ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋឥស្លាម​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​នៅ​អ៊ីស្តង់​ប៊ុល


សមាជិក​គ្រួសារនិង​មិត្តភក្តិ​បាន​កាន់ទុក្ខ​នៅពេល​ដែល​ពួកគេ​ចូល​រួម​ពិធី​បុណ្យសព​ Ayhan Akin ជន​រងគ្រោះ​ម្នាក់​កាល​ពី​ថ្ងៃទី​០១ មករា ២០១៧។
សមាជិក​គ្រួសារនិង​មិត្តភក្តិ​បាន​កាន់ទុក្ខ​នៅពេល​ដែល​ពួកគេ​ចូល​រួម​ពិធី​បុណ្យសព​ Ayhan Akin ជន​រងគ្រោះ​ម្នាក់​កាល​ពី​ថ្ងៃទី​០១ មករា ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រុម​រដ្ឋ​ឥស្លាម​បាន​អះ​អាងទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយប្រហារ​នៅ​ថ្ងៃ​ចូល​ឆ្នាំថ្មី​ក្នុង​ក្លិប​រាត្រីមួយ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៣៩​នាក់ស្លាប់ ហើយ​អាជ្ញាធរ​កំពុង​ស្វែង​រក​អ្នកបាញ់​ប្រហារ​នោះ​ដែលបានរត់​គេចខ្លួន​បាត់។

ក្រុម​រដ្ឋ​ឥស្លាម​បាននិយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា​ «ទាហាន​ម្នាក់នៃ​តំបន់​រដ្ឋ​ឥស្លាម​» បានធ្វើការបាញ់ប្រហារនេះ។​

ការវាយប្រហារ​នេះ​បាន​ចាប់ផ្តើម​កាល​ពីព្រឹកថ្ងៃ​អាទិត្យ​ដោយ​ជន​ប្រដាប់អាវុធ​ម្នាក់​បានបាញ់សម្លាប់​ប៉ូលិស​ម្នាក់និង​ជន​ស៊ីវិល​ម្នាក់​នៅខាង​ក្រៅ​ក្លិប​រាត្រី​ Reina នៅ​មុនពេល​ដែល​ជន​នោះចូលទៅក្នុង​ក្លិបរាត្រី​។​ មានមនុស្សប្រមាណ​៦០០នាក់ក្នុងក្លិប​រាត្រី ហើយ​មនុស្ស​ខ្លះបានលោត​ទៅក្នុង​ច្រកសមុទ្រ​ Bosporus ដើម្បី​រត់គេច​ខ្លួនពី​ការវាយ​ប្រហារនោះ។​

អាជ្ញាធរ​បាននិយាយ​ថាខ្មាន់​កាំភ្លើង​បានបន្លំ​ខ្លួន​ជា​មួយ​ពួកមនុស្សដែល​ចាក​ចេញ​ពី​ក្លិប​រាត្រី​នោះ។ បន្ថែម​ពី​លើពួក​មនុស្ស​ដែល​បាន​ត្រូវ​សម្លាប់ មាន​មនុស្ស​ប្រមាណ៧០​នាក់ទៀត​បានត្រូវ​របួស។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ លោកប្រធានាធិបតី តួកគី Recep Tayyip Erdogan បានហៅ​ការ​បាញ់​ប្រហារ​នេះ​ថា​ជា​ «ការវាយ​ប្រហារ​ដ៏​អាក្រក់» មួយ។

លោក​បាននិយាយថា «ប្រទេស​តួកគី​នឹងរួបរួម​សាមគ្គី​គ្នា​ហើយ​នឹង​មិន​បើក​ឱ្យ​មាន​កល​ល្បិច​កខ្វក់​របស់ពួកភេរវជន​ទេ»។

ពួក​មេដឹកនាំ​ក្នុង​ពិភព​លោក​បាន​ថ្កោលទោស​ការវាយប្រហារនេះហើយ។

អ្នកនាំ​ពាក្យ​ម្នាក់របស់​លោកអគ្គលេខាធិការ​អ.ស.ប. Antonio Guterres បាននិយាយ​ថា​លោកអគ្គលេខាធិការ​ថ្កោលទោស «ការ​វាយប្រហារ​ភេរវកម្មគួរ​ឱ្យ​ស្អប់ខ្ពើមនេះ» ហើយ​លោកសង្ឃឹម​ថា​ពួកជន​ដែល​បានចាត់ចែង​និង​បានធ្វើការ​បាញ់ប្រហារ​នេះ​នឹង​ត្រូវ​នាំ​ខ្លួន​ទៅឱ្យតុលាការ​កាត់ទោស។

នៅ​ក្នុង​សារ​មួយ​ច្បាប់ផ្ញើទៅ​ឱ្យលោក Erdogan លោក​ប្រធានាធិបតី​រុស្សី Vladimir Putin បានសន្យា​ថា​នឹង​ជួយ​ប្រទេស​តួកគី​ ប្រយុទ្ធ​ប្រឆាំង​នឹងភេរវកម្ម​ នេះបើ​តាមសេចក្តីថ្លែង​ការណ៍​មួយ​របស់វិមានក្រឹមឡាំង៕

XS
SM
MD
LG