ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​ក្រិក​បាន​ទៅ​ដល់​ប្រទេស​តួកគី​ហើយ


ក្រុម​មន្រ្តី​របស់​ទីភ្នាក់ងារ​ការពារ​ព្រំដែន​របស់​សហភាព​អឺរ៉ុប​ នាំ​ផ្លូវ​ជន​ទេសន្តរប្រវេសន៍​ នៅ​ពេល​ពួកគេ​ឡើង​សាឡាង​នៅ​ផែ Mytilini កោះ Lesbos ប្រទេស​ក្រិក កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។​
ក្រុម​មន្រ្តី​របស់​ទីភ្នាក់ងារ​ការពារ​ព្រំដែន​របស់​សហភាព​អឺរ៉ុប​ នាំ​ផ្លូវ​ជន​ទេសន្តរប្រវេសន៍​ នៅ​ពេល​ពួកគេ​ឡើង​សាឡាង​នៅ​ផែ Mytilini កោះ Lesbos ប្រទេស​ក្រិក កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។​

ជន​អន្តោប្រវេសន៍​ប៉ាគីស្ថាន​ចំនួន​៤៥​នាក់​បាន​ទៅ​ដល់​ក្រុង Dikili នៃ​ប្រទេស​តួកគី ពី​ជំរំ​ជន​អន្តោប្រវេសន៍​ដែល​ពួកគេ​ស្នាក់នៅ​ នៅ​លើ​កោះ Lesbos ​ក្នុង​ប្រទេស​ក្រិក។ ពួកគេ​គឺ​ជា​ក្រុម​ជន​អន្តោប្រវេសន៍​ទី២​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វិញ ដោយ​យោង​តាម​កិច្ចព្រមព្រៀងថ្មី​ដ៏​ចម្រូងចម្រាស​មួយរវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​តួកគី។

សាឡាង​របស់​តួកគី​បាន​ដឹកជញ្ជូន​ជន​អន្តោប្រវេសន៍​ទៅ​កាន់​កំពង់ផែ​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​បន្ទាប់​មក​ក្នុង​ថ្ងៃ​ដដែល​នេះ​នឹង​មាន​ជន​អន្តោប្រវេសន៍​ប្រហែល​៨០​នាក់​បន្ថែម​ទៀត។ ក្រុម​មន្រ្តី​ក្រិកនិយាយ​ថា ពុំ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំងនោះ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​តួកគី​វិញ​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​សហភាព​អឺរ៉ុប​នោះ​ទេ។ ក្រុម​មន្រ្តី​សហភាព​អឺរ៉ុប​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ជន​អន្តោប្រវេសន៍​ទាំង​អស់ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​នឹង​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន ហើយ​ជន​ណា​ដែល​ត្រូវ​បាន​គេ​បដិសេធ​មិន​ប្រគល់​សិទ្ធិ​ជ្រកកោន​ឲ្យ ​ត្រូវ​បាន​គេ​សន្យា​ថា​នឹងទុក​ពេល​ឲ្យ​៥​ថ្ងៃ​ដើម្បី​ប្តឹង​តវ៉ា់។ ​

ខណៈ​ដែល​មាន​ការ​រៀបចំ​សម្រាប់​ឲ្យ​ជន​អន្តោប្រវេសន៍​ចាកចេញ​ពី​កោះ Lesbos នៅ​ថ្ងៃ​សុក្រ​នេះ មាន​សកម្មជន​យ៉ាង​ហោច​ណាស់​ចំនួន​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ពួកគេ​បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​ និង​តោង​ច្រវ៉ាក់​ដ៏​ធ្ងន់​ដែល​ភ្ជាប់​ទៅ​នឹង​យុថ្កា​របស់​សាឡាង​នោះ​។ សកម្មជន​ទាំង​២​នាក់​នេះ​ធ្វើ​ការ​ដើម្បី​បញ្ឈប់​ការ​បណ្តេញ​ចេញ​ជន​អន្តោប្រវេសន៍ទៅ​តួកគី ដោយ​ពួកគេនិយាយ​ថា ជន​អន្តោប្រវេសន៍​ត្រូវ​បានធានា​នឹងមិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ល្អ​ក្នុង​ប្រទេស​តួកគី ដែលជា​ប្រទេស​មួយដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្សទាប​នោះ​ទេ។

ខណៈពេល​ជាមួយ​គ្នា​នេះ​ដែរ​ អាល្លឺម៉ង់​បាន​ប្រកាស​ថា ​ចំនួន​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ដែល​ខ្លួន​ទទួល​បាន​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ខែ​កុម្ភៈ​ដល់​ខែ​មីនា ដោយ​សរុប​ទាំងអស់​មាន​ចំនួន​២​ម៉ឺន​ច្បាប់​នៅ​ក្នុង​ខែ​មីនា បើ​ធៀប​ទៅ​នឹង​ខែ​កុម្ភៈ មាន​ចំនួន​ដល់​ទៅ​៦​ម៉ឺន​ច្បាប់៕

XS
SM
MD
LG