ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្ទុះ​គ្រាប់បែក​នៅ​តួកគី​ធ្វើ​ឲ្យ​លោក Erdogan ខឹង​សម្បារ​​និង​សន្យា​សងសឹក


ប្រធានាធិបតីតួកគី​លោក Recep Tayyip Erdogan (កណ្តាល) ចូលរួម​នៅ​ក្នុងពិធី​បុណ្យ​មន្រ្តី​យោធា​ម្នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង Diyabakir ប្រទេស​តួកគី។
ប្រធានាធិបតីតួកគី​លោក Recep Tayyip Erdogan (កណ្តាល) ចូលរួម​នៅ​ក្នុងពិធី​បុណ្យ​មន្រ្តី​យោធា​ម្នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង Diyabakir ប្រទេស​តួកគី។

ការផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​តួកគី​ក្នុង​សប្តាហ៍​នេះ​កំពុង​តែ​បង្ក​ឲ្យ​ជម្លោះ​រវាង​រដ្ឋាភិបាល​តួកគី​និង​ក្រុមផ្តាច់ខ្លួនKurd កាន់​តែ​មាន​ភាព​ខ្លាំងក្លា​ជាង​មុន។ វា​ក៏​បាន​ចោទ​សំណួរ​អំពី​ថា​តើនរណា​ដែល​សហរដ្ឋអាមេរិកកំពុង​តែគាំទ្រ​នៅ​ក្នុងជម្លោះ​ក្នុង​ប្រទេស​ស៊ីរី​និង​គោល​បំណង​របស់​សហរដ្ឋអាមេរិក​ផង​ដែរ។

ក្រុមអ្នកវិភាគ​បាន​ព្រមាន​ទៅ​លើ​ការវាយប្រហារ​នានា​ដែល​អាច​បង្ក​ឲ្យ​កងកម្លាំង​តួកគី​ក្នុង​ប្រទេស​ស៊ីរី​កាន់​តែ​ពាក់​ព័ន្ធ​ខ្លាំង​ជាងមុន​នៅ​ក្នុង​ជម្លោះ​នោះ​និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​កាន់​តែ​ដុនដាប​ជាងមុន។ ​

ការវាយប្រហារ​ដ៏​ធំ​បំផុត​ ដែល​ជា​ការបំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តនៅ​រដ្ឋធានី​អង់ការ៉ា​ក្នុង​ប្រទេស​តួកគីកាល​ពី​ថ្ងៃ​ពុធ​នោះ បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Recep Tayyip Erdogan ដែល​បាន​បន្ទោស​ទៅ​លើ​ក្រុម​ផ្តាច់​ខ្លួនKurd និង​អ្នកគាំទ្រ​ពី​ខាងក្រៅ​របស់​ពួកគេ​គឺ​ពួក​ស៊ីរី​មាន​ការ​ខឹងសម្បារ​ និង​សន្យា​ថា​នឹង​សងសឹក​វិញ។ ​

លោក Erdogan បាន​ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មួយ​ថា «ថ្វីដ្បិត​តែ​អ្នក​ដែល​ដឹកនាំ​ក្រុម PYD និង​ក្រុម PKK និយាយ​ថា​ មិន​មាន​ការពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ទាំង​នោះ​ក្តី ផ្អែក​លើ​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ក្រសួង​មហាផ្ទៃ​និង​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ ការវាយប្រហារ​ទាំង​នោះ​គឺ​ជា​ ស្នាដៃ​របស់​ពួកគេ»។

កងកម្លាំង​តួកគី​បាន​ស្ថិត​ក្នុង​សង្រ្គាម​ជាមួយ​នឹង​ក្រុម PKK អស់រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ចាប់​តាំង​ពី​ឆ្នាំ​មុន​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​តួកគី​បាន​ក្លាយ​ទៅ​ជាសមរភូមិ​ ដោយសារ​តែ​លោក Erdogan បាន​ធ្វើ​ការបង្រ្កាប​ទៅ​លើ​ក្រុមផ្តាច់ខ្លួន Kurd បន្ទាប់​ពី​បទ​ឈប់បាញ់​ដ៏​ងាយ​នឹង​ប្រេះឆា​បាន​បរាជ័យ៕

XS
SM
MD
LG