះការបោះឆ្នោតក្នុងក្រុងចំនួន៣៦នៃបណ្តាខេត្តសរុប៨១នៃប្រទេសតួកគី ដោយទទួលអាសនៈក្នុងតំបន់គាំទ្ររឹងមាំជាច្រើនរបស់គណបក្សលោក Erdogan។ គណបក្ស CHP មានសន្លឹកឆ្នោតគាំទ្រ៣៧%នៅទូទាំងប្រទេស ប្រៀបធៀបនឹង៣៦%សម្រាប់បក្សរបស់ប្រធានាធិបតី ដែលជាជ័យជម្នះធំបំផុតរបស់គណបក្ស CHP តាំងពីលោក Erdogan បានកាន់អំណាចពីរទសវត្សរ៍មកហើយនោះ។
លោក Erdogan បានទទួលស្គាល់ការចាញ់ឆ្នោតនេះក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងពីយ៉វិមានប្រធានាធិបតី ដោយនិយាយថា គណបក្សលោកបាន«ចាញ់ខ្លាំង»នៅទូទាំងប្រទេសតួកគី។ លោកបានថ្លែងថា ប្រជាពលរដ្ឋបានផ្ញើ«សារ»មួយ ហើយថា គណបក្សលោកនឹង«ធ្វើវិភាគ»ដោយធ្វើស្វ័យទិតៀន«យ៉ាងក្លាហាន»។
លោក Erdogan បានបន្ថែមថា៖ «ជាអកុសល ៩ខែក្រោយជ័យជម្នះយើងកាលពីថ្ងៃទី២៨ ខែឧសភា យើងមិនអាចទទួលលទ្ធផលដែលយើងចង់បានក្នុងការបោះឆ្នោតក្នុងមូលដ្ឋានទេ។ យើងនឹងកែកំហុសរបស់យើងនិងដោះស្រាយគុណវិបត្តិយើង»។
លោកបានសន្យាថានឹងជំរុញទៅមុខកម្មវិធីសេដ្ឋកិច្ចមួយត្រូវបានដាក់ឱ្យប្រើកាលពីឆ្នាំទៅសម្រាប់ប្រយុទ្ធនឹងអតិផរណា។
គេយល់ឃើញថា ការបោះឆ្នោតនេះជាការវាស់វែងប្រជាប្រិយភាពរបស់លោក Erdogan នៅពេលលោកប្រឹងប្រែងឱ្យគណបក្សលោកគ្រប់គ្រងជាថ្មីលើតំបន់ក្រុងទាំងឡាយដែលលោកបានចាញ់ក្រុមប្រឆាំងក្នុងការបោះឆ្នោតកាលពី៥ឆ្នាំមុន។ ជ័យជម្នះរបស់គណបក្ស CHP នៅក្រុងអង់ការ៉ានិងក្រុង Istanbul កាលពីឆ្នាំ២០១៩បានធ្វើឱ្យប្រេះឆាគំនិតនៃភាពមិនចាញ់បានរបស់លោក Erdogan។
កន្លែងតតាំងគ្នាធំបំផុតសម្រាប់ប្រធានាធិបតីតួកគីអាយុ៧០ឆ្នាំរូបនេះគឺក្រុង Istanbul ដែលមានប្រជាជន១៦លាននាក់ ជាទីដែលលោកបានកើតនិងធំធាត់។ លោកក៏បានចាប់ផ្តើមអាជីពនយោបាយរបស់លោកជាអភិបាលក្រុងនេះកាលពីឆ្នាំ១៩៩៤ដែរ។
លទ្ធផលនៃការបោះឆ្នោតនេះជាការលើកទឹកចិត្តមួយដល់ពួកប្រឆាំងដែលបែកបាក់គ្នានឹងអស់ទឹកចិត្តក្រោយចាញ់ឆ្នោតលោក Erdogan និងគណបក្សយុត្តិធម៌និងការអភិវឌ្ឍន៍ដែលជាបក្សគ្រប់គ្រងប្រទេសរបស់លោកលម្អៀងទៅខាងសាសនាអ៊ិស្លាមហៅកាត់ថា AKP នៅក្នុងការបោះឆ្នោតប្រធានាធិបតីនិងការបោះឆ្នោតសភាកាលពីឆ្នាំទៅ។
លោក Ozgur Ozel មេដឹកនាំគណបក្ស CHP បាននិយាយប្រាប់ក្រុមអ្នកគាំទ្រថា៖ «អ្នកបោះឆ្នោតបានសម្រេចចិត្តបង្កើតប្រព័ន្ធនយោបាយថ្មីមួយនៅតួកគី។ នៅថ្ងៃនេះ ក្រុមអ្នកបោះឆ្នោតបានសម្រេចចិត្តកែប្រែរូបភាព២២ឆ្នាំមកហើយនៃប្រទេសតួកគីនិងបើកឱ្យមានប្រព័ន្ធនយោបាយថ្មីមួយក្នុងប្រទេសយើង»។ នៅពេលជាមួយគ្នានោះមនុស្សមួយចំនួនធំបានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាក្រុងអង់ការ៉ាដើម្បីអបអរសាទរជ័យជម្នះរបស់អភិបាលរដ្ឋធានីអង់ការ៉ាលោក Yavas។ ពួក អ្នកគាំទ្របានស្រែកបន្ទរថា៖ «ក្រុងអង់ការ៉ាមានមោទនភាពចំពោះលោក!»។
