ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​និង​តួកគី​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​វិបត្តិ​ទេសន្តរប្រវេសន៍


លោក Ahmet Davutoglu នាយក​រដ្ឋ​មន្រ្តី​តួកគី (រូប​កណ្តាល) ទៅ​ដល់​ក្រុង​ព្រុចសែល​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។
លោក Ahmet Davutoglu នាយក​រដ្ឋ​មន្រ្តី​តួកគី (រូប​កណ្តាល) ទៅ​ដល់​ក្រុង​ព្រុចសែល​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។

សហភាព​អឺរ៉ុប​ និង​ប្រទេស​តួកគី​បាន​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​កាត់​បន្ថយ​លំហូរ​ជន​ចំណាក​ស្រុក​ចូល​ក្នុង​ទ្វីប​អឺរ៉ុប​ដែល​មិន​ធ្លាប់​មាន​ច្រើន​បែប​នេះ​ពី​ពេល​មុន​មក។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​សន្និសីទ​កំពូល​នៅ​ក្នុង​ក្រុង​ព្រុចសែល កាលពី​ថ្ងៃ​សុក្រ​ លោក​ Donald Tusk ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​តួកគី Ahmet Davutoglu បាន​ហៅ​កិច្ច​ព្រមព្រៀង​នេះ​ថា​ ជា​កិច្ចព្រមព្រៀង​មួយ​គួរ​កត់សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ។

លោក Davutoglu បាន​និយាយ​ថា​ថ្ងៃ​សុក្រ​ទី១៨​ខែ​មីនា​ជា​ «ទិវា​ប្រវត្តិសាស្ត្រ» មួយ​សម្រាប់​ប្រទេស​លោក​ និង​សហភាព​អឺរ៉ុប។

លោក​ Davutoglu បាន​និយាយ​ថា «ថ្ងៃ​នេះ​ក៏​ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​ដែរ​ពី​ព្រោះ​យើង​បាន​សម្រេច​កិច្ចព្រមព្រៀង​សំខាន់​មួយ​រវាង​ប្រទេស​តួកគី និង​សហភាព​អឺរ៉ុប។ នៅ​ថ្ងៃ​នេះ​យើង​ដឹង​ថា​ប្រទេស​តួកគី និង​សហភាព​អឺរ៉ុប​មាន​ជោគវាសនា​ដូច​គ្នា មាន​ឧបសគ្គ​ដូច​គ្នា ​និង​មាន​អនាគត​ដូចគ្នា​ផង​ដែរ»។

កាល​ពី​ពេល​មុន​នេះ​ លោក Tusk បាន​សរសេរ​ក្នុង​បណ្តាញ tweeter ថា​«កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​មួយ​រវាង​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​សហភាព​អឺរ៉ុប​ និង​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​តួកគី​ស្តី​ពី​សេចក្តី​ថ្លែងការណ៍​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​តួកគី» បាន​ត្រូវ​សម្រេច​ហើយ។

កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឱ្យ​ជន​ចំណាក​ស្រុក​ថ្មីៗ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​តួកគី​ចូល​ទៅ​ក្នុង​ប្រទេស​ក្រិក​នៅ​ក្រោយ​ថ្ងៃ​អាទិត្យ​ទី២០ ខែ​មីនា​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​តួកគី​វិញ​នៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​ «វិធានការ​បណ្តោះ​អាសន្ន និង​ពិសេស» មួយ​ដើម្បី​បញ្ចប់​ទុក្ខ​វេទនា​របស់​មនុស្ស និង​ធ្វើ​ឱ្យ​មាន​របៀប​រាយរយ​ឡើង​វិញ។ ការ​វិលត្រឡប់​ទៅ​វិញ​ដោយ​ពិតប្រាកដ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៤ ខែមេសា។

ជា​ថ្នូរ​ ប្រទេស​តួកគី​ដែល​បាន​ផ្តល់​ជម្រក​ដល់​ជនជាតិ​ស៊ីរី​ជិត​បី​លាន​នាក់​ហើយ​នោះ​នឹង​ទទួល​ជំនួយ​ហិរញ្ញវត្ថុ ចូល​រួម​កិច្ច​ចរចា​សុំ​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដោយ​លឿន​ជាង​មុន និង​មាន​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​តួកគី​នៅ​ក្នុង​តំបន់ Schengen៕

XS
SM
MD
LG