លោក Sinan Ulgen ជានាយកអង្គការស្រាវជ្រាវ Edam នៅក្រុង Istanbul។ លោកបាននិយាយថា៖ «លទ្ធផលនាំឱ្យភ្ញាក់ផ្អើលនេះ»បណ្តាលមកពីក្រុមអ្នកបោះឆ្នោតចង់ដាក់ទណ្ឌកម្មគណបក្សគ្រប់គ្រងប្រទេសអំពី«បញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ»។ អតិផរណាកប់ពពកបាននាំឱ្យគ្រួសារតួកគីជាច្រើនមិនមានប្រាក់កាសគ្រប់គ្រាន់សម្រាប់ទិញទំនិញចាំបាច់ទេ។
លោក Ulgen បានថ្លែងថា ពួកអ្នកគាំទ្រគណបក្ស AKP មិនបានទៅបោះឆ្នោតទេ ឬមួយបោះឆ្នោតឱ្យបក្សឯទៀតៗវិញ។
លោកបានពោលថា៖ «មនុស្សទៅបោះឆ្នោតមានតិច បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។ មានការប្តូរគំនិតបោះឆ្នោតឱ្យបក្សឯទៀតវិញ ដែលមិនមានបែបនេះទេក្នុងការបោះឆ្នោតជាតិដោយសារមានការភ្ជាប់ខ្លាំងជាងមុនជាមួយមនោគមវិជ្ជា។ នៅលើកនេះបញ្ហាសេដ្ឋកិច្ចឈ្នះបញ្ហាអត្តសញ្ញាណ»។
ពលរដ្ឋប្រមាណ៦១លាននាក់ រួមមានទាំងមនុស្សជាងមួយលាននាក់ផងជាអ្នកបោះឆ្នោតលើកដំបូងដែលមានសិទ្ធិបោះឆ្នោត ជ្រើសរើសអភិបាលក្រុងនិងចៅសង្កាត់ព្រមទាំងក្រុមប្រឹក្សាក្រុងនិងសង្កាត់ផងដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋថា មនុស្សទៅបោះឆ្នោតមាន៧៦% ប្រៀបធៀបនឹង៨៧%កាលពីឆ្នាំទៅមិញ។
ក្នុងតំបន់អាគ្នេយ៍នៃប្រទេសតួកគីដែលមានពលរដ្ឋភាគច្រើនជាក្រុមជនអំបូរ Kurd គណបក្ស DEM បានឈ្នះឆ្នោតក្នុងក្រុងជាច្រើន តែគេដឹងមិនច្បាស់លាស់ទេថា តើបក្សនេះនឹងត្រូវអនុញ្ញាតឱ្យកាន់តំណែងទាំងនេះឬបែបណាទេ។ កាលពីឆ្នាំមុនៗ រដ្ឋាភិបាលលោក Erdogan បានដកអភិបាលក្រុងលម្អៀងទៅខាង Kurd ពីតំណែងដោយថា មានការទាក់ទងជាមួយក្រុមជនសកម្មប្រយុទ្ធ Kurd ហើយបានដាក់ក្រុមមន្ត្រីដែលរដ្ឋាភិបាលបានតែងតាំងឱ្យជំនួសពួកគេវិញ។
ពួកអ្នកវិភាគបាននិយាយថា បើគណបក្សរបស់ Erdogan បានទទួលជ័យជម្នះទៅវិញ វាទំនងអាចពង្រឹងការតាំងចិត្តរបស់លោកដើម្បីជំរុញឱ្យមានរដ្ឋធម្មនុញ្ញថ្មីមួយដែលអាចឆ្លុះបញ្ចាំងគុណតម្លៃអភិរក្សនិយមរបស់លោកនិងអនុញ្ញាតឱ្យលោកគ្រប់គ្រងប្រទេសហួសពីឆ្នាំ២០២៨នៅពេលអាណត្តិលោកចប់។
លោក Erdogan ដែលបានគ្រប់គ្រងប្រទេសតួកគីជាងពីរទសវត្សរ៍មកហើយ - ជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៣ ហើយជាប្រធានាធិបតីតាំងពីឆ្នាំ២០១៤ - បានប្រឹងប្រែងឱ្យមានរដ្ឋធម្មនុញ្ញថ្មីមួយដែលលើកតម្កើងគុណតម្លៃគ្រួសារមុនអ្វីៗទាំងអស់៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